ព្រះវិហារៈ កាំជណ្តើរ​ឡើង​ភ្នំ​ត្បែងមានជ័យ​ជាង​ ២០០ ​កាំ​ ស្ថិត​ក្នុង​ភូមិ​ក្រាំងដូង ឃុំ​ព្រះឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​ដែល​បាន​រង​ការបាក់​ស្រុត​ខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​រដូវវស្សា​កន្លងមក កំពុង​ត្រូវបាន​អាជ្ញាធរខេត្ត​ផ្តើម​ជួសជុល ដោយ​គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ជាង​ ១៤ ​ម៉ឺន​ដុល្លារ​។

អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​រៀបចំ​ពិធីសែន​ក្រុងពាលី​សុំ​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី ព្រៃភ្នំ ដើម្បី​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៣ មករា ដែលមាន​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី​ មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ លោក​ ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។

លោក​ សំ លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ ដែលជា​អ្នកទទួល​ការសាងសង់​ថ្លែង​ពី​ម្សិលមិញ​ថា កាំជណ្តើរ​ឡើងលើ​ភ្នំ​ត្បែងមានជ័យ​សរុប​មាន​ចំនួន​ ១ ៨០០ ​កាំ ​ក្នុង​នោះ​មាន​ចំនួន​ ២០៣ ​កាំ​ បាន​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​រដូវវស្សា​កន្លងទៅ​។ ការខូចខាត​នេះ​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ និង​ពលរដ្ឋ​ជួប​ការលំបាក​ក្នុង​ការឡើង​លើ​ភ្នំ​ជាខ្លាំង​។

លោក​បន្តថា រដ្ឋបាលខេត្ត​ព្រះវិហារ​តាមរយៈ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​បាន​ចាប់ផ្តើម​សាងសង់​ឡើងវិញ​ដោយ​ធ្វើ​អំពី​ដែក ហើយ​គ្រោង​ចំណាយ​ថវិកា​ជាង​ ១៤ ​ម៉ឺន​ដុល្លារ​។ ក្នុងនោះ​នៅមាន​សម្ភារ​មួយចំនួន​ទៀត​ដែល​ត្រូវ​ប្រើប្រាស់ គឺ​មាន​ការកុម្ម៉ង់​ទិញ​ពី​ប្រទេស​ចិន​។

បើតាម​លោក​ លាងទ្រី ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឡើង​ភ្នំ​របស់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវទេសចរ ឱ្យ​មាន​ភាពងាយស្រួល​ និង​ចៀសវាង​ពី​គ្រោះថ្នាក់​ផ្សេងៗ​នោះ​លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​។ លោក​បាន​ណែនាំ​ឱ្យ​រៀបចំ​ផ្លូវ​វាង​ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​។

លោក​ថ្លែងថា​៖ «​ថវិកា​សម្រាប់​សាងសង់​កាំជណ្តើរ​ឡើង​ភ្នំ​ត្បែងមានជ័យ​នេះ គឺ​យើង​បាន​មកពី​ការដង្ហែ​អង្គ​កឋិនទាន​សាមគ្គី ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ទេសរដ្ឋមន្ត្រី​ មាស សុភា និង​លោក ប្រាក់ សុវណ្ណ​។ ថវិកា​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការកសាង កាំជណ្តើរ​នោះទេ ប៉ុន្តែ​អាជ្ញាធរ​នឹង​បន្ត​កៀរគរ រក​ថវិកា​បន្ថែមទៀត ដើម្បី​សាងសង់​កាំជណ្តើរ​នេះ​ឱ្យ​រួចរាល់​ជា​ស្ថាពរ​»​។

លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​នេះ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ឱ្យទៅ​សួរ​នាយក​រដ្ឋបាលខេត្ត​ជា​អ្នកឆ្លើយ​វិញ​។

លោក​ យ៉ុង គឹមហ៊ឺង នាយក​រដ្ឋបាលខេត្ត​ព្រះវិហារ​ថ្លែង​ពី​ម្សិលមិញ​ថា ភ្នំ​ត្បែងមានជ័យ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នៅលើ​កំពូលភ្នំ​ដែលមាន​ភាព​ទាក់ទាញ ដោយសារ​នៅលើ​កំពូលភ្នំ​ត្បែង​មាន​វត្ត​ថ្ម​ ៣ ​ដុំ វត្ត​ដំបូក​ខ្មៅ​ក្របៅជ្រុំ មាន​ទឹកជ្រោះ​ក៏ដូចជា​តំបន់​ជាច្រើន​ទៀត​ដែល​មាន​ទំនាក់ទំនង និង​បារមី​លោកតា​សួង អ្នក​សច្ចំ​ភ្នំត្បែង​ដ៏ពូកែ​ស័ក្តិ​សិទិ្ធ​របស់​ខ្មែរ​ពី​បុរាណកាល​។

លោក​ថា​៖ «​យើង​បានឃើញ​ពី​ភាពលំបាក​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​នៅលើ​ភ្នំ​នេះ ដូច្នេះ​យើង​ក៏​ប្រញាប់​ជួសជុល​គឺ​ធ្វើយ៉ាងណា​នឹង​ជំរុញ​ឱ្យ​រួចរាល់​មុន​បុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​នេះ​។ ថវិកា​ទាំង​ ១៤ ​ម៉ឺន​ដុល្លារ​នេះ​មិនមែន​ជា​ថវិការដ្ឋ​ទេ គឺ​យើង​កៀរគរ​ពី​សប្បុរសជន​នានា ដើម្បី​សាងសង់​គម្រោង​នេះ​»​។

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ភ្នំ​ត្បែងមានជ័យ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​សំណើ​របស់​ក្រសួងបរិស្ថាន​ដាក់បញ្ចូល​តំបន់​នេះ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៦ ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ធម្មជាតិ​ប្រមាណ​ជាង​ ២៥ ០០០ ​ហិកតា​។ តំបន់​ភ្នំ​ត្បែងមានជ័យ​មាន​កម្ពស់​ជាង​ ៤០០ ​ម៉ែត្រ​ មាន​កាំជណ្តើរ​ ១ ៨០០ កាំ​ ដែល​មាន​សម្រស់​ធម្មជាតិ​ស្អាត​ដាច់​គេ​មាន​ទឹកធ្លាក់​ ៣ ​តង់តាម៉ា ទឹកធ្លាក់​តាំងយូ ឬ​ចាក់អង្រែ រូង​ប្រជៀវ​ភ្នំ​ត្បែង និង​ទីតាំង​សក្ការៈ​ថ្ម​ ៣ ​ដុំ​ផងដែរ​៕