ភ្នំពេញៈ អាជ្ញាធរខេត្ត​មួយចំនួន​កំពុង​រឹតបន្តឹង​តាម​ច្រកចេញ​ចូល​ខេត្ត​របស់ខ្លួន ដោយ​ការដាក់​ប៉ុស្តិ៍​យាម​ត្រួតពិនិត្យ ហើយ​តម្រូវឱ្យ​អ្នកធ្វើដំណើរ​ដែលមាន​ជាប់​សង្ស័យ​នឹង​ព្រឹតិ្តការណ៍​សហគមន៍​ ២០ ​កុម្ភៈ ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ ​មុន​ចូល​ខេត្ត​របស់​ពួកគេ​ ដើម្បី​ទប់ស្កាត់ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​។

ការដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​របស់​ខេត្ត​ទាំងនេះ​ធ្វើឡើង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល ដោយ​តម្រូវ​ឱ្យ​ខេត្ត​នីមួយៗ​ត្រៀម​ការពារ និង​រឹតបន្តឹង​សន្តិសុខ សុវត្ថិភាព ជាពិសេស​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ ​១៩ ទៅក្នុង​សហគមន៍​កាន់តែ​ខ្លាំង​បន្ថែមទៀត​។

ជាមួយ​នឹង​វិធានការ​នេះ​លោក ម៉ៅ ឌុង នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​រស់នៅ​រាជធានី-ខេត្ត​ដែលមាន​ហានិភ័យ​ខ្ពស់​ទៅនឹង​ជំងឺ​កូវីដ​ ១៩ គឺ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ជាមុនសិន​ទើប​អនុញ្ញាត​ឱ្យចូល​ខេត្ត​ត្បូងឃ្មុំ​។ ការរឹតបន្តឹង​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ខេត្ត​នេះ​មិនទាន់​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​នៅឡើយ​ទេ​ដែល​ជា​ហេតុនាំឱ្យ​រដ្ឋបាល​ខេត្ត​ត្រូវតែ​ដាក់ចេញ​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ កុំឱ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ទៅក្នុង​សហគមន៍​នៃ​ខេត្ត​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​ពេលដែល​ពលរដ្ឋ​ជាប់​សង្ស័យ​ពី​តំបន់​ដែល​មាន​ហានិភ័យ​ទៅ​ស្រុក​ណាមួយ​ក្នុង​ខេត្ត​យើង​ត្រូវយក​គាត់​ទៅធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ នៅតាម​ទីកន្លែង​ដែល​បានរៀបចំ​រួចរាល់ ដោយ​មាន​ការផ្គត់ផ្គង់ និង​ទំនុកបម្រុង​នូវ​ម្ហូបអាហារ​ជូន​ដល់​ពួកគាត់​។ ចំពោះ​អ្នក​ដែល​មិនមែន​មកពី​កន្លែង​ហានិភ័យ​នេះ យើង​ឱ្យ​គាត់​ចូល​ធម្មតា ដោយ​ពិនិត្យ​សុខភាព​»​។

បើទោះជា​ខេត្ត​នេះ​នៅ​មិនទាន់​មាន​ករណី​អ្នកជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ប៉ុន្តែ​លោក​អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​ ១៤ មីនា មាន​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក​ប្រមាណ​ជិត ៥០០ ​នាក់​។ ពួកគេ​គឺជា​អ្នកដំណើរ​មកពី​ខេត្ត​ផ្សេងៗ និង​អ្នក​ដែល​ទើបតែ​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​។

ស្រដៀង​គ្នា​នេះ លោក​ ទៀ សីហា អភិបាលខេត្ត​សៀមរាប​ក៏​បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ច្រកចេញចូល​ទាំង​ ៦ របស់​ខេត្ត​ធ្វើ​យ៉ាងណា​ត្រូវ​ប្រាកដ​ថា ពលរដ្ឋ​ដែលមាន​ការសង្ស័យ​នឹង​អ្នកជំងឺ​កូវីដ​គឺ​ត្រូវបាន​ទប់ស្កាត់​ទាន់​ពេលវេលា​មិន​ឱ្យ​ឆ្លង​បន្ត​ចូល​ខេត្តសៀមរាប​នោះទេ​។

លោក​បាន​តម្រូវឱ្យ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ច្រក​ចំនួន​ ៦ គឺ​មកពី​ខេត្តកំពង់ធំ​លើផ្លូវ​ជាតិ​លេខ​ ៦ ចន្លោះ​ពី​ស្រុក​ស្ទោង និង​ស្រុក​ជីក្រែង និង​ចន្លោះ​ពី​ស្រុក​ក្រឡាញ់​រវាង​ស្រុក​ព្រះនេត្រព្រះ ដែល​ចូល​មកពី​ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​។ ចំណែក​នៅលើ​កំណត់​ផ្លូវជាតិ​លេខ​ ៦៨ ចន្លោះ​ពី​ស្រុក​ចុងកាល់​ និង​ស្រុក​ស្រីស្នំ​ និង​ផ្លូវជាតិ​លេខ​ ៦៦ ចន្លោះ​ពី​ស្រុក​អន្លង់វែង​មក​វ៉ារិន​ និង​ផ្លូវជាតិ​លេខ​ ៦៤ ចន្លោះ​ពី​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​មក​ស្រុក​ស្វាយលើ​ក៏​ត្រូវ​ធ្វើការ​រឹតបន្តឹង​ផងដែរ​។

