ព្រះសីហនុៈ ​អាជ្ញាធរខេត្ត​ និង​ក្រុងព្រះសីហនុ​កាលពី​ម្សិលមិញ​បានចាប់ផ្ដើម​រុះរើ​តូប​លក់ដូរ​ចាប់ពី​ឆ្នេរ​អារីស្តុន​រហូតដល់​ឆ្នេរ​អូរត្រេះ ប៉ុន្តែ​មាន​អាជីវករ​ខ្លះ​ថា ពួកគេ​មិន​ព្រម​រុះរើ​ទេ ដោយ​បាន​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បង្កើត​ស្តង់ដា​តូប​ថ្មី​លក់ដូរ​នៅ​ទីតាំង​ដដែល​។

ក៏ប៉ុន្តែ​លោក អ៊ី សុខឡេង ​អភិបាលក្រុង​ព្រះសីហនុ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​ម្សិលមិញ​ថា មាន​តូប​ ៩០ ​ភាគរយ ​ត្រូវបាន​ម្ចាស់​ស្ម័គ្រចិត្ត​រុះរើ​ខ្លួនឯង រីឯ​ ១០ ​ភាគរយ​ គឺជា​កម្ទេចកម្ទី​ដែល​នៅ​សេសសល់​។ ​ការចុះ​រុះរើ​នេះ​មាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​ដែលមាន​ទាំង​ប្រជាការពារ​ផង​សរុប​ចំនួន​​ ៣៣២ ​នាក់​ ដោយ​ប្រើ​គ្រឿងចក្រ ៣៥ ​គ្រឿង​ ដើម្បី​ដឹក​សម្ភារ​ជូន​អាជីវករ បន្ទាប់ពី​ជូន​ដំណឹង​កាលពី​ថ្ងៃ​ទី​ ៤ ​ខែ​ធ្នូ​ឆ្នាំ​មុន ។

លោក​បាន​បញ្ជាក់ថា​៖ «​កម្លាំង​ជាង​ ៣០០ ​នេះ​យើង​មិនមែន​មក​ប្រើ​អំពើហិង្សា​ ឬ​មក​ឈូសឆាយ​សំណង់​តូប​អនាធិបតេយ្យ​នេះ​ដោយ​កម្រោល​ទេ គឺ​ដំបូង​ឡើយ​យើង​បាន​ជូនដំណឹង​មកទល់​ពេល​នេះ​ជាង​ ១ ​ខែ​ហើយ ហើយ​ថ្ងៃនេះ​មុន​នឹង​យើង​ចុះមក​រុះរើ​ក៏​បងប្អូន​ស្ម័គ្រចិត្ត​ឲ្យ​យើង​រុះរើ​ដែរ ។ របស់​ណា​ដែល​អាច​ប្រើប្រាស់​បាន​ដូចជា​ឈើ តង់ ឬក៏​សម្ភារ​ផ្សេងៗ​ទៀត ប្រជាការពារ​នឹង​ជញ្ជូន​ដាក់​ឡាន​ដឹក​ដល់ផ្ទះ​គាត់​។ ​រីឯ​សម្ភារ​ដែល​គាត់​លែង​ប្រើប្រាស់ យើង​ឈូស ហើយ​ដឹក​ចេញ​»​។

លោក​បន្តថា​៖ «​ឆ្នេរ​នេះ​ពេល​យើង​រើ​ស្អាត​គឺជា​ឆ្នេរ​របស់​ជាតិ​យើង​តែមួយ​ហើយ​ជា​ឆ្នេរ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា​មិន​ឲ្យ​ទៅ​បុគ្គល​ណា​នោះទេ​គឺថា ធ្វើ​ដើម្បី​ឲ្យ​ឆ្នេរ​នេះ​មាន​សោភណភាព មាន​បរិស្ថាន មាន​អនាម័យ ហើយ​បម្រើ​ឲ្យ​បងប្អូន​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​បានមក​កម្សាន្ត មក​សម្រាក​នៅទីនេះ​»​។

លោក អ៊ី សុខឡេង បាន​បន្តថា វា​ជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​តាម​បណ្ដោយ​ឆ្នេរ​នៅ​ខេត្ត​នេះ​មាន​ផ្លូវ​។ ​ពលរដ្ឋ​នឹង​ភ្ញាក់ផ្អើល​ពេល​មកលេង​ខេត្ត​នេះ​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២០​។ អាជ្ញាធរ​កំពុង​ស្ដារ​អូរ​ចម្ងាយ​ជាង​ ២៥ ​គីឡូម៉ែត្រ​ និង​ផ្លូវ​ ១០ ​ខ្សែ​ថ្មី​បន្ថែមទៀត ខណៈ​ផ្លូវ​សរុប​នៅ​ក្រុង​នេះ​មាន​ចំនួន ៤៤ ​ខ្សែ​។

