ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បានកំណត់​ឱសានវាទ​ដល់​ពលរដ្ឋ​ ២៩ ​គ្រួសារ​ត្រូវ​រុះរើ​សំណង់​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​នៅ​ថ្ងៃទី​ ២៣ ខែ​មករា​នេះ ដោយហេតុ​សំណង់​ទាំងនោះ​បាន​រំលោភ​ទៅលើ​កន្លែង​សាធារណៈ​របស់​រដ្ឋ ដូចជា ចំណី​អូរ និង​ចំណីផ្លូវ ស្ថិត​នៅ​ផ្លូវ​លេខ​ ១៨៨៨ ក្រុម​ ២៨ ភូមិ​ ៥ សង្កាត់​លេខ ​៤ ក្រុងព្រះសីហនុ​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង ឲ្យ​ដឹងថា​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​គឺ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​។

រដ្ឋបាល​ខេត្ដ​បាន​ថ្លែង​ទៀតថា​៖ «​ក្នុងករណី​បងប្អូន​មិន​រុះ​រើ​ចេញ​តាម​ការណែនាំ​ទេ រដ្ឋបាល​ខេត្ដ​នឹង​ចុះ​​អនុវត្ដ​វិធានការ​រដ្ឋបាល​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​សម្ភារ​ ឬ​ការបាត់បង់​ទ្រព្យសម្បត្ដិ​របស់​បងប្អូន​ឡើយ​»​។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា ដើម្បី​បញ្ចៀស​បាន​នូវ​ការលិចលង់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ព្រោះ​តែ​ជំនន់​ទឹកភ្លៀង​នោះ ប្រជាពលរដ្ឋ​ទាំង​ ២៩ ​គ្រួសារ​ត្រូវ​រុះរើ​សំណង់​នៅ​ថ្ងៃទី​ ២៣ ខែ​ មករា ឆ្នាំ​ ២០២០ ​ជា​កំហិត ក្រោយពី​បាន​ជូនដំណឹង​ជាមុន​ចាប់​តាំងពី​ថ្ងៃទី ១៧ ខែមករា​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ទីតាំង​ដែល​ត្រូវ​រុះរើ​នោះ​គឺ​ទី​ ១ ​ពួកគាត់​រស់នៅ​លើ​ចំណី​អូរ និង​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដែល​វា​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ដក់​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​។ ចំណែក​គម្រោង​នៃ​ការអភិវឌ្ឍ​ផ្លូវ​ទាំង ៣៤ ​ខ្សែ មកដល់​ពេល​នេះ​យើង​ស្ថាបនា​បាន​ ៣០ ​ភាគរយ​ហើយ​»​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​ ៣៤ ខ្សែ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៨ ខែមករា​។ ក្នុងនោះ​មាន​ផ្លូវ​មួយចំនួន​ដែល​កំពុង​អនុវត្ត​សាងសង់​ដោយ​កងវិស្វកម្ម​លេខ​ ១៧៨ ស្ពាន​ថ្នល់​របស់​ក្រសួង​ការពារ​ជាតិ​ផងដែរ​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ឱ្យដឹងថា​ផ្លូវ​ចំនួន ៣៤ ​ខ្សែ​នោះ​មាន​ប្រវែង​សរុប ៨៤.៥០៥ ម៉ែត្រ​ដែល​មកដល់​ពេល​នេះ​សម្រេចបាន​ប្រមាណ​ ៣០ ​ភាគរយ​ នៃ​ចម្ងាយ​ផ្លូវ​សរុប​។ ​បច្ចុប្បន្ន​មាន​ផ្លូវ​មួយចំនួន​បាន​និង​កំពុង​រៀបចំ​ប្រព័ន្ធ​លូ និង​ចាប់ផ្តើម​ចាក់​ក្រាល​បេតុង​ជា​បណ្តើរៗ​ហើយ​៕