ព្រះសីហនុ: អាជ្ញាធរខេត្តព្រះសីហនុកាលពីថ្ងៃទី ១៥ សីហាបានចុះពិនិត្យផ្ទៃដីដែលប្រជាសហគមន៍សុំវៀលចេញពីគម្របព្រៃឈើប្រមាណ ៣០៣ ហិកតា ដើម្បីប្រគល់ឲ្យទៅពលរដ្ឋចំនួន ៦៨ គ្រួសារដែលស្ថិតនៅក្បែរភ្នំត្រងាលក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ប៉ុន្ដែតំណាងប្រជាសហគមន៍នៅមិនទាន់មានសង្ឃឹមថានឹងទទួលបានដីនេះនៅឡើយទេ។
លោក សំ សុផាត តំណាងប្រជាសហគមន៍ចំនួន ៦៨ គ្រួសារបានឲ្យដឹងថា លោក និងពលរដ្ឋផ្សេងទៀតមានការសប្បាយរីករាយដែលបានឃើញអាជ្ញាធរឆ្លើយតបតាមសំណូមពររបស់ពួកគេ ប៉ុន្ដែលោកនៅមិនទាន់មានសង្ឃឹមនៅឡើយ ព្រោះអាជ្ញាធរគ្រាន់តែចុះពិនិត្យស្ថានភាពដីជាក់ស្ដែងប៉ុណ្ណោះ។
លោកបន្តថាពលរដ្ឋបានដាក់សំណើសុំកាត់វៀលដីគម្របព្រៃនេះអស់ពេលជាច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរបានប្រាប់ថា កំពុងរវល់មិនទាន់អាចចុះទៅមើលជាក់ស្ដែងបានទេ។ លុះពេលចប់ការងារបោះឆ្នោតនេះ ទើបអាជ្ញាធរចុះមកពិនិត្យដើម្បីដឹងថា តំបន់នោះអាចវៀលកាត់ដីបានឬអត់?
លោក សុផាត បញ្ជាក់ថា៖ «មន្ត្រីអាជ្ញាធរហ្នឹងគេចុះមកពិនិត្យមើលហើយ ប៉ុន្ដែពេលខ្ញុំសួរពួកគាត់ទៅ ពួកគាត់បានឆ្លើយថា មិនទាន់ដឹងទេ គាត់គ្រាន់តែពិនិត្យមើលហើយសរសេររបាយការណ៍ផ្ញើទៅក្រសួងកសិកម្មមើលសិន។ គាត់ឆ្លើយមកអ៊ីចឹង ខ្ញុំក៏គិតថាប្រហែលមានសង្ឃឹមតិចណាស់អ៊ីចឹង»។
ទោះបីយ៉ាងណាលោកបានស្នើសុំឲ្យអាជ្ញាធរយល់ព្រមវៀលដីតំបន់នោះជូនពលរដ្ឋ ព្រោះពួកគាត់នៅក្នុងតំបន់នោះសុទ្ធតែជាជនក្រីក្រមិនមានដីសម្រាប់ធ្វើកសិកម្ម ហើយក៏មិនមានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការដែរ។
លោក អ៊ី ធារិន ប្រធានចាត់ចែងអន្តរវិស័យខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានចុះទៅពិនិត្យទីតាំងដីធ្លីក្នុងភូមិសាស្ត្រនោះតាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានស្នើឲ្យជួយប្រមូលព័ត៌មាន និងពិនិត្យមើលស្ថានភាពដីជាក់ស្ដែង ហើយត្រូវបញ្ជូនរបាយការណ៍ទៅក្រសួងដើម្បីពិនិត្យសម្រេចថា តើត្រូវវៀល ឬមិនវៀល?
លោកបញ្ជាក់ថា៖ «អត់ទាន់ដឹងលទ្ធផលទេ ព្រោះខាងជំនាញក្រសួងកសិកម្មបានផ្ដល់ផែនទី ហើយគេឲ្យយើងពិនិត្យមើលទីតាំងជាក់ស្ដែង តើមានមនុស្សរស់នៅឬអត់? មានអ្នកភូមិធ្វើស្រែចម្ការឬអត់? ហើយទីតាំងដីហ្នឹងស្ថិតនៅក្នុងព្រៃ ឬទីកន្លែងវាលគ្មានព្រៃ? ពេលយើងឃើញជាក់ស្ដែងពួកខ្ញុំត្រូវសរសេររបាយការណ៍ទៅខាងក្រសួងវិញហើយគេសម្រេចយ៉ាងណាខ្ញុំអត់ទាន់ដឹងទេ»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងថា ទោះបីជាកំពុងបំពេញភារកិច្ចរបស់ខ្លួនក្នុងការងារនេះ ប៉ុន្ដែលោកយល់ឃើញថាវាជាសញ្ញាល្អដែលអាជ្ញាធរបានឆ្លើយតបតាមតម្រូវការ និងការស្នើសុំរបស់ពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងទេ ជុំវិញការពិនិត្យទីតាំងជាក់ស្ដែងនេះ ហើយខ្ញុំអំពាវនាវឲ្យអាជ្ញាធរជំរុញការដោះស្រាយឲ្យពួកគាត់បានឆាប់ ព្រោះការស្នើសុំនេះមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយវាក៏ជាពេលដែលត្រូវដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនេះដែរ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញលិខិតអន្តរាគមន៍លេខ ៥៧០៣ កសកចុះថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០១៨ ទៅឱ្យសាលាខេត្តព្រះសីហនុ បន្ទាប់ពីមានក្រុមពលរដ្ឋក្នុងសហគមន៍អូរត្រជាក់ចិត្ត ដាក់ញត្តិស្នើសុំកាត់វៀលដីកាលពីខែមីនា ឆ្នាំ ២០១៨ កន្លងមកនេះ៕