មណ្ឌលគិរីៈ អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ទន្ទ្រាន​រាន​យក​ដីព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ជាច្រើន​ហិកតា​នៅ​ចំណុច​ព្រៃខៀវ ស្ថិត​នៅ​ភូមិ​រវ៉ាក់ ឃុំរយ៉ ស្រុក​កោះញែក ឱ្យ​បញ្ឈប់​សកម្មភាព និង​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​វិញ​ជាបន្ទាន់​។

លោក នាង វណ្ណៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ​បាន​ចូលមក​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ថ្មី​នៅក្នុង​ចំណុច​ព្រៃខៀវ​ដោយ​ពួកគេ​បាន​ទិញ​ដី​នៅក្នុង​តំបន់​នេះ តាមរយៈ​មេខ្យល់​ដែល​បាន​រៀបចំ​ដី​ឱ្យ​ពួកគេ និង​បាន​សាងសង់​រោង និង​ខ្ទម​នៅ​លើ​ដី​ដែល​ខុស​ច្បាប់​នេះ​។

លោក​ថ្លែងថា ដី​ដែល​ពលរដ្ឋ​បាន​ទិញ​នេះ​ត្រូវបាន​គេ​ពុះ​ជា​ឡូត៍​ក្នុង​ទំហំ​ក្បាល​ ៥០ ​ម៉ែត្រ​គុណ​ ១ ០០០ ​ម៉ែត្រ​ដែល​មាន​តម្លៃ ១ ​លាន​រៀល​ពី​មេខ្លោង ឬ​មេខ្យល់ ហើយ​បច្ចុប្បន្ននេះ​អាជ្ញាធរ​ខេត្ត​កំពុង​ស្រាវជ្រាវ​ស្វែងរក​មេខ្លោង និង​អ្នក​នៅ​ពីក្រោយ​យក​មក​អនុវត្ត​ទៅ​តាម​ច្បាប់​។

លោក​ នាង វណ្ណៈ ​ថ្លែង​ថា​៖ «​នៅពេល​ដែល​យើង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​នេះ​គឺ​ឃើញ​ប្រជាពលរដ្ឋ​បាននិង​កំពុង​សាងសង់​រោង និង​ខ្ទម​នៅ​លើ​ដី​ដែល​ខុសច្បាប់​នេះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រាប់​ពលរដ្ឋ​ថា ការធ្វើ​នេះ​វា​ខុសច្បាប់ និង​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​»​។

ទោះជា​យ៉ាងណា​លោក នាង វណ្ណៈ ថា​បច្ចុប្បន្ននេះ​រដ្ឋបាលខេត្ត​មិនទាន់​បាន​បូកសរុប​ពី​ទិន្នន័យ​ដី និង​ពលរដ្ឋ​ដែល​ត្រូវបាន​ទន្ទ្រាន​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះទេ ប៉ុន្តែ​បើតាម​ការសាកសួរ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជាក់ស្តែង គឺ ដី​ដែល​គាត់ (​មេខ្យល់​) បែងចែក​មាន​ជាង ១០០ ​ឡូត៍ ហើយ​ដោយ​ប្រជាពលដ្ឋ​ខ្លះ​មាន ២ ឬ ៣ ​ឡូត៍ ក្នុង ១ ​គ្រួសារ​។

បើតាម​លោក​ នាង វណ្ណៈ តំបន់​ព្រៃខៀវ​នេះ​មាន​ពលរដ្ឋ​រស់នៅ​ជាង ​១ ០០០ ​គ្រួសារ​ ដែល​បាន​កាប់រាន​ពីមុន និង​បច្ចុប្បន្ននេះ ហើយ​ដី​ដែល​ត្រូវបាន​ទន្ទ្រាន​ថ្មី​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។

លោក​បញ្ជាក់ថា​៖ «​បើ​ឱ្យ​គាត់​ចេះតែ​ដើរ​កាប់ឆ្ការ ធ្វើជា​កម្មសិទ្ធិ​បែបនេះ មិនដឹង​នរណា​គ្រប់គ្រង​នរណា​ទេ ហើយ​យើង​បាន​ណែនាំ​ឱ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព និង​ឱ្យ​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុកកំណើត​គាត់​វិញ ព្រោះ​រស់នៅ​ទីនេះ​ខុសច្បាប់​»​។

