ព្រះសីហនុៈ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ដាក់​បណ្ដែត​ពោង​សុវត្ថិភាព​ក្នុង​សមុទ្រ​នៅតាម​បណ្ដោយ​ឆ្នេរ​ដើម្បី​កំណត់​ដែន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ទស្សនា និង​ហែល​ ឬ​ជិះ​ម៉ូតូ​ទឹក​កម្សាន្ត​នៅក្នុង​សមុទ្រ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ចន្ទ​ថា ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​មក​ទស្សនា និង​ងូតទឹក​កម្សាន្ត​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ​អាជ្ញាធរខេត្ត​បាន​រៀបចំ​ដាក់​បណ្ដែត​ពោង​សុវត្ថិភាព​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នេះ​ចាប់ពី​ចំណុច​តំបន់ឆ្នេរ អូរឈើទាល​ ១ ​ដល់​តំបន់ឆ្នេរ​អូរត្រេះ​។

លោក​បញ្ជាក់ថា​៖ ​«​នៅពេល​នេះ​ក្រុមការងារ​បច្ចេកទេស​កំពុង​ដំណើរការ​ចង​បណ្ដែត​ពោង​សុវត្ថិភាព​សម្រាប់​កំណត់​ខ្សែបន្ទាត់ ឬ​ដែន​សុវត្ថិភាព សម្រាប់​អ្នក​ហែល​ទឹក និង​អ្នកបើក​ម៉ូតូទឹក​នៅតាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទាល​ ១ ដែល​ដំណើរការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជាង​ ១ សប្ដាហ៍​ហើយ​»​។

លោក​ ភារម្យ​ បន្តថា ក្រៅពី​រៀបចំ​បណ្ដែត​ពោង​សុវត្ថិភាព​នៅតាម​បណ្ដោយ​ឆ្នេរ​ខាងលើ​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏​បាននិង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ទៀត​នៅតាម​បណ្ដោយ​ឆ្នេរ​នេះ​ផងដែរ ដូចជា​រៀបចំ​ផ្លូវ​សម្រាប់​ថ្មើរជើង​ចំណត​បន្ទប់ទឹក សម្រាប់​លាង​សម្អាតខ្លួន​ក្រោយ​ងូតទឹក​សមុទ្រ បង្គន់​អនាម័យ និង​មាន​ការបំពាក់​បង្គោល​អគ្គិសនី បំភ្លឺ​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​ជាដើម​។

ជុំវិញ​ដំណើរ​ការរៀបចំ​កំណត់​ខ្សែបន្ទាត់​ដែន​សុវត្ថិភាព​សម្រាប់​ការលេងកម្សាន្ត​នៅក្នុង​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​នេះ​លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដែល​ទទួលខុសត្រូវ​លើ​ការងារ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ពោង​សុវត្ថិភាព​ចំនួន​ ២០០ ​ព្រមទាំង​ពោង​ទង់​សញ្ញា​សុវត្ថិភាព​សម្រាប់​កំណត់​ដែន​សុវត្ថិភាព​ម៉ូតូ​ទឹក​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ដាក់ពង្រាយ​ឲ្យ​រួចរាល់​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទាល​ ១ នៅ​ល្ងាច​ថ្ងៃទី​ ១០ ខែ​កុម្ភៈ ២០២០ ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់ ៤៣ ០០០ ​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​តាម​គម្រោង​គឺ​យើង​នឹងត្រូវ​រៀបចំ​ដាក់​បណ្ដែត​ពោង​សុវត្ថិភាព និង​ពោង​ទង់​សញ្ញា​កំណត់​ដែន​សុវត្ថិភាព​សម្រាប់​អ្នក​ហែល​ទឹក និង​អ្នកបើក​ម៉ូតូ​ទឹក​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទាល​ ១ និង​ឆ្នេរ​អូរឈើទាល ២ ឬ (​ឆ្នេរ​អារីស្តុន​) ឲ្យ​បាន​ហើយ​រួចរាល់​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ (​ឆ្នាំ​ ២០២០) ខាងមុខនេះ​»​។

លោក​បន្ថែម​ថា​៖ «​យើង​ក៏មាន​បំណង​ចង់​រៀបចំ​ឲ្យ​រួចរាល់ នៅក្នុង​តំបន់ឆ្នេរ​អូរត្រេះ​នៅក្នុង​ចុង​ឆ្នាំ​ ២០២០ ​នេះ​ផងដែរ ប្រសិន​បើ​មាន​ការចូលរួម​គាំទ្រ​ជា​ថវិកា​ពី​អង្គការ​អភិវឌ្ឍន៍​ជា​ដៃគូ ឬ​ពី​វិស័យ​ឯកជន​ព្រោះ​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​តំបន់ឆ្នេរ​របស់​យើង​មានកំណត់​»​។

លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ពោង​សុវត្ថិភាព​សម្រាប់​កំណត់​ខ្សែបន្ទាត់​ដែន​សុវត្ថិភាព​អ្នកហែល​ទឹក​កម្សាន្ត​សប្បាយ​ត្រូវ​បាន​ដាក់ពង្រាយ​នៅក្នុង​រយៈចម្ងាយ​ប្រមាណ​ ៥០ ​ម៉ែត្រ​ ពី​មាត់​ឆ្នេរ​មក​ក្នុង​សមុទ្រ​នៅពេល​ទឹកនាច និង​ពោង​ទង់​សញ្ញា​ពណ៌​ក្រហម​សម្រាប់​កំណត់​ដែន​សុវត្ថិភាព អ្នកបើក​ម៉ូតូ​ទឹក​លេង​កម្សាន្ត​ត្រូវ​បាន​ដាក់ពង្រាយ​ក្នុង​រយៈ​ចម្ងាយ​ ១៥០ ​ម៉ែត្រ​ពី​មាត់​ឆ្នេរ មក​ក្នុង​សមុទ្រ​នៅពេល​ទឹកនាច​។

លោក​បន្តថា ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ គណៈកម្មការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​បាន​រៀបចំ​ចំណត ស្តង់​លក់ដូរ​ចំណីអាហារ​ដែល​មាន​ស្ដង់ដា​សុវត្ថិភាព និង​មានការ​កំណត់​តារាង​តម្លៃ មុខម្ហូប​អាហារ​នីមួយៗ​ច្បាស់លាស់ និង​សមរម្យ​។ ក្រៅពី​នេះ​គណៈកម្មការ​ក៏មាន​ឆ្មាំ​សមុទ្រ​ចំនួន​ ១៥ ​នាក់​ រង់ចាំ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ដល់​អ្នក​ងូតទឹក​កម្សាន្ត​ដែលមាន​បញ្ហា​លង់ទឹក​ផងដែរ​៕

វីដេអូ៖