សៀមរាបៈ រដ្ឋបាល​ខេត្ដ​សៀមរាប​ទុក​រយៈពេល ១០ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ២៣ ខែកញ្ញា ដល់ ថ្ងៃទី​ ២ ខែតុលា ​ឆ្នាំនេះ ជា​កំហិត​ដល់​ពលរដ្ឋ​ដែល​មាន​សំណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប​ស្ថិត​ក្នុង​ក្រុង​នេះ​ឱ្យ​រុះរើ​ចេញ ដោយ​ខ្លួនឯង​ក្នុង​ករណី​មិន​រុះរើ​នឹង​ចាត់វិធានការ​តាមច្បាប់​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ដ​។

លោក​ លី សំរិទ្ធ អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ ថ្ងៃទី​ ២៧ កញ្ញា ថា​រយៈពេល​ ២ ​ថ្ងៃ​កន្លង​មក​នេះ​ក្រុម​ការងារ​របស់​រដ្ឋបាល​ខេត្ដ​បាន​បែងចែក​គ្នា​ជាច្រើន​ក្រុម​ចុះ​ទៅ​វាស់វែង​ និង​ជូនដំណឹង​ដល់​ទីតាំង​សំណង់​ដែល​ពលរដ្ឋ​បាន​សាងសង់ រំលោភ​លើ​ចំណីផ្លូវ​ដើម្បី​កំណត់​បច្ចេកទេស​ថា ត្រូវ​រុះរើ​សំណង់​នោះ​ថយ​ក្នុង​ទំហំ​ប៉ុនណា​ឱ្យ​ស្រប​ទៅតាម​ប្លង់​ប្រព័ន្ធ​របស់​រដ្ឋបាល​ខេត្ដ​។

លោក​ថា​៖ «​ទំហំ​ផ្លូវ​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ វា​មាន​ទំហំ​តូច​ជាង​ផ្លូវ ដែល​បាន​កំណត់​នៅក្នុង​ប្លង់​ប្រព័ន្ធ​របស់​រដ្ឋបាល​ខេត្ដ​។ ដូច្នេះ​ដើម្បី​អនុវត្ដ​តាម​ផែនការ​នៃ​ការស្ថាបនា​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​នេះ​ឱ្យ​មាន​លក្ខណៈ​ស្ដង់ដា សោភណភាព​ល្អ និង​អាច​ឱ្យ​ក្រុមការងារ​ស្ថាបនា​ផ្លូវ​អាច​អនុវត្ដ​កិច្ចការងារ​បាន​គឺ​យើង​ត្រូវតែ​រៀបចំ​សំណង់​រំលោភ​លើ​ចំណីផ្លូវ​នេះ​ជាមុន​»​។

លោក​បន្តថា​ការស្ថាបនា​ផ្លូវ​ទាំង ៣៨ ​ខ្សែ​នេះ​មិនមាន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ទេ​។ ការឱ្យ​រុះរើ​នេះ​គឺ​ចំពោះ​តែ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់​នៅលើ​ដី​ចំណីផ្លូវ​ទេ​។ បើតាម​លោក​ សំរិទ្ធ សំណង់ ដែល​បាន​សាងសង់ រំលោភ​លើដី​ចំណីផ្លូវ​មាន​ជាង​ ១០០ ​គ្រួសារ​។ ក្នុងនោះ​មាន​ពលរដ្ឋ​មួយ​ចំនួន​ស្ម័គ្រចិត្ត​រុះរើ​ចេញ​ដោយ​ខ្លួនឯង នៅ​សល់​ពលរដ្ឋ​តិចតួច​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​ចរចា​ដើម្បី​ស្ម័គ្រចិត្ដ​រុះរើ​ចេញ​។

លោក​ ទៀ សីហា អភិបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២៣ កញ្ញា បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ពី​ការរុះរើ​សំណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប​ដោយ​រុះរើ​សំណង់​របស់ខ្លួន​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ២៣ កញ្ញា ដល់​ថ្ងៃទី​ ២ តុលា ឆ្នាំ​ ២០២០ ជា​កំហិត​។ លោក​ថា មន្ត្រី​ជំនាញ​នឹង​ចុះ​សហការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ជូនដំណឹង​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុងករណី​ពុំបាន​រុះរើ​តាម​ការកំណត់ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ រុះរើ​តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​»​។

លោក​អភិបាល​បញ្ជាក់ថា​ការសាងសង់​ផ្លូវ​ទាំងនេះ គឺជា​ផលប្រយោជន៍​រួម​ និង​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ខេត្តសៀមរាប ដែល​ជា​តំបន់​ប៉ូល​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។ ក្រោយ​ចប់​វិបត្តិ​កូវីដ​ ១៩ ខេត្ត​សៀមរាប​នឹង​ត្រៀមខ្លួន​ជាថ្មី​ម្តងទៀត​ក្នុង​ការទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។

យោងតាម​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើក​ទី​ ១ ​ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា ផ្លូវ​នេះ​ដែល​ដឹកនាំ​ដោយ​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​កាលពី​ថ្ងៃទី​ ២៥ កញ្ញា បាន​សម្រេច ស្ថាបនា និង​កែលម្អ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប​នេះ​ឡើងវិញ​ទាំងអស់​។ ផ្លូវ​ទាំងនេះ​ត្រូវធ្វើ​ឱ្យក្លាយ​ទៅ​ជា​ផ្លូវ​ដែលមាន​មេត្រីភាព​ជាមួយ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ និង ស្របតាម​ភូមិសាស្ត្រ​ទីក្រុង​។

អន្តរក្រសួង​សម្រេច​ថា​ ផ្លូវ​ទាំងអស់​ត្រូវ​ស្ថាបនា​ឡើង​ជា​ប្រព័ន្ធ និង​លើ​គ្រប់​ទិដ្ឋភាព រួមមាន ប្រព័ន្ធ​លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន និង​ដាំ​ដើមឈើ​។

សេចក្តី​សម្រេច​របស់​ក្រុមការងារ​អន្តរក្រសួង​បញ្ជាក់ថា​៖ «​ត្រូវ​ពន្លឿន ការងារ​រៀបចំ​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ​ ដែល​សម្តេច​នាយករដ្ឋមន្ដ្រី​បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ចំនួន ១៥០ ​លាន​ដុល្លារ​ សម្រាប់​ស្ថាបនា​នេះ​ឱ្យ​បាន​លឿន​ជា​ទីបំផុត​។ បើសិន​ជា​គ្មាន​ការប្រែប្រួល​ទេនោះ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែនេះ​ នឹង​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​ដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១៦ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២០ ខាង​មុខ​នេះ​»៕