The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ​កំពុង​រៀបចំ​ចុះ​បញ្ជី​ដី​ចម្ការ​ស្រល់​ជា​ដី​របស់​រដ្ឋ​




អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ​កំពុង​រៀបចំ​ចុះ​បញ្ជី​ដី​ចម្ការ​ស្រល់​ជា​ដី​របស់​រដ្ឋ​

Content image - Phnom Penh Post
អាជ្ញាធរ​ពាក់​ព័ន្ធ​ខេត្ត​មណ្ឌល​គិរី​ចុះ​ពិនិត្យ​ដី​ចំការ​ស្រល់​ដែល​នឹង​ត្រូវ​ចុះ​បញ្ជី​ជា​ដី​រដ្ឋ​។ រូបថត មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌល​គិរី​

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ​កំពុង​រៀបចំ​ចុះ​បញ្ជី​ដី​ចម្ការ​ស្រល់​ជា​ដី​របស់​រដ្ឋ​

មណ្ឌលគិរី៖ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​វាស់​វែង តំបន់​​ដែល​អតីត​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ធ្លាប់​យាង​ទៅ​ធ្វើ​ជា​ព្រះរាជ​អធិបតី​ក្នុង​​​ព្រះរាជ​ពិធី រុក្ខទិវា ដាំដើម​ស្រល់ លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ ​៤០ ​ហិកតា​ ស្ថិត​ក្នុង​ក្រុង​សែនមនោរម្យ ​ដើម្បី​ចុះ​បញ្ជី​ជាដី​របស់​រដ្ឋ​។​

កាល​ពី​ថ្ងៃ​ទី ​២៩ ​ខែ​មិថុនា លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​រួម​ទាំង​មន្រ្តី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ចម្ការ​ស្រល់​នេះ ដោយ​លោក សំអ៊ាង បញ្ជាក់​ថា ខាង​មន្ទីរ​ដែន​ដី​ខេត្ត កំពុង​ចុះ​វាស់វែង​កំណត់​ទីតាំង និង​ស្រង់​ចំនួន​ពលរដ្ឋ ដែល​កំពុង​រស់​នៅ​លើ​ដី​នេះ។ លោក​បញ្ជាក់​ថា ការ​ជំរុញ​ដំណើរ​ការ​ចុះ​បញ្ជី​ដី​ចម្ការ​ស្រល់​របស់​អតីត​ព្រះមហាក្សត្រ​នេះ ឲ្យ​ទៅ​ជា​ដី​របស់​រដ្ឋ គឺ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ចូល​ទៅ​នៅ​លើ​ដី​នេះ ហើយ​អាជ្ញាធរ​កំពុង​ស្រង់​ចំនួន​ប្រជាពលរដ្ឋ ​ដោយ​ពលរដ្ឋ​ដែល​កាន់​កាប់​ខុស​ច្បាប់ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​កាន់​កាប់​ទៀត​ឡើយ។

លោក​ថា​៖ «នៅ​ពេល​យើង​រក្សា​ដី​នេះ​ឱ្យ​បាន​គង់​វង្ស គឺ​នៅ​ថ្ងៃ​ក្រោយ​ទៅ គឺ​យើង​ដាំ​ដើម​ស្រល់​ឡើង​វិញ​ទាំង​អស់ ហើយ​វា​គឺ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​នៅ​ទីនេះ ដោយសារ​ទីតាំង​ហ្នឹង​មាន​អាកាសធាតុ​ល្អ។ អ៊ីចឹង​សំខាន់ គឺ​ត្រូវ​ការពារ​កន្លែង​ហ្នឹង​ឱ្យ​បាន បើ​មិន​អ៊ីចឹង​ទេ វា​អាច​ធ្វើ​ឱ្យ​បាត់បង់​កន្លែង​ហ្នឹង​សម្រាប់​សាធារណៈ​»​។

ភ្នំពេញ​ប៉ុស្ដិ៍​ មិន​អាច​សុំការ​បញ្ជាក់​បន្ថែម​ ពី​លោក​ ម៉ៅ ចំរើន​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​មណ្ឌលគិរី​បាន​ទេ​កាល​ពីថ្ងៃ​ទី ​៣០​ ខែ​មិថុនា​ ដោយ​​លោក​ថ្លែង​​ថា ​កំពុង​ជាប់​ប្រជុំ ខណៈ​លោក ហៀក សុផាន នាយក​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​ជំរុញ​ឱ្យ​ទៅ​សួរ​ខាង​មន្ទីរ​កសិកម្ម ដែល​ជា​ស្ថាប័ន​ជំនាញ​គ្រប់គ្រង​ដី​ចម្ការ​ស្រល់​នោះ​។

ប៉ុន្តែ​លោក សុង ឃាង ប្រធាន​​មន្ទីរ​កសិកម្ម ពុំ​បាន​ផ្ដល់​ព័ត៌មាន​ជាក់​លាក់ អំពី​ទំហំ​នៃ​ផ្ទៃ​ដី​ចម្ការ​ស្រល់​នោះ​ឡើយ ខណៈ​លោក អ៊ុំ វណ្ណ​សុភៈ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​​ខេត្ត​បាន​បញ្ជាក់​ថា ដីចម្ការ​ស្រល់​នេះ គឺមាន​ទំហំ​ប្រហែល ៤០ ​ហិកតា ស្ថិត​ក្នុង​សង្កាត់​សែន​​មនោរម្យ ក្រុង​សែន​មនោរម្យ​ ហើយ​លោក​ថា ដំណើរការ​ចុះ​បញ្ជី​ជា​ដី​រដ្ឋ​នេះ នឹង​អាច​បញ្ចប់​ឆាប់ៗ​ក្នុង​ឆ្នាំ ២០២០។ ដំណើរការ​​ចុះ​វាស់​​វែង​នៅ​តំបន់​ចម្ការ​ស្រល់​ គឺ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ​២០១៩។

លោក​បញ្ជាក់​ថា៖ «​បច្ចុប្បន្ន​​នេះ យើង​កំពុង​វាស់​វែង ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ថា​តើ​ដើម​ស្រល់​ហ្នឹង​នៅ​សល់​ប៉ុន្មាន និង​មាន​ពលរដ្ឋ​ចំនួន​ប៉ុន្មាន​​»។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃ​ឈើ នៅ​ខេត្ត​មណ្ឌលគិរី​បាន​លើក​ឡើង​ថា ដី​ចម្ការ​ស្រល់​​នេះ​ គឺ​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​​បោះ​បង្គោល​ ​ដើម្បី​ទន្ទ្រាន​គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​ឯកជន​ជាច្រើន​កន្លែង​ ហើយ​សុទ្ធ​តែ​មាន​លិខិត​កាន់​កាប់​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​​អាជ្ញាធរ​ភូមិ​ ឃុំ ​រហូត​ដល់​ស្រុក។​

លោក​ថា​៖ «យើង​ឃើញ​មាន​ឯកសារ​ពាក់ព័ន្ធ​ដី​ហ្នឹង ត្រូវ​បាន​គេ​ស៊ីញ៉េ​ដល់​ស្រុក​រហូត។ ខ្ញុំ​គិត​ថា​ការ​ដក​ហូត​យក​ដី​ចម្ការ​ស្រល់​ហ្នឹង​មក​វិញ​ ប្រហែល​ពិបាក​ដក ដោយសារ​មាន​ផ្ទះ​ឧកញ៉ា​នៅ​ក្បែរៗ​ហ្នឹង​»៕

អត្ថបទគួរចាប់អារម្មណ៍