ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​បញ្ជា​ឲ្យ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ចិន​មួយ​ដែល​សង់​រំលោភ​លើ​ឆ្នេរ​អូរត្រេះ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ខណៈ​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើលឃើញ​ថា បច្ចុប្បន្ន​មាន​សំណង់​ជាច្រើន​ត្រូវបាន​គេ​សាងសង់​ដោយ​រំលោភ​លើ​តំបន់ឆ្នេរ​ដែល​ច្បាប់​បាន​ហាមឃាត់​។

រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​បង្ហាញថា មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ហ៊ុមព័ទ្ធ​​របង​នៅលើ​ឆ្នេរ​អូរត្រេះ និង​ចូល​ដល់​ក្នុង​ទឹកសមុទ្រ ហើយ​កំពុង​ធ្វើ​សកម្មភាព​បុកគ្រឹះ​សាងសង់​សំណង់​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ ៦ សង្កាត់​លេខ​ ៤ ​ក្រុង​ព្រះសីហនុ​។

ប៉ុន្តែ​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ដឹងថា មាន​ការដ្ឋាន​សាងសង់​នៅលើ​ឆ្នេរ​អូរត្រេះ​នេះ​ទេ ដោយ​លោក​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​លោក ចេង ស្រុង ប្រធានមន្ទីរ​​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​វិញ​។ ប៉ុន្តែ​លោក ចេង ស្រុង មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល​។

រីឯ​លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ក៏​មិន​បាន​ដឹង​អំពី​ករណី​នេះ​ដែរ ប៉ុន្តែ​លោក​ថា​នឹង​ស៊ើប​មើល​នៅ​ពេល​ក្រោយ​ថា តើ​ការបើក​ការដ្ឋាន​សាងសង់​នោះ​មាន​ច្បាប់​អនុញ្ញាត​ដែរឬទេ​?​។

លោក​ថា​៖ «​ចាំមើល​ខ្ញុំ​ឆែក​ការងារ​ហ្នឹង​សិន ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​កំពុង​នៅ​វត្ត​»​។

ចំណែក​លោក សេង ងីម ចៅសង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​បញ្ជាក់ថា លោក​បាន​ឃើញ​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ដែល​អះអាង​ថា មាន​ក្រុមហ៊ុន​ចិន កំពុង​បើក​ការដ្ឋាន​សាងសង់​សំណង់​លើ​ឆ្នេរ​អូរត្រេះ ប៉ុន្តែ​លោក​មិនបាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅឡើយ​ទេ​។ លោក​បាន​ណែនាំ​ឲ្យ​លោក ជា វឹង មេភូមិ​ ៦ ​ចុះ​ពិនិត្យ​ជំនួស​។ ​«​ខ្ញុំ​អត់​ទាន់​ដឹងថា​យ៉ាងម៉េច ព្រោះ​គាត់​ (​ជា វឹង​) ​មិនទាន់​បាន​ឲ្យ​របាយការណ៍​មកវិញ​»​។

លោក ជា វឹង មេភូមិ​ ៦ ​បាន​បញ្ជាក់ថា កាលពី​ចុង​សប្ដាហ៍​មុន​លោក​រួមទាំង​មន្ត្រី​មកពី​សាលាខេត្ត​មួយ​ចំនួន​បាន​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​សំណង់​នៅលើ​ឆ្នេរ​អូរត្រេះ ហើយ​បើតាម​ការសាកសួរ​ម្ចាស់​ការដ្ឋាន និង​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន​គឺ​ការសាងសង់​នោះ​មាន​ការអនុញ្ញាត​ពី​ថ្នាក់ជាតិ​។

លោក​មេភូមិ​បន្ត​ថា លោក​មិនបាន​ចាំ​ឈ្មោះ​ក្រុមហ៊ុន​ចិន​ដែល​បើក​ការដ្ឋាន​សាងសង់​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ហ៊ុមព័ទ្ធ​របង​ទទឹង​ប្រវែង ៦០ ម៉ែត្រ និង​បណ្ដោយ​មិនទាន់​បានដឹង​ច្បាស់​នៅលើ​តំបន់ឆ្នេរ​អូរត្រេះ ដើម្បី​សាងសង់​បង្កើត​ជា​កំពង់ផែ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​។

លោក វឹង អះអាង​ថា​ទោះយ៉ាងណា​ខាង​សាលាខេត្ត​បានសម្រេច​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះអាសន្ន​សិន ពីព្រោះ​ការបើក​ការដ្ឋាន​នោះ​ពុំទាន់​សុំច្បាប់​អនុញ្ញាត​ពី​ខេត្ត​។ លោក​ថា​៖ «​ដោយសារ​ការបើក​ការដ្ឋាន​ហ្នឹង ខ្វះ​ឯកសារ​អនុញ្ញាត​។ អ៊ីចឹង​! បាន​ខាង​ខេត្ត និង​ក្រុង​ចុះមក​ឃាត់​គាត់​សិន​»​។

