
គ្រាប់ត្នោត ៣ ម៉ឺនគ្រាប់ ត្រូវបានដាំដោយមន្ត្រីពាក់ព័ន្ធខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សសាលាសរុបប្រមាណ ៥០០ នាក់ ដែលដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ រដ្ឋបាលខេត្តស្ទឹងត្រែង
ស្ទឹងត្រែងៈ ត្នោតចំនួន ៣ ម៉ឺនគ្រាប់ ត្រូវបានដាំនៅអមសងខាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ ០៤០ ទៅដល់បង្គោលព្រំដែនលេខ ០៤២ ដែលមានប្រវែងចំនួន ១០ គីឡូម៉ែត្រ កាលពីថ្ងៃទី ១១ សីហា ដែលមន្ត្រីខេត្តស្ទឹងត្រែងអះអាងថា នេះគឺជាការដាំដើមត្នោតលើកទី៣ ដើម្បីជាការថែរក្សាអត្តសញ្ញាណជាតិ និងការពារអធិបតេយ្យភាពជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
គ្រាប់ត្នោតទាំង ៣ ម៉ឺនគ្រាប់នេះ ត្រូវបានដាំដោយមន្ត្រីពាក់ព័ន្ធខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សសាលាសរុបប្រមាណ ៥០០ នាក់ ដែលដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ នេះបើតាមការផ្សាយក្នុងហ្វេសប៊ុករបស់រដ្ឋបាលខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន ថ្លែងថា ដើមត្នោត គឺជារុក្ខជាតិផ្ដល់គុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងជាតំណាងអត្តសញ្ញាណជាតិ ដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរតែងសម្គាល់ថា ជាទេសភាពនៃទឹកដីរបស់ខ្លួនតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។
លោកថា៖ «សកម្មភាពដាំដើមត្នោតនេះ គឺជាសកម្មភាពប្រវត្តិសាស្ដ្ររបស់ខេត្តក្នុងការបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងព្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឱ្យស្រឡាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន»។
តាមលោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែងថា នេះជាលើកទី៣ ហើយ ដែលមន្ត្រីខេត្តស្ទឹងត្រែងនាំគ្នាដាំគ្រាប់ត្នោតនៅតាមផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលលើកទី១ ដាំក្នុងឆ្នាំ ២០១៧ និងលើកទី២ ដាំក្នុងឆ្នាំ ២០១៨។ បើសរុបទាំង ៣ លើក គឺដាំបានចម្ងាយផ្លូវជិត ៤០ គីឡូម៉ែត្រ ហើយរដ្ឋបាលខេត្ត គ្រោងនឹងដាំបន្តបន្ទាប់ទៀត នៅតាមសងខាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែងសរុប ១៥៣ គីឡូម៉ែត្រ។
លោក ម៉ែន គុង ប្រាប់ម្សិលមិញថា៖ «នៅពេលដើមត្នោតទាំងអស់ហ្នឹងដាំមកហើយ និងនៅពេលអនាគត កូនចៅជំនាន់ក្រោយប្រាកដជាដឹងថា តំបន់ហ្នឹង គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ជាពិសេសប្រជាពលរដ្ឋនៅតាមព្រំដែនកុំឱ្យពិបាកយល់ច្រឡំ ថាចូលទៅក្នុងទឹកដីឡាវ ឬឡាវចូលមកទឹកដីខ្មែរ»។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនលើកឡើងថា ពុំមានការណែនាំឱ្យមានការដាំដើមត្នោតនៅតាមតំបន់ព្រំដែនឡើយ ប៉ុន្តែខាងគណៈកម្មាធិការកិច្ចការព្រំដែន គាំទ្រចំពោះខេត្តណាដែលមានស្មារតីដាំដើមត្នោតបែបនេះ។
លោកស្រីថ្លែងថា៖ «យើងគាំទ្រ មិនថា តែដើមត្នោតទេ ដើមអីក៏ដោយ ខ្ញុំគាំទ្រឱ្យដាំនៅតំបន់ជាយដែន ហើយបើបានដាំដើមត្នោតបន្ថែមលើបង្គោល (ព្រំដែន) ដែលយើងមានស្រាប់ ក៏រឹតតែល្អ»៕