សៀមរាប: សាលា​ខេត្ត​សៀម​រាប បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​បាន​ចាក់​ដី ​និង​សាង​សង់​សំណង់​​នៅ​លើ​តំបន់​អាង​ទឹក នៃ​​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ត្រាវ​កុដិ ​របស់​រដ្ឋ ឲ្យកាយ​​ដី​ចេញ​វិញ​ ដោយ​ទុក​រយៈ​ពេល​ ១សប្ដាហ៍​។

លោក​ សុខ ថុល នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​សៀម​រាប ​បាន​ប្រាប់​ភ្នំបេញ​បុ​ស្ដិ៍​កាលពី​ម្សិល​មិញ​ថា ​ក្រុមហ៊ុន​ទាំង ៣ បាន​ចាក់ដី​ចូលក្នុង​អាង​ទឹក​ធម្ម​ជាតិ​របស់​រដ្ឋ​ ដែលជា​មាត់​បឹង​មាន​ទំហំ​ប្រមាណ​ ៣០​ ម៉ែត្រ ​ដោយ​មិន​មាន​ច្បាប់​អនុ​ញ្ញាតិ​ ចំពោះ​ការ​អភិ​វឌ្ឍន៍​នៅ​តំបន់​នោះ​ទេ​។

លោក​បាន​បន្ដ​ថា​៖​«ឥលូវ​យើង​ទុក​ពេល​ ១ សប្ដាហ៍​ ឲ្យ​ពួក​គាត់​កាយ​ដី​ដែល​ចាក់​លុប​ចូល​អាង​ទឹក​ធម្ម​ជាតិ​នោះ កាយ​ចេញ​វិញ និង​កំពុង​ប្រមូល​របាយ​ការណ៍ ​អញ្ជើញ​ម្ចាស់​ក្រុម​ហ៊ុន​មក​ប្រជុំ​ដោះ​ស្រាយ​»។

លោក សុខ ថុល បាន​បដិសេធ​ប្រាប់​​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះ ដោយ​ថ្លែង​ថា លោក​កំពុង​ធ្វើ​របាយការណ៍ និង​ហៅ​ម្ចាស់​ក្រុម​ហ៊ុន​មក​ជួប​ដើម្បី​ដោះ​ស្រាយ​។

លោក​បន្ថែម​ថា​៖«​ម្ចាស់​ក្រុម​ហ៊ុន​នេះ ​ពាក់​ព័ន្ធ​ជា​មួយ​រឿង​បុគ្គល យើង​មិន​ចង់​និយាយ​ចំឈ្មោះ​ទេ ចាំ​មើល​យើង​ហៅ​មក​ជា​ក់ស្ដែង​សិន​»។

លោក ​​បញ្ជាក់​ថា​ កត្ដា​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​នាំគ្នា​សំរុក​មក​ចាក់​ដី​លុប​អាង​ទឹករ​ម្មណីយ​ដ្ឋាន​ធម្ម​ជាតិ​ត្រាវ​កុដិ​នេះ គឺ​បណ្ដាល​មក​ពី​មាន​ការ​ផ្សព្វ​ផ្សាយ ​ចំពោះ​ការ​ពុះ​ដី​ឡូត៍លក់​ពី​ឈ្មួញ​នៅ​ភ្នំពេញ​មួយ​ចំនួន​ នៅ​តំបន់​ត្រាវ​កុដិ​នេះ​។

បើតាម​លោក ថុល អាង​ទឹក​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ត្រាវ​កុដិ​ ក្រៅពី​ជា​រម្មណី​យដ្ឋាន​ធម្ម​ជាតិ​សំរាប់​ទេសចរ​ទៅ​ទស្ស​នា​កម្សាន្ដ អាង​ទឹក​ធម្ម​ជាតិ​នេះ ក៏​ជា​អាង​ស្ដុក​ទឹក​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ធ្វើ​ស្រែ ​ចំការ​ផង​ដែរ​។

លោក​ក៏បាន​​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ ដែល​ចង់​ទៅ​ទិញ​ដីឡូត៍នៅ​តំបន់​ត្រាវ​កុដិ ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ មិន​មាន​ច្បាប់ និង​គោល​ការ​ច្បាស់​លាស់​នៅ​ឡើយ​ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់់​ដល់​ប្រជា​ពល​រដ្ឋ​។

