ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុកាលពីម្សិលមិញបានសម្រេចផ្អាកដំណើរការអាជីវកម្មរោងចក្រ ២ កន្លែង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញកម្មករមានវិជ្ជមានជំងឺកូវីដ ១៩។
រោងចក្រទាំង ២ កន្លែងនោះ មានឈ្មោះ ដាប់ប៊ែលយូ អ៊ីជីស៊ី មេនូហ្វេកធើរីង និង ខេមអាយឃែរ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ៣ ខែឧសភាថា ការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីកម្មករបម្រើការងារនៅរោងចក្រទាំង ២ ហើយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បន្ថែមទៀតដល់កម្មករនៅក្នុងរោងចក្រ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រដាប់ប៊ែលយូ អ៊ីជីស៊ី មេនូហ្វេកធើរីង និងរោងចក្រខេមអាយឃែរ រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
លោក គួច ចំរើន បន្តថា ក្នុងអំឡុងពេល ៤ ថ្ងៃនេះ តម្រូវឱ្យនាយករោងចក្រទាំង ២ សហការជាមួយក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ ១៩ ដើម្បីផ្តល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីវិភាគរកមេរោគកូវីដ ១៩ តាមការកំណត់។
លោកអភិបាលខេត្តបានបញ្ជាក់ថា បុគ្គលិកកម្មករនិយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញ-ចូលរោងចក្រ។ ក្រោយពេលបានផ្តល់វត្ថុសំណាករួចពួកគេត្រូវសម្រាកនៅផ្ទះរង់ចាំរហូតដល់កម្មករនៅក្នុងរោងចក្រពាក់ព័ន្ធវិភាគវត្ថុសំណាកបានគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការទើបអាចបន្តការងារជាថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
លោក ចំរើន បានបន្ថែមថា៖ «ក្នុងករណីលោក (នាយករោងចក្រ) មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន»។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុមិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី ៤ ខែឧសភានេះ។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាលគិតត្រឹមព្រឹកថ្ងៃទី ៤ ខែឧសភានេះ ខេត្តព្រះសីហនុមានអ្នកវិជ្ជមានកូវីដ ១៩ សរុបចំនួន ២ ០២៣ នាក់ អ្នកជាសះស្បើយមាន ៨៥១ នាក់ ស្លាប់ ៦ នាក់ និងកំពុងសម្រាកព្យាបាល ១ ១៦៥ នាក់។
នៅថ្ងៃទី ៣ ឧសភានោះដែរ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសថា មានកម្មករព្យួរកិច្ចសន្យាការងារនៃរោងចក្រញូវស្តារ ១ នាក់ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង និងមានវិជ្ជមានកូវីដ ១៩។
អ្នកជំងឺរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន ២០ នាក់ទៀតនៃរោងចក្រញូវស្តារនេះ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា «ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា ៤ និងមាត្រា ១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុបានស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ចាត់វិធានការច្បាប់ចំពោះកម្មកររូបនេះ «ឱ្យបានតឹងរ៉ឹងបំផុត»៕