ស្វាយរៀងៈ រដ្ឋបាលខេត្ត​ស្វាយរៀង​បានចេញ​សេចក្តី​ជូនដំណឹង​ដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការទិញ​ដីឡូត៍​​នៅក្នុង​ខេត្ត ដើម្បី​កុំឱ្យ​មាន​ការខាតបង់​ផលប្រយោជន៍​ទៅ​ថ្ងៃក្រោយ​ដោយសារ​មាន​ក្រុមហ៊ុន​​ខ្លះ​ពុំទាន់​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ហើយ​មុននឹង​សម្រេច​ចិត្ត​ទិញ​ត្រូវ​សាកសួរ​ព័ត៌មាន​ពី​គម្រោង​ឱ្យបាន​ច្បាស់​សិន​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ បាន​ឱ្យ​​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន និង​អាជីវករ​ដែល​ធ្វើ​អាជីវកម្ម​ពុះ​ដីឡូត៍​លក់​នៅ​ភូមិសាស្ត្រ​ខេត្តស្វាយរៀង​បាននិង​កំពុង​​រីកដុះដាល និង​មាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ​ក៏ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ ឬ​អាជីវករ​មួយចំនួន​នៅ​ពុំទាន់​មាន​លិខិតអនុញ្ញាត​អភិវឌ្ឍន៍​ដី ​លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ដីឡូត៍​ដែល​ចេញ​ដោយ​អាជ្ញាធរ​មន្ទីរអង្គភាព​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ​។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​បាន​រំឭក​ពលរដ្ឋ​ថា មុននឹង​សម្រេចចិត្ត​ទិញ​ដីឡូត៍​នៅ​ទីតាំង​ណាមួយ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​សាកសួរ​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន ឬ​អាជីវករ​ម្ចាស់​គម្រោង​ពុះ​ដីឡូត៍​​នោះ​ឱ្យបាន​ច្បាស់លាស់ ថា​តើ​មាន​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្ត​ហើយ​ឬ​នៅ​?​។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់ថា ដើម្បី​បញ្ចៀស​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​មួយចំនួន​ដែល​ឆ្លៀតឱកាស​បន្លំ​បោកប្រាស់ ឬ​កេងចំណេញ ដោយ​ប្រការ​ណាមួយ សូម​ពលរដ្ឋ និង​សាធារណជន ពិនិត្យ​និង​ស្វែងយល់​ឱ្យ​ដោយ​ការយក​ចិត្ត​ទុកដាក់​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​។ ​ក្នុងនោះ​រួមមាន​៖ ១- ​លិខិតអនុញ្ញាត​អភិវឌ្ឍន៍​ដី​។ ២- ​លិខិតអនុញ្ញាត​អាជីវកម្ម ឬ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ដីឡូត៍​។ ៣- ​កិច្ចសន្យា​ពាក់ព័ន្ធ និង ៤- ​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ដី និង អត្តសញ្ញាណ​ម្ចាស់​អចលនវត្ថុ​ជាដើម​។

បើតាម​រដ្ឋបាលខេត្ត​ស្វាយរៀង​ក្នុង​ករណី​បងប្អូន​ពលរដ្ឋ​នៅមាន​មន្ទិល​អំពី​ព័ត៌មាន​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ពុះ​ដីឡូត៍​ណាមួយ​សូម​ទាក់ទង​មកកាន់​រដ្ឋបាល​ក្រុង-ស្រុក​ដែល​ទីតាំង​ដីឡូត៍​នោះ​ស្ថិត​នៅ ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ឬ​រដ្ឋបាលខេត្ត ដើម្បី​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។

លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​បន្ថែម​កាលពី​ថ្ងៃ​ ១០ កុម្ភៈ​ថា កន្លងមក​មិនមាន​ករណី​ណាមួយ​កើតឡើង​ទេ ប៉ុន្តែ​ការជូនដំណឹង​នេះ​គ្រាន់តែ​ជា​ការគិតគូរ​ដើម្បី​ការពារ​កុំឱ្យ​ពលរដ្ឋ​កុំ​ចាញ់បោក​និង​ខាតបង់​ផលប្រយោជន៍​នៅពេល​ខាងមុខ ព្រោះ​បច្ចុប្បន្ននេះ​អាជីវកម្ម​ដីឡូត៍​ក្នុង​ខេត្ត​បាន​និង​កំពុង​រីកចម្រើន​។

