មណ្ឌលគិរីៈ លោក ​ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា អាជ្ញាធរ​ថ្នាក់​ខេត្ត​កំពុង​ធ្វើការ​កំណត់​ព្រំដី​ព្រលានយន្តហោះ​ថ្មី ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ ៦០០ ​ហិកតា ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុង​សែនមនោរម្យ​ជាង ២០ ​គីឡូម៉ែត្រ ខណៈ​ព្រលានយន្តហោះ​ចាស់​គ្រោង​នឹង​អភិវឌ្ឍ​ធ្វើ​ជា​សួន​សាធារណៈ​។

ការលើក​ឡើង​យ៉ាង​ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​អ្នកកាសែត​កាលពី​ម្សិលមិញ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ដ​មណ្ឌលគិរី​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក ស្វាយ សំអ៊ាង បាន​លើកឡើង​ថា កន្លង​ទៅ​ខេត្ត​ធ្លាប់មាន​ព្រលាន​យន្តហោះ​ចាស់​រួច​មក​ហើយ តាំងពី​សម័យ​រំដោះ​ឆ្នាំ​ ១៩៧៩​។ ប៉ុន្តែ​ដោយសារ​តែ​ប្រភេទ​ព្រលានយន្តហោះ​នៅក្នុង​ដំណាក់កាល​នោះ វា​លែង​ស័ក្តិសម​នឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន ព្រោះ​តែ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ច្រើន ហើយ​ផ្ទៃដី​ក៏​តូច​។

លោក​បន្តថា ព្រលាន​យន្តហោះ​ចាស់​គឺ​នៅសល់​ដី​ប្រមាណ ១៩ ហិកតា​ប៉ុណ្ណោះ ខណៈ​ដែល​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​បាន​ត្រៀម​ដី​ដល់ ៦០០ ​ហិកតា​។ លោក​ថា ចំពោះ​ព្រលាន​យន្តហោះ​ចាស់​គឺ​ទុក​សម្រាប់​អភិវឌ្ឍ​ធ្វើ​សួនច្បារ​សាធារណៈ​ជា​ជំហានៗ​ទៅ​តាម​លទ្ធភាព​កញ្ចប់​ថវិកា​របស់​ខេត្ត បន្ទាប់ពី​បាន​សិក្សា​ដោយ​ក្រសួង​រៀបចំ​ដែនដី​ដែល​ត្រូវ​រក្សា​ទីតាំង​នេះ សម្រាប់​ធ្វើការ​អភិរក្ស​ព្រៃឈើ​។

លោក​បញ្ជាក់ថា​៖ «​វា​ (​ព្រលាន​ចាស់​) មិនអាច​ចត​យន្តហោះ​បាន​ទេ គួបផ្សំ​ទៅនឹង​កត្តា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ យើង​ក៏បាន​បញ្ឈប់​ការហោះហើរ ទៅតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី គឺ​យើង​ទុក​ទីតាំង​ព្រលាន​នេះ ធ្វើជា​សួនច្បារ​ហើយ​រក​ទីតាំង​ថ្មី​។ ទីតាំង​ថ្មី​នេះ គឺ​ឃ្លាត​ពី​ក្រុង​សែនមនោរម្យ ទៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​ប្រមាណ ២២ ​គីឡូម៉ែត្រ ដែល​វា​ជា​ការងារ​មួយ​ក្នុង​ការពង្រីក​ព្រលាន​យន្តហោះ​ខ្នាត​ធំ​នៅក្នុង​ស្រុក និង​ខ្នាត​អន្តរជាតិ ដោយ​អាស្រ័យ​ទៅលើ​ការសិក្សា​របស់​អ្នក​បច្ចេកទេស និង​ក្រសួង​ពាក់ព័ន្ធ​»​។

លោក ជុក ជំនោរ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​កំពុង​បន្ត​ការសិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​នេះ ដោយ​ភ្ជាប់​ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​ផែនការមេ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ភាគ​ឦសាន​។

លោក​បន្តថា នៅពេល​គម្រោង​ទាំងនេះ​ដំណើរការ​ក្នុងពេល​ខាងមុខ​នឹង​ធ្វើឲ្យ​ខេត្ត​ទាំងមូល មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ទេសចរណ៍​ស្រប​ពេល​ដែល​ខេត្ត​នេះ​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​បែប​អេកូទេសចរណ៍​។

