
កម្លាំងនគរបាលខេត្តព្រះសីហនុចុះល្បាតនៅពេលយប់។ រូបថត នគរបាល
ព្រះសីហនុៈ ខណៈដែលការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបាននិងកំពុងតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាពនៅខេត្តព្រះសីហនុអាជ្ញាធរខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះក៏បានអះអាងផងដែរថា ខ្លួនក៏កំពុងខិតខំប្រឹងប្រែង «ខ្លាំងណាស់» ដែលសូម្បីតែស្លាកយីហោមិនត្រឹមត្រូវរបស់ជនជាតិចិនគឺអាជ្ញាធរបានចុះទៅរុះរើបានជាង ១០០០ ស្លាករួចមកហើយ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ បានចេញសេចក្ដីថ្លែងការណ៍មួយថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកង្វល់ជនរួមជាតិមួយចំនួនដែលបានបង្ហាញអារម្មណ៍របស់ខ្លួនតាមបណ្ដាញព័ត៌មានសង្គមចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្រុងព្រះសីហនុនាពេលថ្មីៗនេះដោយមានការសង្ស័យថា ពាក់ព័ន្ធទៅនឹងជនជាតិចិន។
សេចក្ដីថ្លែងការណ៍នេះសរសេរថា៖ «ទន្ទឹមគ្នានេះសារព័ត៌មានមួយចំនួនក៏បានធ្វើបទអត្ថាធិប្បាយក្នុងគោលដៅ ដើម្បីផលប្រយោជន៍ណាមួយនោះ។ រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាពក៏ដូចជាសណ្ដាប់ធ្នាប់សង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅក្នុងតំបន់នោះ។ ឧទាហរណ៍ជាក់ស្ដែងក៏មានជនបរទេសដែលជាអ្នកទេសចរត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ចូនត្រឡប់ទៅប្រទេសដើមវិញក្រោមការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
លោក យន្ត មីន អភិបាលខេត្ដព្រះសីហនុបានថ្លែងកាលពីម្សិលមិញថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ដបានខិតខំប្រឹងប្រែងចំពោះការថែរក្សា សន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ។
លោកបន្ដថា៖ «ដោយមានការវិនិយោគច្រើនដូច្នេះមានជនជាតិចិនច្រើនដល់អ៊ីចឹងក៏មានចំណុចខ្លះមានបងប្អូនយើងវាយប្រហារ ចំពោះចំណុចដែលគេមិនសប្បាយចិត្ដ ប៉ុន្ដែមិនមានច្រើនទេ»។
ទាក់ទងនឹងការរិះគន់ជាបន្ដបន្ទាប់ចាប់តាំងពីការលើកស្លាកយីហោរបស់ជនជាតិចិនដែលសរសេរអក្សរខ្មែរខុស ឬដាក់ឈ្មោះមិនសមរម្យរួមទាំងការបង្កជម្លោះដោយជនជាតិចិននៅក្នុងខេត្ដព្រះសីហនុនេះលោក យន្ត មីន បានលើកឡើងថា កន្លងមកអាជ្ញាធរបានខិតខំប្រឹងប្រែងខ្លាំងណាស់ ចំពោះការដោះស្រាយបញ្ហានានា។
លោកបន្ដថា៖ «ការងាររបស់រដ្ឋបាលខេត្ដកន្លងមកគឺខិតខំណាស់ គ្រប់រឿងទាំងអស់មិនដែលសម្រាកទេ ទោះបីឈឺក៏មិនហ៊ានឈឺផង។ តែនេះជារឿងធម្មតាទេ ការងារច្រើន រឿងច្រើន ធ្វើមិនដែលបានគ្រប់ទេតែងតែមានចន្លោះប្រហោងដូចជារឿងស្លាកផ្សាយពាណិជ្ជកម្មជាដើមដែលកន្លងមក យើងបានចុះធ្វើការជាច្រើនមកហើយ បើសរុបទៅយើងរុះរើបានជាង ១ ពាន់ស្លាកហើយ»។
យ៉ាងណាក្តីអង្គការសង្គមស៊ីវិលមួយចំនួនដែលកំពុងបំពេញការងារក្នុងខេត្ដព្រះសីហនុបានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃវត្ដមានជនជាតិចិន ហើយតែងតែបង្កឲ្យមានបញ្ហាសង្គមជាច្រើន។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុលោកស្រី ជៀប សុធារី មើលឃើញថាកន្លងមកចំណាត់ការរបស់រាជរដ្ឋាភិបាលបានធ្វើជាបន្ដបន្ទាប់ ប៉ុន្ដែអ្វីដែលលោកស្រីព្រួយបារម្ភនោះគឺប្រសិទ្ធភាពនៃការអនុវត្ដរបស់មន្ដ្រី។
លោកស្រីបន្ដថា៖ «ព្រោះកន្លងមកយើងអត់ដឹងចំពោះលទ្ធផលដែលមន្ដ្រីគណៈកម្មការដែលក្រសួងបានបង្កើតឡើងនោះបានជាលទ្ធផលអ្វីគឺយើងអត់ដឹងទេ ហើយក៏អត់ដែលបានឃើញព័ត៌មានពីថ្នាក់ជាតិ ឬថ្នាក់ខេត្ដបានផ្សព្វផ្សាយពីលទ្ធផលនៃការអនុវត្ដការងាររបស់គណៈកម្មការ ឬក្រុមការងារដែលបានបង្កើតឡើងនោះដែរ»។
លោក យូ វាសនា អនុប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្ដព្រះសីហនុ (CCFC) ក៏បានមើលឃើញដែរថា អាជ្ញាធរពិតជាបានអនុវត្ដការងារជាច្រើននាពេលថ្មីៗនេះទាំងការបង្ក្រាបបទល្មើសគ្រឿងញៀន និងចរាចរណ៍ជាដើម។
លោកបន្ដថា៖ «ការបង្ក្រាបនៅតែបង្ក្រាប ចំណែកករណីបទល្មើសនៅតែកើនឡើង ទាំងគ្រឿងញៀន និងចរាចរណ៍ដែលកើតឡើងជារៀងរាល់ថ្ងៃ»។
លោកបានអះអាងថា៖ «ភាពអនាធិបតេយ្យកើតឡើងច្រើនទោះមានការអន្ដរាគមន៍ពីថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិក៏ដោយ ចំពោះការបង្កគ្រោះថ្នាក់ចរាចរណ៍ និងភាពអនាធិបតេយ្យដូចជាមិនអន់ថយសោះដែលមានកើតឡើងរាល់ថ្ងៃរាល់យប់តែម្ដង។ ដូច្នេះខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរមានការចុះអនុវត្ដការងារនៅពេលយប់ផង»៕