ពោធិ៍សាត់៖ អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់ និង​ក្រុម​ហ៊ុន SPHP (Steung Pursat Hydro Power) បាន​សម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ និង​លេខាធិ​ការ​ដ្ឋាន​​រួម​គ្នា​មួយ ដើម្បី​អនុវត្ត​ការ​ផ្ដល់​សំណង ចំពោះ​ការ​តាំង​ទីលំនៅ​ថ្មី​ ជូន​ប្រជា​ពលរដ្ឋ​ និងការ​​ស្ថាបនា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សា​ធារណៈ​ សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​រង​ផលប៉ះ​ពាល់​ពីគម្រោង​វារីអគ្គិនី​ស្ទឹង​ពោធិ៍​សាត់ ១ ដែល​មាន​ទីតាំង​ក្នុង​ស្រុក​វាល​វែង​។

លោក ឃុត ឧសុភា នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ពោធិ៍​សាត់ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​​ថ្ងៃ​ទី​ ១ ​ខែ​តុលា​​ ថា យោង​តាម​ស្មារ​តី​នៃ​កិច្ច​ប្រជុំ​កាល​ពីថ្ងៃ​​ទី​ ៣០ ​ខែ​កញ្ញា​ ដំណើរ​កា​រ​ចុះ​អនុវត្ត​ ការ​ទូទាត់​សំណង ​​ការ​តាំង​ទីលំនៅ​ថ្មី​ ជូ​ន​ប្រជាពលរដ្ឋ​ និង​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​​សាធា​រណៈនៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី​​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​រង​ផលប៉ះ​ពាល់​ពីគម្រោង​វារីអគ្គិនី​នេះ នឹង​ចាប់​ផ្ដើម​នៅក្នុង​ខែ​វិច្ឆិកា​ ខាង​មុខ​។

តាម​ការ​បង្ហាញ​របស់​លោក KIM MYUNG IL អគ្គ​នាយក​ក្រុម​ហ៊ុន​ SPHP ការ​វិនិយោគ​ទៅ​លើ​គម្រោង​នេះ មាន​ទំហំ ទឹក​ប្រាក់​​ជាង​ ២៣២​ លាន​ដុល្លារ ដោយ​រំពឹង​ថា ​នឹង​ផលិត​ថាមពល​អគ្គិស​នី​បាន​ ៨០​ មេហ្គាវ៉ាត់​បន្ថែម​ទៀត​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​។ ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​ក៏បាន​គិត​គូរ​អំពី​ថវិកាសម្រាប់​ការអនុវត្ត​វិធាន​ការ​ការពារ​ បរិស្ថា​ន​ចំនួន​ ៨ ៦៨៩ ​លាន​ដុល្លារ ​ក្នុង​នោះ​មាន​មូល​និធិ​បរិស្ថាន​និង​សង្គម ៨២៦ ៤៨០ ដុល្លារ សម្រាប់​រយៈ​ពេល​ ៣៥​ ឆ្នាំ នៃ​ប្រតិបត្តិ​ការ​បស់​ខ្លួន​ផង​ដែរ​ ។

លោក​ ឧសុភា​ បញ្ជាក់​ថា៖ ​«នៅ​ពេល​នេះ ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​យើង ​កំពុង​រៀបចំ​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថិតិ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​​នៃ​គម្រោង​វារី​អគ្គិសនី​នេះ និង​សិក្សា​ស្វែង​រក​ទីតាំង​ដី​ដែល​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ការ​ធ្វើ​កសិ​កម្ម​​ដាំដុះ​ជូន​គ្រួសារ​ពលរដ្ឋ​ដែល​ត្រូវ​ផ្លាស់​ទីលំនៅ​ថ្មី ដើម្បី​រស់​នៅ​ប្រកប​ដោយ​ភាព​សុខ​ដុម​នីយ​កម្ម​»។

