កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំបានសម្រេចព្យួរការងារមេភូមិដំរីស្លាប់ឈ្មោះ លួង ឡុក រស់នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាបណ្តោះអាសន្នពាក់ព័ន្ធករណីប្រើបណ្ណអ្នកដទៃទៅបើកប្រាក់ពីរាជរដ្ឋាភិបាលឧបត្ថម្ភសម្រាប់តែពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ដោយសារវិបត្តិនៃជំងឺកូវីដ ១៩។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ករណីព្យួរការងារលោក លួង ឡុក នេះពាក់ព័ន្ធការមិនបានផ្តល់លុយតាមរយៈការធ្វើបណ្ណក្រីក្រជូនលោកយាយ ឃុំ ណាវ អាយុ ៦១ ឆ្នាំ ជាពលរដ្ឋក្រីក្រ ហើយមានបណ្ណសមធម៌។
លោក អ៊ុន បុត្ត បន្តថា លោកយាយ ណាវ បានធ្វើចំណាកស្រុកទៅរស់នៅជាមួយកូននៅខេត្តបាត់ដំបង ប៉ុន្តែលោកមេភូមិ ឈ្មោះ លួង ឡុក មានការអាណិតអាសូរ ហើយយល់ថា ថ្ងៃណាមួយគាត់នឹងត្រឡប់មកវិញក៏បានរក្សាឈ្មោះលោកយាយទុកដើម្បីឱ្យមានបណ្ណឡើងវិញ។
បន្ទាប់មក លួង ឡុក បានប្រើបណ្ណនោះទៅបើកប្រាក់ខែចាប់ពីខែមិថុនាឆ្នាំមុនរហូតមកដោយ ១ ខែបាន ១៤ ម៉ឺនរៀលហើយគិតមកទល់ពេលនេះ សរុបមានជាង ១ លានរៀល។
លោក អ៊ុន បុត្ត បានបន្តថាលោកមេភូមិបានទាក់ទងទៅលោកយាយ ណាវ ជាច្រើនលើកដើម្បីឱ្យមកទទួលយកលុយទៅប្រើ ប៉ុន្តែទាក់ទងមិនបាន។ ស្របពេលជាមួយនោះកូនស្រីរបស់គាត់ [មេភូមិ] ដែលក្រីក្រក៏មកពីថៃ ហើយលោក លួង ឡុក ក៏បានយកបណ្ណលោកយាយ ណាវ ឱ្យគាត់ដើម្បីបើកលុយ ១៤ ម៉ឺនរៀល សម្រាប់ ១ ខែដើម្បីទិញអង្ករហូប។
លោក អ៊ុន បុត្ត បញ្ជាក់ថា៖ «លោកយាយ ណាវ គឺមិនមានការប្តឹងផ្ដល់នោះទេ ព្រោះគាត់បានទៅរស់នៅខេត្តបាត់ដំបង ដោយសារកូនគាត់ជាអ្នកមាន (កូនថៅកែដីឡូត៍) ហើយបើតាមលក្ខខណ្ឌគឺគាត់បានចេញផុតពីភាពក្រីក្រហើយ ព្រោះកូនគាត់ជាអ្នកមាន។ ប៉ុន្តែដោយសារតែភាពអាណិតអាសូរ លោកមេភូមិក៏ចេះតែទុកឱ្យ»។
ប៉ុន្តែលោក អ៊ុន បុត្ត បានឱ្យដឹងថា ករណីនេះគឺកូនប្រុសលោកយាយ ណាវ ជាអ្នកប្តឹងមេភូមិចំពោះការយកលុយម្តាយគាត់ ហើយមេភូមិក៏ព្រមបង់សំណងទាំងអស់មកឱ្យវិញដែលមានរយៈពេល ៨ ខែ ប៉ុន្តែភាគីអ្នកប្ដឹងមិនសុខចិត្ត។
លោកស្រី យឹង ហៀប មេឃុំដំរីស្លាប់បានឱ្យដឹងដែរថា លោក លួង ឡុក ពេលដឹងរឿងនេះក៏បានយកបណ្ណ និងលុយគ្រប់ចំនួនមកឱ្យលោកស្រីទុកជូនលោកយាយ ណាវ។ ករណីនេះមានការសម្របសម្រួលជាច្រើនលើក ប៉ុន្តែកូនប្រុសលោកយាយ ណាវ មិនយល់ព្រមក៏សម្រេចប្ដឹងទៅរដ្ឋបាលស្រុកកំពង់ស្វាយ។
លោកស្រីថា៖ «តាមពិតរឿងនេះដោយលោកមេភូមិមានការអាណិតអាសូរ លោក យាយ ឃុំ ណាវ ទេគឺគាត់យកបណ្ណ និងបើកប្រាក់ទុកឱ្យនៅពេលដែលលោកយាយត្រឡប់មកវិញ ប៉ុន្តែកូនប្រុសលោកយាយ ណាវ មិនសប្បាយចិត្ត ព្រោះពាក់ព័ន្ធនឹងគំនុំផ្ទាល់ខ្លួន»។
លោកស្រីបន្តថា កាលពីថ្ងៃទី ១៦ កុម្ភៈ ថ្មីៗនេះលោកអភិបាលស្រុកបានហៅក្រុមប្រឹក្សាភិបាលឃុំដំរីស្លាប់រួមជាមួយនឹងលោកមេភូមិទៅជួបនៅសាលាស្រុកដើម្បីពិភាក្សាហើយក៏សម្រេចដកលោកមេភូមិមួយរយៈសិន ដោយសារគាត់មានកំហុសឆ្គងរឿងនេះ។
លោក ហ៊ាន់ ជាឃឹង ជាកូនប្រុសលោកយាយ ណាវ ដែលជាអ្នកប្ដឹងបានឱ្យដឹងថា លោក លួង ឡុក បានយកលុយសមធម៌ម្តាយរបស់លោកទៅឱ្យកូនស្រីប្រើដែលលុយនេះទទួលបានពីរាជរដ្ឋាភិបាលជូនពលរដ្ឋ ក្រីក្រ និងជួបការលំបាកក្នុងវិបត្តិនៃជំងឺកូវីដ ១៩។
ជាមួយគ្នានេះ លោក ហ៊ាន់ ជាឃឹង បានសម្តែងការពេញចិត្តចំពោះការសម្រេចឱ្យលោកមេភូមិរូបនេះឈប់ពីការងារហើយថវិកាដែលនឹងឱ្យមកម្តាយរបស់លោកគឺលោកមិនទទួលយកទេ គឺអាចបង្វែរចូលថវិកាជាតិវិញបាន។
លោកថា៖ «ថវិកានេះរាជរដ្ឋាភិបាលបានប្រគល់ជូនពលរដ្ឋ ប៉ុន្តែថ្នាក់ភូមិ ថ្នាក់ឃុំ ធ្វើអ៊ីចឹង ធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្តហើយបង្វែរថវិកាហ្នឹងចូលរដ្ឋវិញគឺសប្បាយជាង»៕