ព្រះវិហារៈ អាជ្ញាធរ​បានរក​ឃើញ​គ្លីនិក​ឯកជន​មិនមាន​ច្បាប់​អនុញ្ញាត​ប្រមាណ​ជាង ២០ កន្លែង​ កំពុង​ដំណើរការ​ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ​ កាលពី​ថ្ងៃទី ១៦ ​ខែ​ កក្កដា ​ហើយក៏​បាន​បិទ​មួយ​ចំនួន​ជា​បន្តបន្ទាប់ ​ក្រោយ​ពី​ចុះ​ពិនិត្យ​រកឃើញ​ភ័ស្តុតាង​ជាក់​ស្តែង​អំពី​ផលិតផល​ឱសថ​ហួស​សុពលភាព ​ដែល​បាន​និង​កំពុង​ដាក់​លក់​ក្នុង​គ្លីនិក​ខុស​ច្បាប់​នោះ។

អភិបាល​ស្រុក​ជាំក្សាន្ត ​លោក ​ជា គឹមសេង បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍ ​ពីម្សិលមិញ​ ថា​ នៅ​ទូទាំង​ស្រុក​ជាំក្សាន្ដ​ទាំង​មូល​មាន​គ្លីនិក​ឯកជន​គ្មានច្បាប់​ជាង ២០​ កន្លែង ​ប៉ុន្ដែ​រហូត​មក​ដល់​ថ្ងៃពុធ​ម្សិល​មិញ ​ក្រោយ​ចុះ​ពិនិត្យ​រក​ឃើញ​ភ័ស្ថុតាង​ជាក់ស្ដែង​អំពី​ផលិត​ផល​ឱសថ​ហួស​សុពល​ភាព ​និង​បើក​គ្លីនិក​គ្មាន​ច្បាប់ ​ទើប​សមត្ថ​កិច្ច​សម្រេច​បិទ​គ្លីនិក​ចំនួន ​៦ ទីតាំង ​ដោយបញ្ឈប់​លែង​ឲ្យ​បន្ត​ការ​លក់​ថ្នាំ​តែម្ដង។

លោក​បាន​ថ្លែង​ថា​៖ «កិច្ច​ការ​ងារ​ចុះបង្ក្រាប​ទីតាំង​គ្លីនិក​ឯកជន​លក់​ឱសថ​ និង​ព្យាបាល​មិន​ស្រប​ច្បាប់​នេះ ​អាជ្ញាធរ​បាន​ចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​គ្លីនិក​ជា​បន្ដ​បន្ទាប់​ឲ្យ​បញ្ឈប់​សកម្មភាព​មុន​នឹង​យើង​សម្រេច​អនុវត្ដ​វិធាន​ការ​ក្ដៅ​ចុះ​បញ្ឈប់​សកម្មភាព​ ព្រោះ​អា​ចបង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ ​ប៉ុន្ដែ​គាត់​មិន​ព្រម​ស្ដាប់​យើង»។

លោក​​ឲ្យ​ដឹង​ថា ​គ្លីនិក​បើក​ព្យាបាល​ និង​លក់​ឱសថ​មិនមាន​ច្បាប់ ​និង​ហួស​សុពល​ភាព​ ដែល​អាជ្ញាធរ​អនុវត្ដ​វិធាន​ការ​ក្ដៅ​បិទ​លែង​ឲ្យ​ដំណើរ​ការ​តែ​ម្ដង​ទាំង​ ៦ ទីតាំង​នោះ​ គឺ​ស្ថិត​នៅ​ ឃុំ​កន្តួត ​និង​ឃុំ​ស្រអែម​ នៃ​ស្រុក​ជាំក្សាន្ត។