កាលពី​ម្សិលមិញ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​អំពី​ករណី​នេះ​ដោយ​ឲ្យ​ទៅ​សួរ​អ្នកនាំពាក្យ​ខេត្ត​ជំនួស​វិញ​។ ប៉ុន្តែ លោក ឃាង ភារម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​មិនអាច​ទាក់ទង​ដើម្បី​សុំ​អធិប្បាយ​បាន​ឡើយ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​។

លោកស្រី ជៀប សុធារី អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា មិនមែន​មាន​តែ​ឆ្នេរ​អូរត្រេះ​ទេ​ដែល​មាន​ការសាងសង់​សំណង់​រំលោភ​យក​ដី​ឆ្នេរ​សាធារណៈ​ធ្វើ​ជា​របស់​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​គឺមាន​គ្រប់​ឆ្នេរ​ទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោកស្រី​បន្ត​ថា​ការវិនិយោគ​គម្រោង​ធំៗ​ខ្នាត​អន្តរជាតិ​ដែល​រំលោភ​តាម​តំបន់ឆ្នេរ​ទាំងនោះ​គឺ​សុទ្ធតែ​សុំ​ការអនុញ្ញាត​ពី​ថ្នាក់ជាតិ ហើយ​គម្រោង​វិនិយោគ​ទាំងនោះ​គឺ​រដ្ឋាភិបាល​ ឬ​អាជ្ញាធរខេត្ត​មិន​ដែល​ប្រកាស​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ជាមុន​នោះទេ​។ ​

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បន្ថែមថា តាមច្បាប់​គឺ​ដី​ចំណី​ឆ្នេរ​ចាប់ពី​ចំណុច​ទឹកជោរ និង​ទឹកនាច​ប្រវែង​ ៥០ ​ម៉ែត្រ​ គឺ​មិនត្រូវ​អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​គ្រប់​ប្រភេទ​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តាម​ឆ្នេរ​ជាច្រើន​បែរ​ជា​មាន​សំណង់​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សាងសង់​ផ្ទុយ​ទៅ​នឹង​ច្បាប់​នោះ​ទៅវិញ​។

លោកស្រី​ថា​៖ «​តាំងពី​ដើម​មក ខ្ញុំ​មិន​ដែល​គាំទ្រ​ការសាងសង់​ (​លើ​ឆ្នេរ​) ​អ៊ីចឹង​ទេ ហើយ​កន្លង​មក​អាជ្ញាធរ​បាន​ឱ្យ​ពលរដ្ឋ​រុះរើ​រោង​ និង​ក្យូ​សហាម​មិនឱ្យ​លក់ដូរ​នៅ​តាម​តំបន់ឆ្នេរ​ដោយសារ​ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន គឺ​យើង​ទាំងអស់​គ្នា​សប្បាយ​ណាស់ ព្រោះ​គិត​ថា​តំបន់ឆ្នេរ​ទាំងអស់​នឹង​អាច​បង្កើត​ជា​សួនច្បារ​សាធារណៈ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។ ប៉ុន្តែ​សប្បាយចិត្ត​មិនទាន់​បាន​ប៉ុន្មាន​ផង គឺ​នៅពេល​ក្រុមហ៊ុន​វិនិយោគ​ចិន​ចូលមក យើង​ឃើញ​រដ្ឋាភិបាល​បាន​ប្រគល់​តំបន់ឆ្នេរ​សាធារណៈ​ឱ្យ​ក្រុមហ៊ុន​ចិន​ទាំងនោះ​សាងសង់​សំណង់​ខ្នាត​អន្តរជាតិ​ច្រើន​កន្លែង​ណាស់​»​។

នៅ​ក្រុង​ព្រះសីហនុ​មាន​ឆ្នេរ​ចំនួន​ ៦ ដូចជា​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា ឆ្នេរ​ហាវ៉ៃ ឆ្នេរ​ជ័យជំនះ និង​ឆ្នេរ​អូរត្រេះ​។ បើតាម​លោកស្រី សុធារី តំបន់ឆ្នេរ​ទាំងនោះ​គឺ​ភាគច្រើន​បំផុត​ត្រូវ​បាន​សាងសង់​ជា​អគារ​ខ្ពស់ៗ និង​លែង​ជា​តំបន់ឆ្នេរ​ធម្មជាតិ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ដូច​មុន​ទៀតហើយ​។

លោក​ សេង ឡូត ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​ជុំវិញ​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​៕