ក្រៅពីនេះ​លោក​ថា​ការធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ទឹក​ចូល​មក​ខេត្ត​នេះ​ក៏​ត្រូវបាន​រឹតបន្តឹង ដើម្បី​ធ្វើការ​ការពារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ចូល​មក​ក្នុង​ខេត្តសៀមរាប​។ លោក​អះអាង​ថា អ្នក​ដែល​គ្មាន​ការសង្ស័យ​នៅ​តែ​អាច​ឆ្លងកាត់​ជាធម្មតា ដោយ​គ្រាន់តែ​ត្រូវ​ត្រួតពិនិត្យ​តាម​វិធាន​សុខាភិបាល​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នេះ យើង​មិនមែន​បិទ​មិន​ឱ្យ​ចូល​ទេ យើង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នេះ​ក្នុងន័យ​ការស្រង់​ទិន្នន័យ សួរនាំ​ថា​តើ​អ្នកធ្វើ​ដំណើរ​នេះ​មាន​គោលដៅ​ទៅណា​ខ្លះ​? ហើយ​គាត់​មកពីណា​? បើសិន​ជា​មកពី​ខេត្ត និង​រាជធានី​ដែល​មាន​ហានិភ័យ ដូចជា​រាជធានី​ភ្នំពេញ ព្រៃវែង និង​កំពង់សោម​ជាដើម​គឺ​ត្រូវតែ​យក​ខ្លួន​មក​ធ្វើ​ចត្តាឡីស័ក និង​ពិនិត្យ​យក​សំណាក​»​។

ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​នេះ​បាន​បន្ត​ឆ្លង​រីករាលដាល​ដល់​រាជធានី-ខេត្ត​ចំនួន​ ១០ ​នៃ​ប្រទេស​កម្ពុជា​រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង បាត់ដំបង កំពង់ចាម កំពង់ធំ សៀមរាប ព្រះសីហនុ កោះកុង និង​ខេត្ត​ស្វាយរៀង​ចំនួន​ ៧៥១ ​នាក់ ស្រី​ ៣៥៧ ប្រុស​ ៣៩៤ ​នាក់​ក្នុង​នោះ​ភ្នំពេញ​ច្រើនជាងគេ​។ បន្ទាប់មក​ខេត្ត​ព្រះសីហនុ កណ្តាល​ និង​ព្រៃវែង​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា វិធានការ​ដែល​ខេត្ត​នីមួយៗ​បាន​ដាក់​ចេញ គឺជា​ឆន្ទានុសិទ្ធិ​របស់​រដ្ឋបាល​ខេត្ត​ទាំងនោះ​ដោយ​ផ្អែកលើ​ស្ថានភាព និង​ភាពប្រឈម​នៅក្នុង​តំបន់​របស់​ពួកគេ​។ លោក​បន្តថា ខេត្ត​ទាំងនោះ​អាចដាក់​ចេញ​វិធានការ​នានា ដូចជា​ការបិទ ការផ្អាក ការធ្វើ​ចរាចរណ៍ ឬ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

លោក​ថ្លែងថា​៖ «​យើង​ជា​ថ្នាក់កណ្តាល​ណែនាំ​មិន​ច្បាស់លាស់​ដូច​ថ្នាក់មូលដ្ឋាន​គាត់​ទេ​។ ឧទាហរណ៍​ដូច​ខេត្តព្រៃវែង​អ៊ីចឹង គាត់​ដឹង​កន្លែង​ណាៗ មាន​ឆ្លង​មាន​ហានិភ័យ ព្រោះ​គាត់​ដឹង​លំហូរ​ប្រជាពលរដ្ឋ​គាត់​ទៅណា​មក​ណា​? ខេត្ត​នេះ​ក៏​បាន​បិទ​តំបន់ និង​បិទ​ផ្សារ​មួយចំនួន​ដែល​បាន​ឆ្លង​រួច​ដែរ​»​។

បើតាម​លោក​ ខៀវ សុភ័គ ​ក្រុម​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ដោយ​គេច​ពី​ការធ្វើ​ចត្តាឡីស័ក​ពី​ប្រទេស​ថៃ និង​វៀតណាម​ដែល​អាជ្ញាធរ​តាម​ព្រំដែន​ចាប់ខ្លួន​បាន​គឺ​ជិត​ ១០០ ​នាក់ គិត​ចាប់ពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ មក​ដល់​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២១​។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