ព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង កំពុងស្រាវជ្រាវរកព័ត៌មានបន្ថែម ទាក់ទងនឹងមនុស្សចំនួន ៥ នាក់ ដែលបានលួចចល័តចេញពីភ្នំពេញចូលក្នុងខេត្តនេះ ដោយបានរកឃើញមានវិជ្ជមានកូវីដ ១៩ ដែលពួកគាត់បានធ្វើដំណើរពីរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានឱ្យដឹងថា អ្នកទាំង ៥ នាក់នេះ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា ១០ និងមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោកបានបញ្ជាក់ថា ពួកគេទាំងនេះ ក៏នឹងទទួលទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីព្យាបាលរួច និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃចប់។
លោក ជា សុមេធី បានឱ្យដឹងថា៖ «ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វើដំណើរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត»។
អភិបាលខេត្តរូបនេះ បានលើកឡើងថា អាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូនទាំងយប់ទាំងថ្ងៃ មិនខ្លាចហត់នឿយ ទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ ១៩ ចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
លោកថា៖ «ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ ១៩ ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរ តែវាជាតួនាទី ភារកិច្ច និងកាតព្វកិច្ច»។
ទន្ទឹមនឹងនេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹង នៅថ្ងៃអាទិត្យនេះថា ឥឡូវនេះវីរុសកូវីដ ១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាររកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។
លោកស្រីបានមានប្រសាសន៍ថា៖ «ដូច្នេះ ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តន៍ហ្មត់ចត់នូវវិធានការ ៣ ការពារ និង ៣ កុំ និងចាក់វ៉ាក់សាំង និងនៅផ្ទះជាបណ្តោះអាសន្ននោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឬអាចមានច្រើននាក់នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ ១៩ ដោយងាយស្រួលហើយ»។
លោកស្រី ឱ វណ្ណឌីន បានបន្តថា បើមិនចង់មានជំងឺកូវីដ ១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តន៍វិធានការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញជាបន្តបន្ទាប់នេះ។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «កាលសង្រ្គាម យើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យើងខ្លាចវីរុសកូវីដ ១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ ១៩ ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុក និងរកយើងមិនឃើញទៀតផង»៕