លោក​ថ្លែងថា​៖ «​ឆ្នេរ​ចាប់ពី​អារីស្តុន​ដល់​ចុង​អូរត្រេះ​យើង​នឹង​រើ​ជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នេរ​យើង​ត្រូវបាន​រំដោះ​ពី​ការរំលោភ​សាងសង់​រោង​អនាធិតេយ្យ​គ្មាន​សណ្ដាប់ធ្នាប់ យើង​សង្ឃឹម​ថា​នឹង​រំដោះ​បាន​ហើយ​ប្រគល់​ឆ្នេរ​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ក្នុង​ការ​មក​កម្សាន្ត មាន​សិទ្ធិ​ស្មើៗ​គ្នា »​។

អ្នកស្រី ជ្រៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា តាម​ព័ត៌មាន​ដែល​អ្នកស្រី​ទទួល​បាន​គឺ​មាន​តូប​ចំនួន​ ១០៥ ​នៅ​ឆ្នេរ​អារីស្តុន ហើយ​នៅ​ឆ្នេរ​អូរត្រេះ​មាន​តូប​ចំនួន​ ៦២​។ ​អាជីវករ​នៅ​ឆ្នេរ​ទាំង​ ២ ​ធ្លាប់​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​អាណត្តិ​មុនៗ​ត្រឹមត្រូវ​​ដើម្បី​បាន​លក់ដូរ​នៅ​ទីនោះ​។

អ្នកស្រី​បន្តថា ពេល​អាជ្ញាធរ​សម្រេចចិត្ត​ដេញ​ដូច្នេះ ពួកគាត់​មិន​សុខចិត្ត​ហើយ​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រៀបចំ​ការលក់ដូរ​ទៅតាម​ស្តង់ដា​របស់​អាជ្ញាធរខេត្ត​ចង់បាន ហើយ​អាជីវករ​នឹង​ធ្វើតាម​ការណែនាំ ដូចជា ការបង់​សេវា​នានា​ជាដើម​។

លោក ទី អៀន អាជីវករ​ម្នាក់​ដែល​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​និង​អាជីវករ​ផ្សេង​នៅ​ឆ្នេរ​នេះ​មិនព្រម​រើ​ទេ ដោយសារ​មិន​ដឹង​រើ​ទៅ​លក់​នៅទីណា ប៉ុន្តែ​បើ​អាជ្ញាធរ​រុះរើ​ក៏​លោក​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​។ ​លោក​បញ្ជាក់ថា ពី​ឆ្នេរ​អារីស្តុន​មក​ឆ្នេរ​អូរត្រះ​មាន​ចម្ងាយ​ប្រមាណ​ ២ ​គីឡូម៉ែត្រ​។

លោក​ថា​៖ «​ពួក​ខ្ញុំ​នៅ​ដំណើរការ​ដដែល​ទោះបី​ជា​ខាង​អាជ្ញាធរ​គាត់​មក​ក៏ដោយ​។ ​ឥឡូវ​គេ​កំពុងតែ​មក​ដើរ​កាយ​ជិត​ដល់​អូរត្រេះ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​រើ​។

ខ្ញុំ​បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​យោងតាម​ការស្នើសុំ​របស់​អាជីវករ ហើយ​បង្វែរ​សំណើ​ទៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដោយ​ស្នើ​ឲ្យ​អនុវត្ត​តាម​នីតិវិធី និង​បទដ្ឋាន​គតិយុត្ត​»​។

លោក ទី អៀន ស្នើ​ឲ្យ​អាជ្ញាធរ​ជួប​ជាមួយ​អាជីវករ ហើយ​​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ គឺ​ការរៀបចំ​បទដ្ឋាន​ថ្មី​សម្រាប់​ឲ្យ​អាជីវករ​ធ្វើតាម ហើយ​អនុញ្ញាត​ឲ្យ​ពួកគាត់​អាច​លក់ដូរ​នៅ​ទីនោះ​បន្តទៀត​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការរុះរើ​តូប​អាជីវករ​បែប​នេះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​នោះទេ ព្រោះ​អាជីវករ​ដែល​កំពុង​ប្រកបមុខរបរ​បែប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ក៏​កំពុង​​ចូលរួម​ដល់​សេដ្ឋកិច្ចជាតិ និង​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ផងដែរ ដោយសារ​ម្ហូបអាហារ​របស់​ពួកគេ​មាន​តម្លៃ​សមរម្យ ។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​យល់ថា​វា​មិនសូវ​ល្អ អាជ្ញាធរ​គួរតែ​គិតគូរ​រឿង​សំរាម រឿង​បរិស្ថាន​ជា​ជាង​ដេញ ឬ​រុះរើ​សំណង់​ពួកគាត់​ចេញ ព្រោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​មាន​ប្រយោជន៍​ដល់​សង្គម ​និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​ច្រើន​ដែរ​» ៕