លោក​ គឹម​សេង ​បន្ថែម​ថា​ ក្នុងប្រ​តិបត្ដិ​ការ ចុះ​បិទ​គ្លីនិក​ឯកជន​នេះ ​បាន​ដកហូត​ឱសថ​ហួស​សុពល​ភាព​ប្រើប្រាស់ ​បាន​ចំនួន​ ៤៦ មុខ ​ដោយ​យក​មក​រក្សាទុក ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត។ ជាង​នេះទៀត ​សមត្ថ​កិច្ច ​កំពុង​បន្ត​ប្រតិ​បត្ដិ​ការ​ចុះ​ត្រួត​ពិនិត្យ​គ្លីនិក​ប្រមាណ​ជាង ២០ ​កន្លែង​ផ្សេងទៀត ​ដែល​មិនមាន​ច្បាប់​ក្នុង​ស្រុក​ជាំក្សាន្ត​ដើម្បី​អនុវត្ដ​តាម​ច្បាប់។

លោក​បន្ដថា​៖ «ពេល​ចុះ​ត្រួត​ពិនិត្យ​ យើង​ពិនិត្យ​ឃើញ​ថ្នាំ​ភាគច្រើន​ដែល​ពួកគាត់​យក​មក​ប្រើ​ប្រាស់​ ភាគ​ច្រើន​ហួស​សុពល​ភាព​កំណត់​ឲ្យ​ប្រើ​ប្រាស់។ បច្ចុប្បន្ន​យើង​មិន​ទាន់​មាន​វិធាន​ការទៅ​ដល់​ការ​ផាក​ពិន័យ​ដល់​ពួកគាត់​ទេ ​មាន​​តែ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ច​សន្យា​បញ្ចប់​លែង​ឲ្យ​មាន​ការ​បើក​គ្លីនិក​នេះ​បន្ត​ទៀត​។ ប៉ុន្ដែបើ​សិន​ជា​ពួកគាត់​តវ៉ា ​យើង​នឹង​រៀប​ចំ​នីតិវិធី​ដាក់​ទៅ​តុលា​ការ​ ដើម្បី​អនុវត្ដ​តាម​ច្បាប់»។

លោក​ គួង ឡូ ​ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ដ​ព្រះ​វិហារ ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក​ម​ន្ទីរ​សុខា​ភិបាល​ខេត្ដ​ព្រះ​វិហារ​បាន​ចុះបិទ​គ្លី​និក​ដែល​គ្មាន​ច្បាប់​ជា​បន្ត​បន្ទាប់​ ហើយ​ថ្មីៗ​នេះ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ សហការ​ជាមួយ​មន្រ្ដី​សុខាភិបាល បាន​ចុះបិទ​គ្លី​និក​ឯក​ជន​គ្មាន​ច្បាប់ចំនួន ​៦ កន្លែង​ថែម​ទៀត។

លោក​ថ្លែង​ថា​៖ «យើង​នឹង​ចុះ​ត្រួតពិនិត្យ​គ្លីនិក​ឯកជន​ជា​បន្ដ​បន្ទាប់​ទៀត​នៅ​តាម​គ្រប់​ស្រុក​ទាំងអស់ ​ហើយ​ទីតាំង​គ្លីនិក​លក់​ព្យាបាល ​ឬ​លក់​ឱសថ​ដែល​អត់​មាន​ច្បាប់​អនុញ្ញាត​ យើង​នឹង​បិទ​បញ្ឈប់​លែង​ឲ្យ​លក់​បន្ត​ទៀត»។

បើ​តាម​លោក ​គួង ឡូ ​អំឡុង​ពេល​ចុះ​ត្រួត​ពិនិត្យ ​និង​ផ្សព្វ​ផ្សាយ​ដល់​បណ្ដា​គ្លីនិក​តាម​ស្រុក ​អាជ្ញាធរ​ក៏បាន​ប្រាប់ថា​ បើ​សិន​ជា​គ្លីនិក​ដែល​គ្មាន​ច្បាប់ ​មិន​ព្រម​អនុវត្ដ​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច ​អាជ្ញាធរ​នឹង​អនុវត្ដ​វិធាន​ការ​ក្ដៅ ដោយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់។

ទាក់ទង​នឹង​ចំនួន​គ្លីនិក​សរុប​ក្នុង​ខេត្ដ​ព្រះវិហារ ​និង​ចំនួន​គ្លីនិក​ដែល​អាជ្ញាធរ​បាន​បិទ​លែង​ឲ្យ​ដំណើរ​ការបន្ត​នេះ​ លោក ​គួង ឡូ ​មិនទាន់​អាច​ប្រាប់​បាន​ពីចំនួន​ច្បាស់លាស់​នោះ​ទេ។

