ព្រះសីហនុៈ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​កំពុង​គិតគូរ​ពី​ការចុះ​រុះរើ​សំណង់​អគារ​កាស៊ីណូ​ក្រុមហ៊ុន​ចិន ជីនទីង ខុសច្បាប់​នៅ​កោះរ៉ុង​សន្លឹម ខណៈ​ដែល​ក្រុមយុវជន​អតីត​អង្គការ​មាតា​ធម្មជាតិ​បាន​ប្រកាស​ពី​គម្រោង​ដើរ​ហែ​ក្បួន​ដើម្បី​ជំរុញ​ឲ្យ​មានការ​រុះរើ​សំណង់​នេះ​ឲ្យ​បាន​ឆាប់​។

កាលពី​ថ្ងៃ​ចន្ទ អតីត​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ១៤ ​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ​ដោយ​ដាក់​ញត្តិ​ទៅកាន់​អភិបាលខេត្ត​លោក គួច ចំរើន ដើម្បី​ទាមទារ​ឱ្យ​ពន្លឿន​ការរុះរើ​អគារ​កាស៊ីណូ​ក្រុមហ៊ុន​ចិន ជីនទីង​ខុស​ច្បាប់​នៅ​កោះរ៉ុង​សន្លឹម​បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​បិទ​អាជីវកម្ម​នេះ​កាលពី​អំឡុង​ខែ​ឧសភា និង​តម្រូវ​ឲ្យ​រុះ​រើចេញ​ក្រោយ​រកឃើញថា បាន​សាងសង់​រំលោភ​លើដី​ឆ្នេរ បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​បាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​។

លោក​ ឃាង ភារម្យ ​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​រដ្ឋបាលខេត្ត​កំពុង​រង់ចាំ​ចំណាត់ការ​ក្រោយ​ការប្រជុំ​សម្រេច​ពី​ថ្នាក់លើ ព្រោះ​សំណង់​អគារ​នេះ​កំពុង​ស្ថិត​ក្នុង​ការអនុវត្ត​របស់​ក្រុមការងារ​ដែល​ចុះ​អនុវត្ត​ក្នុង​ការវាយកម្ទេច​សំណង់​អគារ​។

លោក​បញ្ជាក់ថា​៖ «​អ្វី​ដែល​សំខាន់ ទីតាំង​នេះ​គឺ​ពិតជា​បិទ​ជា​ស្ថាពរ​ហើយ មិនមាន​សកម្មភាព​អ្វី​ទៀត​ទេ ហើយ​ស្ថិត​ក្រោម​ការឃ្លាំមើល​របស់​អាជ្ញាធរខេត្ត​យើង​។ យើង​ត្រូវ​គិតថា មិនមែន​តែ​ក្រុម​យុវជន​របស់​គាត់​ទេ ដែល​ស្រឡាញ់​ប្រទេស​ជាតិ យើង​ជា​មន្ត្រីរាជការ​ហ្នឹង​ក៏​ស្រឡាញ់​ជាតិ​ដូចគ្នា​ដែរ ហើយ​ត្រូវ​យល់​ថា​ការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​មិនមែន​ធ្វើ​តែ​មួយ​រឿង​ទេ គឺ​មាន​រឿង​ច្រើនណាស់​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បើ​ក្នុងករណី​យើង​មិន​ធ្វើ គឺជា​រឿង​មួយ​ថា ខុស​ប៉ុន្តែ​នេះ​យើង​ធ្វើ​រហូត​»​។

សមាជិក​អតីត​ចលនា​មាតា​ធម្មជាតិ​លោក ហ៊ុន វណ្ណៈ ដែល​បាន​ចូលរួម​ដាក់​ញត្តិ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​នៅ​តែ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​ពី​សំណាក់​សំណង់​អគារ​ដែល​បាន​សង់​ក្បែរ​សមុទ្រ​ចម្ងាយ​ប្រមាណ​តែ​ ១០ ម៉ែត្រ​ប៉ុណ្ណោះ​។ ដូចនេះ​លោក​នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ចៀសវាង​មាន​ការប្រើប្រាស់​សំណង់​ទាំងនោះ​ឡើងវិញ​ពី​ជន​មាន​អំណាច​។

លោក ហ៊ុន វណ្ណៈ បញ្ជាក់​ថា​៖ «​រឿង​ហ្នឹង​វា​ជាការ​បរាជ័យ​ក្នុងការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​យើង ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​មិន​ចេះចប់ មិន​ចេះហើយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ យើង​បារម្ភ​ណាស់​បាន​យើង​សម្រេច​ដាក់​លិខិត​ហ្នឹង ព្រោះ​សង្កេត​ឃើញ​ថា​កាស៊ីណូ​ហ្នឹង​មិន​មាន​ជំហរ​បិទ​មែនទែន​ទេ ព្រោះ​កន្លង​មក​ធ្លាប់បាន​បិទ​ម្តង​ហើយ បន្ទាប់មក​បើក​វិញ​...»​។

ក្រៅពី​ជំរុញ​ឲ្យ​ពន្លឿន​ការវាយកម្ទេច​សំណង់​អគារ​នេះ ក្រុមយុវជន​ក៏បាន​ព្រមាន​ដែរ​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ដើរ​ហែ​ក្បួន​ដើម្បី​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​ឆាប់រហ័ស​។

បើ​តាម​ក្រុម​យុវជន​អគារ​កាស៊ីណូ ជីនទីង ដែលមាន​ទីតាំង​ស្ថិត​នៅ​លើ​កោះរ៉ុង​សន្លឹម​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​បាន​ជួល​ទៅ​ឱ្យ​ជនជាតិ​ចិន​ឈ្មោះ Zhou Jianhua ដែល​ជា​ប្រធាន​ក្រុមហ៊ុន 168 Jingding International Entertainment Co., Ltd.​។

លោកស្រី ជៀប សុធារី មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​រំពឹង​ថា​អាជ្ញាធរ​នឹង​ពន្លឿន​ក្នុង​ការរុះរើ​សំណង់​អគារ​ខុស​ច្បាប់​មួយ​នេះ​រួមទាំង​សំណង់​អគារ​ផ្សេងៗ​ទៀត​ដែល​អាជ្ញាធរ​បាន​ប្រកាស​កន្លងមក ស្រប​ពេល​ដែល​ពលរដ្ឋ​ជាច្រើន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​នេះ​។

លោកស្រី​បញ្ជាក់​ថា​៖ «​គេ​ប្រកាស​ឲ្យ​រុះរើ ១៤ ​កន្លែង តែ​ខ្ញុំ​មិនទាន់​ដឹងថា កន្លែង​ណា​ខ្លះ​ទេ​? គ្រាន់តែ​ដឹងថា កន្លែង​យើង​មើល​ឃើញ​នៅ​ចំណុច​តោ​ ២ ​ហ្នឹង​រហូត​មក​ដល់​ពេលនេះ​នៅ​មិនទាន់​មាន​ការរុះ​រើចេញ​ទេ ព្រោះ​សំណង់​ហ្នឹង វា ៩ ​ជាន់ ហើយ​ធំ​ណាស់​។ យើង​មិនដឹង​ថា មធ្យោបាយ​នៃ​ការរុះរើ​របស់គេ​ធ្វើ​បែប​ម៉េច​ដែរ​? យើង​នៅ​តែ​រង់​ចាំមើល​ចំណាត់ការ​របស់​អាជ្ញាធរ ព្រោះ​រឿងនេះ​មិនអាច​លាក់បាំង​បាន​ទេ​»៕