យោង​តាម​របាយ​ការណ៍​នៃការ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះពា​ល់​បរិស្ថាន​ និង​សង្គម​របស់​ក្រុម​ហ៊ុន SAWAC Consultants for Development ដែល​បាន​ធ្វើ​ឡើង​កាល​ពីឆ្នាំ​ ២០១៨ បា​ន​រក​ឃើញ​ថា ការ​សាង​សង់​របស់​គម្រោង​នេះ នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ផ្ទៃ​ដីព្រៃ​ឈើ​សរុប ជាង​ ៦០០៧​ ហិក​តា ក្នុង​នោះ​ផ្ទៃដី​ព្រៃ​ស្រោង​សរុប​ជាង​ ៨៦៥ ហិក​តា ព្រៃ​ពាក់​កណ្ដាល​ស្រោង​ជាង​ ៨៥០​ ហិក​តា និង​ព្រៃ​របោះ​សរុប​ជាង ​៤ ២៩១ ​ហិកតា​។ ជាមួយ​គ្នា​នេះ ក៏មាន​ផល​ប៉ះពាល់​លើដី​កសិក​ម្មរបស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​ចំនួន​ជាង ​៩៣២​ ហិក​តា ដីបុស្ស​ជាង​ ១ ០៦៨​ ហិកតា និង​ដីលំ​នៅ​ឋាន​ជាង ​៣៨ ហិកតា ​របស់​​ប្រជា​ពលរដ្ឋ ៣៤៧​ គ្រួសារផង​ដែរ ។

លោក សេង សុភា​ណា អភិបាល​ស្រុក​វាល​វែងបាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃ​ទី​ ១​ ខែ​តុលា ​ថា ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ ៣៤៧ គ្រួសារ ដែល​រង​ផល​ប៉ះពា​ល់​ពី​គម្រោង​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍​សាត់​ ១​ នេះ មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​ ១២០​ គ្រួសារ​ប៉ុណ្ណោះ ដែល​អាច​ប្រឈម​ការ​ផ្លាស់​ទីលំនៅ​ថ្មី ដោយ​ដីស្រែ​ចំការ និង​ដីលំនៅ​ឋាន​របស់​ពួក​គេទាំង​អស់​ស្ថិត​ក្នុង​តំបន់​អនុវត្ត​គម្រោង​សាង​សង់​វា​រីអគ្គិ​សនី ។

លោក​ សុភាណា ថ្លែង​ថា​៖ «នៅ​ចំពោះ​មុខ​អាជ្ញាធរ​យើង​កំពុង​ស្វះស្វែង​រក​មើល​ទីតាំង​ថ្មី​សម្រាប់​ផ្ដល់​ជូន​គ្រួសារ​ដែល​រងផល​ប៉ះពាល់​​ទាំង​ស្រុង​នៃ​គម្រោង​នេះ»​។

បើតាម​លោក សុភា​ណា អ្នក​ភូមិ​ដែល​រង​ផ​ល​ប៉ះពាល់​ពី​គម្រោង បាន​ចាប់​អារម្មណ៍​ទីតាំង​ដី​សង្គម​កិច្ចមួយ​កន្លែង​ស្ថិត​ក្នុង​ឃុំ​ប្រម៉ោយ ដែល​ទីនោះ​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ទឹក​ ភ្លើង ហើយ​វាស្ថិត​នៅ​ក្នុង​តំបន់​ទីប្រជុំ​ជន​នៃ​ស្រុកវាល​វែង​ផង​ដែរ​។

យ៉ាង​ណា​ក៏ដោយ ក្រុម​ហ៊ុន SAWAC Consultants for Development បាន​ធ្វើការ​ប៉ាន់​ប្រមាណ​តម្លៃ​នៃ​សំណង​និង​ការ​ទូទាត់​ផ្សេងៗ​ ដល់​ប្រជា​ពលរដ្ឋ​ចំនួន​​៣៤៧​គ្រួសារ​ដែល​រ​ង​ប៉ះពាល់​ពី​គម្រោង​នេះ​សរុប​​មាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៦,៨​ លាន​ដុល្លារ រួមទាំង​ការ​បង្កើត​កន្លែង​តាំង​លំនៅ​ថ្មី​សម្រាប់​ពលរដ្ឋ​ ១២​៨​ គ្រួសារ ផង​ដែរ​ ។

គម្រោង​សាង​សាង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍​សាត់ ១ មាន​អនុភាព​ផលិត​ចរន្ត​អគ្គិ​សនី​បាន​ ៨០​ មេហ្គា​វ៉ាត់ ស្ថិត​ក្នុង​ឃុំ​ប្រម៉ោយ ស្រុក​វាល​វែង។ មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា មាន​វារីអគ្គិស​នីចំនួន​ ៧​ កន្លែង​ហើយ​ រួម​មាន វារី​អគ្គិស​នី​ស្ទឹង​អាតៃ វារី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម វារី​អគ្គិសនី​កំចាយ វារី​អគ្គិសនី​គិរីរម្យ​ ១ វារី​អគ្គិសនី​គិរី​រម្យ​ ៣ វារី​អគ្គិសនី​តាតៃ និង​វារី​អគ្គិ​សនីសេសាន​ក្រោម ​២​ ៕