ព្រះវិហារៈ អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​ដាំ​កូនឈើ​គ្រញូង​ និង​បេង​ជាង ៣ ០០០ ​ដើម​នៅលើ​ផ្ទៃដី​ជាង ៣១ ​ហិកតា ​ស្ថិត​នៅ​ចំណុច​អូរទួលសុក្រម ក្នុង​ភូមិ​ឆែបកើត ឃុំ​ឆែបមួយ ស្រុក​ឆែប​ បន្ទាប់ពី​ដកហូត​ពី​ក្រុម​ជនល្មើស​កាលពីពេល​ថ្មីៗ​នេះ​។

លោក សុខ មុនីរិទ្ធ អភិបាលរង​ស្រុក​ឆែប​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា កាលពី​ថ្ងៃ​ទី​ ១៣ ខែ​ កក្កដា ឆ្នាំ ២០២០ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ករណី​ឈូសឆាយ​ដីព្រៃ​អចិន្រៃ្តយ៍​របស់​រដ្ឋ​ក្នុង​ទំហំ ៣១,៨៤ ​ហិកតា ក្នុង​តំបន់​ខាងលើ​ដោយ​ក្រុម​ជន​មិន​ស្គាល់មុខ​ក្នុង​គោលបំណង​ពង្រីក​ផ្ទៃដី​កសិកម្ម និង​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទិ្ធ​ឯកជន​ដោយ​ខុសច្បាប់​។

លោក​បន្តថា ក្រោយពី​រកឃើញ​ករណីនេះ ក្រុម​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ស្រុក​ឆែប​បាន​សម្រេច​ដកហូត​ដី​ដែល​ត្រូវបាន​ឈូសឆាយ​នោះ​ត្រឡប់​មកវិញ​ហើយ​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

លោក មុនីរិទ្ធ បាន​បញ្ជាក់ថា​៖ «​ដើម្បី​ស្ដារ​ព្រៃឈើ​ក្នុង​តំបន់​ដែល​រង​ការឈូសឆាយ​ពង្រីក​ផ្ទៃដី​កសិកម្ម​ដោយ​ខុសច្បាប់​ខាងលើ​នេះ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​តាមរយៈ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​រៀបចំ​ដាំ​កូនឈើ​គ្រញូង និង​កូនឈើ​បេង​ឡើងវិញ​ដែល​ក្នុង​ជំហាន​ដំបូង​នេះ​មាន​ចំនួន​ជាង​ ៣ ០០០ ​ដើម​»​។

បើ​តាម​លោក មុនីរិទ្ធ ពិធី​ដាំ​កូនឈើ​គ្រញូង និង​បេង ទាំងនោះ​ឡើង​វិញ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៤ ខែ​កក្កដា ឆ្នាំ ២០២០ ដោយមាន​ការចូលរួម​ពី​ប្រជាសហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សរុប​ ១៥០ ​នាក់​។

លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ​បាន​ថ្លែងថា ការដាំ ការថែទាំ​កូនឈើ និង​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ លុះត្រា​តែ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ លោក ទ្រីដា បញ្ជាក់​ថា​៖ «​ការដាំ​ដើមឈើ​នៅពេល​នេះ​គឺ​ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ និង​ជួយ​ជា​ស្មារតី​ឲ្យ​មនុស្ស​យល់ដឹង ចេះ​ចូលរួម​ថែរក្សា​ការពារ ប្រើប្រាស់ និង​ដាំដុះ​ព្រៃឈើ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​លើក​ទឹកចិត្ត​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​បាន​សហការ​យ៉ាងល្អ​ជាមួយ​អង្គការ​ដៃគូ​ក្នុង​ខេត្ត​ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ដំណើរ​ការធ្វើ​និយតកម្ម និង​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ​រហូត​ដល់​ការចុះ​កិច្ចព្រមព្រៀង​ព្រៃសហគមន៍ ហើយ​បាន​ខិតខំ​រក​ថវិកា​ក្នុង​ការដាំ​កូនឈើ​បញ្ចូល​ទៅក្នុង​ព្រៃ​ធម្មជាតិ​នាពេលនេះ​។

លោក​ ទ្រីដា បាន​ថ្លែងថា ការចូលរួម​ផ្ដល់​មូលនិធិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​គាំទ្រ​ដល់​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ ដែល​ជា​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ការដាំ​ដើមឈើ​ឡើងវិញ និង​ការថែទាំ និង​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​៕