លោក នួន មន្នី ​ប្រធាន​មន្ទី​បរិ​ស្ថាន​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា ​៖«​យើង​បាន​កោះ​ហៅ​ឲ្យ​ក្រុម​ហ៊ុន​នោះ​មក​ដាក់​កិច្ច​សន្យា​នៅ​​ការិយា​ល័យ​​ច្រក​ចេញ​ចូល​តែ​មួយ​ខេត្ដ​ ដើម្បី​ឲ្យ​ច្រក​ចេញ​ចូល​តែមួយ​ជា​អ្នក​សម្រេច​»។

លោក​ថា​៖​«មាន​ក្រុម​ហ៊ុន​ ១ចាក់​ដី​មួយ​ចំណែក​ខាង​លើ​មាត់​បឹង​ មួយ​ទៀត​ ចាក់​ដី​ហើយ​សាង​សង់​ក្យូស​ ​និង​មួយ​កន្លែង​ទៀត​ សាង​សង់​ជា​លំនៅ​ឋាន​តែ​ម្ដង ដែល​សុទ្ធ​តែ​មិន​មាន​ច្បាប់​អនុ​ញ្ញាត​ទាំង​អស់​ ហើយ​ពេល​យើង​ចុះ​ទៅ មិន​បាន​ជួប​ជា​មួយ​ម្ចាស់​ទេ បាន​ជួប​តែ​កម្មករ​ ដែល​គេ​ជួល​មក​ចាក់​ដី ​ហើយ​ម្ចាស់​សុទ្ធ​តែ​នៅ​ភ្នំពេញ​ទាំង​អស់​»។

លោក ​សួស ​ណារិន​ មន្ដ្រី​អង្កេត​សមា​គម​អាត​ហុក​ប្រចាំ​ខេត្ដ​សៀម​រាប​បាន​ឲ្យ​ដឹង​ថា ​នៅ​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ត្រាវ​កុដិ​នេះ ជា​ដីរ​ម្មណី​យ​ដ្ឋា​ន​ធម្ម​ជាតិ មិន​អាច​មាន​ប្លង់​រឹង​ទេ។

លោក​បន្ត​ថា​៖«​ការ​ចុះ​ទប់​ស្កាត់​នេះ​គឺ​ត្រឹម​ត្រូវ​ហើយ​ ជាម​ត្ថ​កិច្ច​របស់​សមត្ថ​កិច្ច​ ប៉ុន្ដែ​បើ​ដី​នោះ​ជា​ដី​របស់​ប្រជា​ពល​រដ្ឋ​មែន​ តើ​គាត់​មាន​អី​ខ្លះ​ដែល​ថា​ ជា​ដី​របស់​គាត់​។ ​ហេតុ​អី ​កន្លែង​ផ្សេង​គេ​អាច​ធ្វើ​បាន​ ចំណែក​កន្លែង​នេះ​ធ្វើ​មិន​បាន​អ៊ី​ចឹង​»។

ប្រជា​ពល​រដ្ឋ​ម្នាក់​ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មាន​ក្រុម​ហ៊ុន​ឯក​ជន មួយ​ចំនួន​ ទទួល​សិទ្ធិ​ស្រប​ច្បាប់ ទៅ​កាន់កាប់​ដី​មាត់​អាង​ត្រាវ​កុដិ ដោយ​ការបំពាន​លុប​មាត់​អាង​ទឹក ហើយ​នឹង​​សាង​សង់​សំណង់​នៅ​មាត់​អាង​ទឹក​ ដែល​ជា​រម្មណី​យដ្ឋាន​ធម្ម​ជតិ​នេះ​។ ​នៅ​​ពេល​នេះ​ពួក​គេ​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ស្រប​ច្បាប់ គ្រប់​គ្រង​ដី​ទាំង​នោះ ដោយ​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​។

រមណី​យដ្ឋាន​ទេសចរណ៍​ធម្ម​ជាតិ​អាង​ទឹក​ត្រាវ​កុដិ ស្ថិត​នៅ ​ឃុំ​បល្ល័ង្ក​ ស្រុក​ប្រាសាទ​បាគង​ មាន​ចម្ងាយ​ ២៩ ​គីឡូ​ម៉ែត្រ ពី​ក្រុង​​ខេត្ត​សៀម​រាប​។ ​បឹង​ធម្ម​ជាតិ​នេះ ​មាន​ផ្ទៃ​ទឹក​លាត​សន្ធឹង​នៅ​រដូវ​ប្រាំង​ទំហំ​ប្រហែល ៣០​ហិក​តា ព្រម​ទាំង​មាន​ព្រៃ​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​ ដែល​មាន​ភាព​​ទាក់​ទាញ​អ្នក​ទេសចរ​យ៉ាង​ខ្លាំង​៕