កំពង់ស្ពឺ/តាកែវ/បាត់ដំបងៈ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​នៅ​បន្ត​អនុវត្ត​វិធានការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សេងៗ​នៅ​ទីតាំង​មួយចំនួន​ក្នុង​ខេត្ត​នេះ រយៈពេល ១ សប្តាហ៍​ទៀត ខណៈ​ខេត្តតាកែវ និង​ខេត្តបាត់ដំបង ក៏​បន្ត​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ទីតាំង​មួយចំនួន​ផងដែរ ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ចុះ​ថ្ងៃទី ១០ ខែឧសភា បាន​ឱ្យ​ដឹងថា៖ «ត្រូវបាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ គិត​ចាប់ពី​ថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១»។

បើតាម​សេចក្តី​សម្រេច​នេះ ភោជនីយដ្ឋាន​អាហារដ្ឋាន តូប​អាហារ​ចល័ត ដែល​បើកទទួល​អតិថិជន​ចូល​ទទួលទាន​អាហារ​ភេសជ្ជៈ នៅ​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៣ ព្រឹក​ត្រូវបាន​ហាមឃាត់។ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់ ជា​លក្ខណៈ​វេចខ្ចប់​បាន។

សេចក្តី​សម្រេច​បន្តថា ភោជនីយដ្ឋាន​អាហារដ្ឋាន តូប​អាហារ​ដែល​បើកទទួល​អតិថិជន​ចូល​ទទួលទាន​អាហារ មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង​ជាដាច់ខាត ហើយ​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារម៉ាត ហាង​លក់​ភេសជ្ជៈ​ត្រូវ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

សេចក្តី​សម្រេច​បញ្ជាក់ថា៖ «ផ្អាក​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ការទទួលទាន​គ្រឿង​ស្រវឹង។ [ផ្អាក] រាល់​ការធ្វើ​សកម្មភាព​កីឡា​ដែលមាន​លក្ខណៈ​ជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​លើសពី ២ នាក់។ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្តុំ ឬ​ការជួបជុំ​គ្នា​ទទួលទាន​អាហារ​ភេសជ្ជៈ​ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង ៨ យប់​ដល់​ម៉ោង ៣ ព្រឹក»។

ប៉ុន្តែ​ករណី​មួយចំនួន​ត្រូវបាន​លើកលែង​ដូចជា​ការជួបជុំ​លក្ខណៈ​សមាជិក​គ្រួសារ​ដែល​រស់នៅក្នុង​លំនៅឋាន​ ឬ​ទី​សំណាក់​ជាមួយ​គ្នា។

ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​វិធានការ​សុខាភិបាល​ និង​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​ថែរក្សា​សង្គ្រោះបន្ទាន់​ផ្សេងទៀត។ ការជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក​ឃុំ​សង្កាត់ ក្នុង​ការបំពេញភារកិច្ច​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ។

អាជ្ញាធរខេត្ត​ព្រមាន​ចាត់វិធានការ​ច្បាប់​ផងដែរ ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ក្នុង​សេចក្តី​សម្រេច​នេះ។

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​នឹង​អនុវត្តតាម​ផ្លូវច្បាប់​ដែល​បានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ។

លោក​ កែវ គុជសី អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ស្ពឺ​មិន​អាច​ទាក់ទង​ ដើម្បី​សុំ​ការបញ្ជាក់​បានទេ​នៅ​ថ្ងៃទី ១១ ឧសភា​នេះ។

ដោយឡែក អាជ្ញាធរ​ខេត្តតាកែវ​ក៏​បាន​សម្រេច​បិទខ្ទប់​ភូមិ​បាំងបាត់ ស្ថិតនៅ​ឃុំ​ចារ​ ស្រុក​ព្រៃកប្បាស បន្ទាប់ពី​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​មនុស្ស​ជាច្រើន​នាក់​ក្នុង​ភូមិ​នេះ ចាប់ពី​ម៉ោង ៨ ព្រឹក​ថ្ងៃទី ១១ ឧសភា រហូត​មាន​ការជូន​ដំណឹង​ជាថ្មី​ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងៗ​ទៀត។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​តាកែវ​ចុះ​ថ្ងៃទី ១១ ខែ​ឧសភា បញ្ជាក់ថា៖ «ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើ​ដំណើរ​ចេញ-ចូល​លំនៅឋាន ឬ ទី​សំណាក់​បច្ចុប្បន្ន និង​ត្រូវបាន​ហាមឃាត់​រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស​លើកលែង​តែ​ក្នុងករណី​ចាំបាច់»។

ជាមួយ​គ្នា​នេះ​ផងដែរ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​បានសម្រេច​បិទខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង ៥ ខ្នង​ផ្ទះ ស្ថិតនៅ​ចំណុច​ទួលស្វាយ ភូមិ​ទួលម្ទេស ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ចាប់ពី​ថ្ងៃទី ១០ ឧសភា រហូត​ដល់​មាន​ការសម្រេច​ជាថ្មី។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ចុះ​ថ្ងៃទី ១០ ខែឧសភា​បានឱ្យ​ដឹងថា ការបិទខ្ទប់​នេះ​គឺ​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្រោយពី​បាន​រកឃើញ​បុរស​អាយុ ៣១ ឆ្នាំ​ម្នាក់​នៅ​ភូមិ​ទួលម្ទេស មាន​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី ១០ ខែ​ឧសភា។

សេចក្តី​សម្រេច​នេះ​បញ្ជាក់ថា៖ «ក្នុងអំឡុងពេល​បិទខ្ទប់​ជា​បណ្តោះអាសន្ន​នេះ​រដ្ឋបាល​ស្រុក​គាស់ក្រឡ​ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង ៥ ខ្នង​ផ្ទះ​នេះ។ ផ្អាក​ការចេញ-ចូល​ទីតាំង​ទាំងនេះ។ ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ ដើម្បី​ធ្វើ​ចត្តាឡីស័ក​ និង​យក​សំណាក»៕