បើតាម​លោក ពិសិដ្ឋ ស្ថានភាព​នៃ​ការពុះ​ដីឡូត៍​ក្នុង​ខេត្ត​មាន​ច្រើន ដោយ​ពេល​ខ្លះ​ការអភិវឌ្ឍ​មួយចំនួន ហាក់​មិន​គោរព​តាមច្បាប់ ដូចជា​មិនមាន​ផ្លូវ ភ្លើង និង​ទឹក​ដោយពេល​លក់​ចប់​គឺ​គាត់​ដើរចេញ​។ ​ដូច្នេះ​ច្បាប់​ថ្មី​ដែល​បានចេញ​កន្លងមកនេះ​ក្រុមហ៊ុន ឬ​អាជីវករ​ត្រូវ​អភិវឌ្ឍ​ឱ្យបាន​ ១០ ​ភាគរយ ឬ​ ៣០ ​ភាគរយ គឺ​មានន័យថា មាន​ផ្លូវ មាន​លូ ភ្លើង និង​ទឹក​។ នៅពេល​អភិវឌ្ឍ​ទាំងអស់​នេះ​បាន​ហើយ​ទើប​អាច​ពុះ​ជា​ឡូត៍​លក់បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​គ្រាន់តែ​ការពារ​ពលរដ្ឋ​របស់​យើង​សួរនាំ​ទៅលើ​ទិដ្ឋភាព​ច្បាប់ និង​បញ្ហា​ពាក់ព័ន្ធ​នានា​កុំឱ្យ​ទាល់​មាន​បញ្ហា​គាត់​ចោទ​មកលើ​អាជ្ញាធរ​ ឬ​ក៏​រដ្ឋបាលខេត្ត​យើង​ថា មិន​​បាន​ជូនដំណឹង​ដល់​គាត់​។ មួយវិញ​ទៀត គឺ​យើង​គ្រាន់តែ​ជួយ​សម្រួល​ដល់​ការរកស៊ី​របស់​ម្ចាស់​គម្រោង​ដោយ​ត្រូវធ្វើ​យ៉ាង​ឱ្យ​មាន​យុត្តិធម៌​ទាំង​អ្នករកស៊ី និង​ប្រជាពលរដ្ឋ​»​។

លោក ហេង ជីវ័ន្ត ម្ចាស់គម្រោង​ដីឡូត៍​មួយ​នៅ​ក្រុង​ស្វាយរៀង​បាន​គាំទ្រ និង​ចាត់ទុក​ការជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ថា ជាការ​ជួយ​ទប់​ស្កាត​អ្នករកស៊ី​មិន​ត្រឹមត្រូវ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នករកស៊ី​សុចរិត​។ ​ប៉ុន្តែ​​លោក​ថា ពលរដ្ឋ​នៅទីនេះ បើ​ដឹងថា ដី​ណា​មិនមាន​ច្បាប់​អនុញ្ញាត​គឺ​ពួកគេ​មិន​ទិញ​ទេ​។

ទោះ​ជា​យ៉ាងណា លោក ជីវ័ន្ត បាន​បញ្ជាក់ថា ការរកស៊ី​ពុះ​ដីឡូត៍​នៅទីនេះ​ (​ខេត្ត​ស្វាយរៀង​) ​នៅ​មាន​ការលំបាក​ច្រើន ព្រោះ​ត្រូវ​ការចំណាយ​ច្រើន​ដែល​ខុសពី​ខេត្ត​ផ្សេងៗ ដោយសារ​មាន​បង្គោល និង​ខ្សែភ្លើង​ហើយ តែ​គេ​មិន​អូស​ខ្សែ​ឱ្យ​ទេ លុះត្រាតែ​ទៅ​ជួប​ខាង​មន្ត្រី​អគ្គិសនី រួច​​ចរចា​គ្នា ទើប​គេ​មក​ដាក់​ឱ្យ​​ហើយ​ចំពោះ​ប្រព័ន្ធ​ទឹក​វិញ​ក៏​ដូចគ្នា​ដែរ​។

លោក​ថា​៖ «​អាជ្ញាធរ​ហាក់​មិន​ជួយ​សម្រួល​ដល់​ម្ចាស់​គម្រោង​សោះ បើទោះបី​បាន​លើកសំណើ​នេះ​ទៅ​កាន់​រដ្ឋបាលខេត្ត​ដើម្បី​ឱ្យជួយ​ដោះស្រាយ ប៉ុន្តែ​ហាក់​ដាក់​ទៅ​ស្ងាត់ឈឹង​»៕

វីដេអូ៖