ទោះ​យ៉ាងណា​លោក​ វណ្ណៈ លើកឡើង​ថា បើ​ពលរដ្ឋ​ទាំងនោះ​អត់​មាន​ដី​អាស្រ័យផល​ពិតប្រាកដ​មែន​ពលរដ្ឋ​ទាំងនោះ​អាច​ដាក់​ពាក្យស្នើសុំ​ដីសម្បទាន​សង្គមកិច្ច​នៅ​ខេត្ត​ដែល​ខ្លួន​រស់នៅ​តាមរយៈ​ភូមិ ឃុំ និង​ខេត្ត​ស្នើ​មក​ខេត្តមណ្ឌលគិរី​មក​ខេត្ត​អាច​ពិចារណា​ចាត់ចែង​ជូន​បាន​។

លោក បូរ៉េត កំពី ជំនួយការ​សមាគម អាដហុក​ប្រចាំ​នៅ​ខេត្តមណ្ឌលគិរី​ថ្លែងថា​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ គឺ​មាន​សកម្មភាព រុករាន​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ប្រជាពលរដ្ឋ ស្ទើរតែ​គ្រប់​ទីកន្លែង មិន​ថា​នៅ​ចំណុច​ព្រៃខៀវ​។

ប្រជាពលរដ្ឋ​មួយចំនួន​មាន​គំនិត​ខូច​ខ្លាំងណាស់​ដោយបាន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ និង​មួយ​វិញទៀត​ គឺមាន​ឈ្មួញ ឬ​មេខ្យល់​ប្រមូល​ឈ្មោះ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ ដោយ​សហការ​ជាមួយ​នឹង​មន្ត្រី​មូលដ្ឋាន​ជា​ថ្នូរ​ទៅនឹង​ការបាន​លុយកាក់​ខ្លះ​ដូច​ទៅ​នឹង​ករណី​នៅ​ចំណុច​ព្រៃខៀវ​នេះដែរ​។

លោក​បញ្ជាក់ថា បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិនមាន​វិធានការ​សមស្រប ឬ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ទេ វា​នឹងធ្វើ​ឱ្យមាន​អនាធិបតេយ្យ​ទៅ​លើ​ការគ្រប់គ្រង​ដី​រដ្ឋ​នេះ​ជាពិសេស​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ដី​សាធារណៈ​របស់​រដ្ឋ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​គាំទ្រ​ទេ ចំពោះ​ប្រជាពលរដ្ឋ​ក៏​ដូចជា​អាជ្ញាធរ​ដែល​បាន​ចូលទៅ​ទន្ទ្រាន​រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ព្រោះ​នេះ​ជា​ដី​រដ្ឋ ឬ​ដីព្រៃ​របស់​រដ្ឋ ជា​របស់​យើង​ទាំងអស់​គ្នា មិនមែន​បុគ្គល​ម្នាក់​ ឬ​ ២ ​នាក់​អាច​ទៅ​ចង្អុល​នេះ ជា​ដី​របស់​អញ នោះ​ជា​ដី​របស់​អញ​។ ធ្វើ​អ៊ីចឹង​វា​មិនត្រូវ​ទេ អាជ្ញាធរ​គួរតែ​មាន​វិធានការ​ហើយ​»​។

លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​ ៣ ខែ​មេសា បាន​ចុះ​ពិនិត្យមើល​ស្ថានភាព ការកាប់​រុករាន​ដីព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅ​ចំណុច​ព្រៃខៀវ​ស្ថិត​នៅ​ភូមិ​រវ៉ាក់ ឃុំរយ៉ ស្រុក​កោះញែក ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ​ធ្វើ​ជា​កម្មសិទ្ធិ​។

លោក ស្វាយ សំអ៊ាង បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​ចុះពិនិត្យ សិក្សា​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ដីព្រៃ​ឈើ​គ្រប់​ប្រភេទ ជាពិសេស​ត្រូវ​ចំណាត់ការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មេខ្យល់ និង​មេខ្លោង​ដែល​រៀបចំ​ឱ្យមាន​ចលនា​នៃ​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​យក​ដីព្រៃ​ខុសច្បាប់​៕