លោក​បញ្ជាក់​ថា​៖ «​ការរៀបចំ​នេះ គឺ​មិន​ត្រឹមតែ​គិតគូរ​ដល់​វិស័យ​ទេសចរណ៍​ទេ សូម្បី​វិស័យ​ផ្សេងៗ​ទៀត​ក៏​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​នេះ​។ នៅពេល​មាន​ព្រលានយន្តហោះ​ក្នុង​ពេល​ខាងមុខនេះ​គឺ​នឹង​ទាក់ទាញ​ការហោះហើរ​ត្រង់​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន​នៅក្នុង​ប្រទេស​អាស៊ាន​ផងដែរ​»​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​សាទរ ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ខេត្ត​ដែល​មាន​ផែនការ​ការពារ​ដី​របស់​រដ្ឋ ដើម្បី​អភិវឌ្ឍ​ព្រលានយន្តហោះ​ថ្មី​។ ប៉ុន្តែ​លោក​មើលឃើញ​ថា បន្ទាប់ពី​មានការ​ប្រកាស​ពី​គម្រោង​ព្រលានយន្តហោះ​ថ្មី តំបន់​ទាំងនោះ​ក៏​ត្រូវបាន​អ្នកមាន​អំណាច និង​អ្នកមាន​លុយ ដណ្តើម​កាន់កាប់​ដែល​បង្ក​ជា​ជម្លោះ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនដឹង​ថា កំហុស​ខាង​ណា​ទេ រាល់ថ្ងៃ​នេះ ឃើញ​ថា គ្រាន់តែ​ដឹងថា កន្លែង​ណា​គេ​ធ្វើ​ព្រលាន​យន្តហោះ គេ​ទៅ​ចាប់ដី​សិន​ហើយ​បាន​គេ​ដោះស្រាយ ហើយ​បញ្ហា​នេះ​កើត​ចេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏មាន អ្នកមាន​អំណាច​ក៏មាន​ដើម្បី​ឲ្យ​មាន​ជា​សំណង់​ហូរហែ ហើយ​នេះ​ជា​ចំណុច​អាក្រក់​មួយ ដែល​ធ្វើឲ្យ​មានការ​រាំងស្ទះ​គម្រោង​នៃ​ការអភិវឌ្ឍ​»​។

បន្ថែម​ពីនេះ​លោក គ្រើង តុលា ក៏​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​រក្សា​ព្រលានយន្តហោះ​ចាស់​ឲ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ ចៀសវាង​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​ប្រយោជន៍​ឯកជន​ ខណៈ​លោក​សង្កេតឃើញថា​ដី​មួយចំនួន​នៅ​ទីតាំង​ព្រលានយន្តហោះ​ចាស់​ត្រូវ​បាន​វិស័យ​ឯកជន​គ្រប់គ្រង​។

ប៉ុន្តែ​លោក ស្វាយ សំអ៊ាង បាន​បញ្ជាក់ថា ដើម្បី​ការពារ​ដីធ្លី​​ពី​ការរំលោភបំពាន អាជ្ញាធរខេត្ត​រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​កាយ​ព្រំដី និង​រៀបចំ​កំណត់ ព្រំដី​ដោយ​ដោះស្រាយ​បញ្ហា​នានា​លើដី​នេះ រួចរាល់​អស់ហើយ ដោយ​រង់ចាំតែ​ដៃគូ​វិនិយោគ ឬ​ក៏​មាន​ទុន​សម្រាប់​អភិវឌ្ឍ​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​គ្រាន់តែ​បាន​ត្រៀម​រៀបចំ​ការពារ​ដី​ទាំង​ ៦០០ ហិកតា​នោះ ឲ្យ​បាន​នៅ​ទីនោះ នៅពេល​ដែល​រដ្ឋាភិបាល​មាន​ថវិកា​វិនិយោគ​គឺ​យើង​មាន​ដី ដើម្បី​ចៀសវាង​ពេល​អត់​ដី​ពិបាក​ក្នុង​ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​នេះ​។ មកដល់​ពេល​នេះ​ការគិតគូរ​របស់​អាកាសចរណ៍​ស៊ីវិល គឺ​បាន​កាយ​ព្រំដី និង​រៀបចំ​កំណត់​ដោះស្រាយ​បញ្ហា​ (​លើដី​) ​នេះ​អស់ហើយ​»៕