សៀមរាបៈ មន្ត្រីប៉ូលិសខេត្តសៀមរាបបានចុះណែនាំអាជីវករដែលប្រកបរបរផ្ទេរ និងដកប្រាក់គ្រប់ប្រភេទនៅទូទាំងខេត្តឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកថ្មី ដែលជនខិលខូចបន្លំខ្លួនធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនផ្ទេរ និងដកប្រាក់ ដើម្បីប្រើល្បិចលួចយកលុយរបស់អាជីវករដែលបានតម្កល់ទុកនៅក្នុងម៉ាស៊ីនផ្ទេរ និងដកប្រាក់។
លោក ភឹង ចិន្តារេត ស្នងការរង និងជាប្រធានផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ថ្វីដ្បិតនៅក្នុងខេត្តសៀមរាប មិនទាន់កើតមានករណីឆបោកថ្មីនេះក្តី ប៉ុន្តែការបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តឱ្យមន្ត្រីប៉ូលិសតាមប៉ុស្ដិ៍ត្រូវចុះទៅណែនាំអាជីវករបើកកន្លែងផ្ទេរ និងដកប្រាក់នេះគឺដើម្បីបង្ការទុកមុន។
លោកថា៖ «បទល្មើសហ្នឹងគឺមាននៅភ្នំពេញ ហើយដើម្បីកុំឱ្យមាននៅខេត្តសៀមរាប យើងធ្វើការផ្សព្វផ្សាយ និងអប់រំឱ្យបានមុន ចៀសវាងកុំឱ្យពួកគាត់រងគ្រោះ»។
ចំណែកលោក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា មានកន្លែងបើកអាជីវកម្មផ្ទេរប្រាក់ និងដកប្រាក់ប្រហែល ៦០ ទីតាំងស្ថិតក្នុងសង្កាត់ទាំង ១២ នៅក្នុងក្រុងសៀមរាបត្រូវបានមន្ត្រីប៉ូលិសប៉ុស្ដិ៍ចុះទៅណែនាំឱ្យប្រុងប្រយ័ត្នអំពីករណីឆបោកនេះចាប់តាំងពីខាងអធិការដ្ឋានក្រុងបានទទួលបានការណែនាំពីស្នងការខេត្តឱ្យចុះធ្វើការងារនេះតាំងពីថ្ងៃសុក្រមក។
លោកថា៖ «ជនឆបោកទាំងអស់គឺខលទៅម្ចាស់អាជីវកម្មទាំងហ្នឹង ដោយដើរតួជាភ្នាក់ងាររបស់ក្រុមហ៊ុន ហើយប្រាប់ថាខាងក្រុមហ៊ុនតម្រូវឱ្យដូរម៉ាស៊ីនផ្ទេរ និងដកប្រាក់ អ៊ីចឹងសុំឱ្យម្ចាស់ហ្នឹងផ្ដល់លេខកូដដើម្បីដូរម៉ាស៊ីនថ្មីនៅពេលផ្ដល់លេខកូដសម្ងាត់ និងលេខម៉ាស៊ីនហើយជនទាំងអស់ហ្នឹងនឹងអាចយកទៅដកប្រាក់បានហើយ»។
ទោះជាយ៉ាងណាលោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានលើកឡើងថា លោកមិនដែលដឹងថា មានករណីបោកប្រាក់ថ្មីនេះទេ ហើយក៏មិនមានការណែនាំឱ្យមន្ត្រីប៉ូលិសតាមខេត្ត ចុះធ្វើការណែនាំដល់អាជីវកម្មបែបនេះដែរ។
លោកថា៖ «ខ្ញុំដូចជាអត់បានទទួលគោលការណ៍ហ្នឹងទេ ប៉ុន្តែការចុះទៅអប់រំរបស់ស្នងការដ្ឋានខេត្តសៀមរាបអ៊ីចឹងគឺល្អរបស់ គាត់ហើយដើម្បីបង្ការទុកជាមុន»។
បើតាមបុគ្គលិកម្នាក់នៅក្រុមហ៊ុន True Money (Cambodia) Limited បានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា ខាងក្រុមហ៊ុនមិនទាន់ទទួលបានករណីឆបោកថ្មីនេះទេ ប៉ុន្តែលោកថាចំពោះប្រជាពលរដ្ឋដែលធ្វើជាភ្នាក់ងាររបស់ក្រុមហ៊ុន ដើម្បីបើកអាជីវកម្មផ្ទេរប្រាក់ និងដកប្រាក់គឺត្រូវតែមានលុយគ្រប់គ្រាន់ដោយលុយមួយចំនួនទុកបើកឱ្យអតិថិជន និងមួយចំនួនទៀតតម្កល់ទុកក្នុងម៉ាស៊ីន។
លោកបញ្ជាក់ថា៖ «នៅពេលគេមកដកលុយ អ៊ីចឹងភ្នាក់ងារហ្នឹងត្រូវមានលុយក្នុងដៃឱ្យគាត់ហើយគណនីរបស់ភ្នាក់ងារកើនឡើងចំនួនទឹកប្រាក់ហើយនៅពេលដែលគេមកវេរលុយ អ៊ីចឹងភ្នាក់ងារហ្នឹងត្រូវមានលុយនៅក្នុងម៉ាស៊ីនដែរ»។
លោក ទ្រី រតនា អាជីវករម្នាក់បើកកន្លែងផ្ទេរប្រាក់ និងដកប្រាក់ ទ្រូ ម៉ាន់នី នៅរាជធានីភ្នំពេញបានលើកឡើងថា លោកពុំធ្លាប់ជួបករណីបោកប្រាក់នេះទេ ប៉ុន្តែលោកថាព័ត៌មានខ្លះដែលថា មានអ្នកត្រូវចាញ់បោកអាចដោយសារពលរដ្ឋទាំងនោះខ្វះការយល់ដឹង និងជឿថាមានការផ្ដល់រង្វាន់ចំពោះការប្ដូរលេខកូដក្នុងម៉ាស៊ីនថ្មី។
លោកថា៖ «ប្រសិនយើងប្រាប់លេខគណនីម៉ាស៊ីនយើងទៅឱ្យគេ អាហ្នឹងគេអាចរកឃើញលេខកូដ អ៊ីចឹងគេអាចដកប្រាក់ដែលទុកនៅក្នុងម៉ាស៊ីនហ្នឹងបានហើយ»៕