មណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី លោក សា្វយ សំអ៊ាង ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​រួមសហការ​គ្នា​ឱ្យ​បាន​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការគ្រប់គ្រង​ដី​រដ្ឋ​ពី​ការរំលោភបំពាន​របស់​ពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​មូលដ្ឋាន​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​រដ្ឋបាលខេត្ត​។

បើតាម​លោក​ ជៀក ម៉េងហ៊ាង អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី ការជំរុញ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៦ មេសា បន្ទាប់ពី​លោក​ ស្វាយ សំអ៊ាង ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​កងឯកភាព​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការទន្ទ្រាន​កាន់​ដី​ដោយ​ខុសច្បាប់​ក្នុង​ស្រុក​អូររាំង ដែល​ជា​តំបន់​អភិវឌ្ឍន៍​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៃ​ខេត្ត​នេះ​។

លោក​ ជៀក ម៉េងហ៊ាង ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ពុធ​ថា ថ្មីៗ​នេះ​រដ្ឋបាលខេត្ត​បាន​ពិនិត្យ​ឃើញ​ករណី​ពលរដ្ឋ​ចំណាកស្រុក​មួយចំនួន​បាន​ចលនា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សែនមនោរម្យ​នៃ​ស្រុក​អូររាំង​ឱ្យ​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ក្នុង​ព្រៃ​បម្រុងទុក​របស់​រដ្ឋ​នៃ​តំបន់​អភិវឌ្ឍន៍​គម្រោង​សាងសង់​ព្រលានយន្តហោះ​មណ្ឌលគិរី និង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន និង ក្រុមមន្ត្រី​ឧទ្យានុរក្ស ចុះបង្ក្រាប និង​ដកហូត​ដី​ទាំង​នោះមក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ករណីនេះ​កើតឡើង ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ​ដល់​គ្រប់​មន្ទីរ​ និង​អង្គភាព​ពាក់ព័ន្ធ​រួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បោះបង្គោល​ និង​កាយ​ជា​ចង្អូរ​កំណត់ ព្រំប្រទល់​ទីតាំង​ដី​តំបន់​អភិវឌ្ឍន៍​គម្រោង ព្រលានយន្តហោះ​ និង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​»​។

បើតាម​លោក​ ម៉េងហ៊ាង ទីតាំង​ដែល​អ្នកភូមិ​លួច​ចូល​ទន្ទ្រាន​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង​ចុះបង្ក្រាប និង​ដកហូត​មក​វិញ​កាលពី​ថ្ងៃទី​ ៤ មេសា នោះ​គឺ​ស្ថិតក្នុង​ទីតាំង​ដី​បម្រុង​ទុក​របស់​រដ្ឋ សម្រាប់​អភិវឌ្ឍ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខេត្ត​មណ្ឌលគិរី​។ តំបន់​អភិវឌ្ឍន៍​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខេត្ត​មណ្ឌលគិរី​មាន​ផ្ទៃដី​សរុប​ ៦០០ ​ហិកតា​ ស្ថិត​ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​។

ទោះយ៉ាងណា​នៅ​មាន​ទីតាំង​ដី​ជាច្រើន​កន្លែង​ទៀត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ ត្រូវ​បាន​រកឃើញ​មាន​ការចូល​កាប់​ទន្ទ្រាន​ដើម្បី​ពង្រីក​ដី​កសិកម្ម ដោយ​ខុសច្បាប់​។ នេះ​បើតាម​ការអះអាង​របស់​លោក អ៊ុង សេរីវុទ្ធី មេភូមិ​អូររាំង កាលពី​ម្សិលមិញ​។

លោក​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ថ្មីៗ​នេះ​មាន​អ្នកភូមិ​មួយចំនួន​បានរួម​គំនិត​ជាមួយ​មនុស្ស​ចំណូល​ថ្មី​ចូល​ទៅ​កាប់ទន្ទ្រាន​ដីព្រៃ​សហគមន៍​ និង​ព្រៃ​ក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​កែវសីមា​។ សកម្មភាព​នេះ​បាន​កើតឡើង​ចាប់តាំងពី​ដើមខែ​មីនា ឆ្នាំ​ ២០២១ ​ក្នុង​អំឡុងពេល​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ជាប់រវល់​ខ្លាំង​ក្នុង​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​ សេរីវុទ្ធី ថ្លែងថា​៖ «​អ្នក​ចំណូល​ថ្មី​គេ​ចូលមក​ទិញ​ដី​អ្នកភូមិ ហើយ​អ្នកភូមិ​យើង​មួយចំនួន​បាន​នាំគ្នា​លក់​។ បន្ទាប់មក ក៏​នាំគ្នា​ចូល​ទៅ​កាប់​រាន​ដីព្រៃ​សហគមន៍ និង​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​យក​ដី​សង់ផ្ទះ​នៅ​»​។

ករណីនេះ​បាន​កើត​មាន​ស្ទើរ​គ្រប់កន្លែង​ទាំងអស់​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា ហើយ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​បាន​ប្រឹងប្រែង​ចុះ​ល្បាត​ស្រាវជ្រាវ​ និង​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ផងដែរ​។ នេះ​ជា​ការអះអាង​ពី​លោក​ ព្រំ វិបុលរតនៈ ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​កាលពី​ម្សិលមិញ​។

លោក​បន្តថា កន្លងមក​អ្នកភូមិ​មួយចំនួន​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​មក​ធ្វើការ​អប់រំ​ណែនាំ​ និង​ផាកពិន័យ​តាមច្បាប់​ស្ដីពី​ការការពារ​ធនធាន​ធម្មជាតិ​។ ខ្លះទៀត​ក៏ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ឱ្យ​តុលាការ​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ វិបុលរតនៈ បញ្ជាក់ថា​៖ «​ក្នុងអំឡុង​ពេលនេះ ក្រុមមន្ត្រី​ឧទ្យានុរក្ស​របស់​យើង​បាន​បង្កើន​សកម្មភាព​ចុះល្បាត​ទប់ស្កាត់​បទល្មើស​ច្រើនជាង​មុន ហើយ​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​យក​ដី​ពង្រីក​ផ្ទៃដី​កសិកម្ម​ខុសច្បាប់​ត្រូវ​បាន​ប្រទះឃើញ​ជាច្រើន​កន្លែង​»​។

លោក​បាន​បន្តថា​៖ «​ទីតាំង​ដែលមាន​ការទន្ទ្រាន​កាន់កាប់​ច្រើន​ជាងគេ​នៅ​ឃុំ​ស្រែព្រះ និង​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា និង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​»​។

ទាក់ទិន​នឹង​ការបោះបង្គោល​កំណត់​ព្រំប្រទល់​ទីតាំង​ដី​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា លោក​ វិបុលរតនៈ ថ្លែង​ថា ក្រុមការងារ​លោក​បាន​ធ្វើ​កិច្ចការ​នេះ​តាំងពី​ឆ្នាំ​ ២០១៨​។ គិត​មកទល់​ពេល​នេះ​សម្រេច​បាន​ ១១៥ ​បង្គោល​ហើយ​៕