លោកបាន​ឲ្យ​ដឹងថា​៖ «យើង​មាន​ទិន្នន័យ​នេះ​នៅ​ឯ​មន្ទីរ​យើង។ ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​នៅ​តាម​ផ្លូវ​ក្រែង​ប្រាប់​ទៅ​ខុស​។ ប៉ុន្ដែ​ខ្ញុំ​អាច​ប្រាប់​បានថា ​យើង​បាន​បិទ​គ្លីនិក​អត់​ច្បាប់​បែបនេះ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​រួច​មក​ហើយ ​ដូចជា​ស្រុក​ជាំក្សាន្ដ​ ស្រុក ​សង្គម​ថ្មី ​ក៏ធ្លាប់​បាន​បិទ ​និង​ធ្លាប់​មាន​ខ្លះ​ប្ដឹង​យើង​ឡើង​ដល់​តុលាការ​ថែម​ទៀត​ នៅ​ក្រុង​ព្រះវិហារ ​និង​ស្រុក​ គូលែន ​ក៏យើង​ធ្លាប់​បាន​បិទ​ ដែល​ស្រុក​ទាំងនេះ​មាន​គ្លី​និក​ឯកជន​ច្រើន»។

លោក ​ឡោ ចាន់ ​មន្រ្ដី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​ខេត្ត​ព្រះ​វិហារ​ថ្លែង​ថា​ ការ​ចុះ​បិទ​គ្លី​និក​ឯកជន​ដែល​ព្យា​បាល ​និង​លក់​ឱសថ​គ្មានច្បាប់​នេះ ​គឺជា​ការអនុវត្ដ​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​សមត្ថ​កិច្ច​ ប៉ុន្ដែ​វា​ក៏​បង្ក​ឲ្យ​មាន​គុណ​វិបត្ដិ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ ឃុំ​ផងដែរ។

លោក​បាន​ថ្លែង​ថា​៖ «សមត្ថ​កិច្ច​បញ្ឈប់​គ្លីនិក​បែប​នេះ ​ដោយ​សារ​តែ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ដោយ​ប្រើ​ប្រាស់​ថ្នាំ​ហួស​សុពលភាព​ជាដើម​គឺ​ត្រឹម​ត្រូវ​ហើយ។ ប៉ុន្ដែ​គ្លី​និក​ឯកជន​ទាំងនោះ​ វា​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ប្រជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន​ពេល​មាន​ជំងឺ​ផ្សេង​ៗក្នុង​ការ​សង្គ្រោះ​បឋម​ទម្រាំ​ពួកគាត់​ទៅ​ដល់​មណ្ឌល​សុខភាព»។

នៅពេល​ភ្នំពេញ​ប៉ុស្តិ៍​ព្យាយាម​សួរ​រក​តួលេខ​ពី​គ្លីនិក​ខុសច្បាប់នៅ​ទូទាំងប្រទេសពីម្សិលមិញ ​និង​តួលេខ​ដែល បង្ក្រាប​បាននោះ ​លោក​ ឡូ វាសនាគិរី ​ប្រធាន​នាយក​ដ្ឋាន​ផែនការ ​និង​ព័ត៌មាន​ នៃ​ក្រសួង​សុខាភិបាល​ បដិសេធ​ធ្វើ​ការបក​ស្រាយ​ជុំ​វិញ​ករណី​ត្រួត​ពិនិត្យ​គ្លីនិក​ឯកជន​តាម​បណ្ដា​ខេត្ដ​នេះ ​ដោយ​បញ្ជាក់ថា​មិន​បាន​ទទួល​ការងារ​នេះ​។ ដោយ​ឡែក ​លោក​ស្រី​ យក់​ សម្បត្ដិ ​និង​លោក​ស្រី ​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិ​បាល​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ​ដោយ​ខល​ចូល​មិន​មាន​អ្នក​ទទួល​ពី​ម្សិលមិញ៕