កោះកុងៈ ​រដ្ឋបាល​ខេត្តកោះកុង​ឱ្យ​​រដ្ឋបាល​ស្រុក​បទុមសាគរ និង​អាជ្ញាធរ​ឃុំ​ពាក់ព័ន្ធ ចុះ​ស្រង់​ទិន្នន័យ​ឈ្មោះ​ពលរដ្ឋ​ក្នុងចំណោម​ ១៣១ ​គ្រួសារ​ ដែល​ទទួលរង​ការប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ីណូម៉ិចស៊ីម​​នៅ​ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ​​ និង​អ្នក​ដែល​បាន​លក់​ដី​ក្នុង​តំបន់​នេះ​ទៅឱ្យ​ឈ្មូញ​រកស៊ី​ដីធ្លី ឱ្យបាន​ច្បាស់លាស់ ដើម្បី​យកមក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការដោះស្រាយ​បញ្ហា​។

លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ពី ថ្ងៃ​ ១០ មីនា​ថា រដ្ឋាភិបាល​បានសម្រេច​កាត់ឆ្វៀល​ដី​ទំហំ ៥៩៨ ហិកតា ​ចេញ​​ពី​ឧទ្យាន​ជាតិ​បទុម​សាគរ​មក​ជូន​ពលរដ្ឋ​ ១៣១ ​គ្រួសារ និង​បាន​បំពេញ​សលាកបត្រ​ព័ត៌មាន​រួចរាល់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅក្នុង​ឆ្នាំ​ ២០១៩ បន្ទាប់ពី​​បាន​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​​របស់​ក្រុមហ៊ុន​ស៊ីណូម៉ិចស៊ីម​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទីនោះ​។

លោក​បាន​ថ្លែងថា បន្ទាប់ពី​មាន​ការទាមទារ​ពី​ពលរដ្ឋ ក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម បានប្រគល់​ដី​ទំហំ ៥៩៨ ​ហិកតា​ ឱ្យ​អាជ្ញាធរ​បែងចែក​ជូន​ពួកគាត់​វិញ​ដោយ​ក្នុង​ ១ ​គ្រួសារ ​បាន​ក្បាលដី​ទំហំ​ ២០x៥០ ​ម៉ែត្រ​សម្រាប់​ដី​លំនៅឋាន​។

ប៉ុន្តែ​ដោយ​ពលរដ្ឋ​ទាំងនោះ រង​ផលប៉ះពាល់​យូរ​ឆ្នាំ អាជ្ញាធរ​បាន​សម្រេច​ឱ្យ​ក្បាលដី​ទំហំ​ ២០x៧០ ​ម៉ែត្រ នៅជាប់​​ផ្លូវ និង​ទី​ ២ ក្បាលដី​ទំហំ​ ២០x១០០ ​ម៉ែត្រ ដី​បន្ទាប់ពី​ផ្លូវ​។

បើតាម សុខសុទ្ធី ដី​ដែល​នៅសល់​ត្រូវ​បាន​រៀបចំ​ទុកជា​ដី​បម្រុង​របស់​រដ្ឋ​ក្នុងការ​សាងសង់​សាលារៀន មន្ទីរពេទ្យ រៀបចំ​ទីលាន​ចាក់សំរាម និង​ធ្វើ​​ជា​កន្លែង​សាធារណៈ​ផ្សេងទៀត​។ ​ក្នុង​ការបែងចែក​នេះ គឺមាន​ពលរដ្ឋ​ ៧០ ​គ្រួសារ​បាន​យល់ព្រម​ទទួល​តាម​ការរៀបចំ​ឱ្យ​របស់​អាជ្ញាធរ​ដែនដី ប៉ុន្តែ​មាន ៦១ ​គ្រួសារ​ផ្សេង​បានទាមទារ​ដី​ចំនួន​ ២ ​ឬ​ ៣ ​ហិកតា​សម្រាប់​ធ្វើ​ចម្ការ​ទៀត​។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ប៉ុន្តែ​ក្រោយមក​មាន​ឈ្មួញ​ចំនួន​ ៤ ​នាក់​ (​អ្នករស់នៅ​ក្រៅពី​តំបន់​នេះ​) ​បាន​មក​ទិញ​ដី​ក្នុង​តំបន់​នេះ ដោយ​អះអាង​ថា ក្នុង​ម្នាក់ៗ​បាន​ទិញ​ដី​ចំនួន​ ១៨១ ​ហិកតា ខ្លះ​ថា​ ១៥ ​ហិកតា ខ្លះ​ថា​ ២០ ​ហិកតា និង​ខ្លះ​ទៀតថា​ទិញ​ ៦០ ​ហិកតា ។ បើ​បូក​សរុប​ទៅ​វា​ស្ទើរ​អស់​ដី​របស់​ពលរដ្ឋ​ ១៣១ ​គ្រួសារ ​ដែល​នឹង​ទទួលបាន​នោះ​ទៅហើយ​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​មិនមាន​​សិទ្ធិ​ក្នុង​ការលក់​ទេ ប៉ុន្តែ​បើ​ពួកគេ​ [​ឈ្មួញ​] ​មិនបាន​ទិញ តើ​ពួកគេ​បាន​ដី​មកពី​ណា​? ​ឥឡូវ​ខ្ញុំ​ឱ្យ​អាជ្ញាធរ​សិក្សា​រឿង​ហ្នឹង​ឱ្យ​ខ្ញុំ​សិន ហើយ​នៅពេលដែល​ទទួលបាន​ចម្លើយ​ថា យ៉ាងម៉េច យើង​នឹង​រក​វិធី​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៅ​តាម​ហ្នឹង​ថែមទៀត​។ ​តែ​ខ្ញុំ​សូម​​បញ្ជាក់ថា ដី​ទាំងនេះ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​ទៀត​ទេ ព្រោះ​គេ​បាន​កាត់​ឆ្វៀល​រួចហើយ​ជាង​ ៥០០ ​ហិកតា​»​។

លោក មឿង ឃុន មេភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ​បាន​ថ្លែង​កាលពី​ថ្ងៃ​ ១០ មីនា​ថា ដី​នេះ​ត្រូវបាន​រដ្ឋ​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ទាំង​ ១៣១ ​គ្រួសារ​នេះ​រួចហើយ ប៉ុន្តែ​យូរៗ​ទៅ​ពួកគាត់​បានកាត់​លក់​បន្តិច​ម្តងៗ​ទៅ​​ឱ្យ​ឈ្មួញ​ដែល​មិន​រស់នៅក្នុង​តំបន់​នេះ​។ ​ទោះជា​យ៉ាងណា រដ្ឋ​គ្រាន់តែ​ចង់ដឹង​ទិន្នន័យ​របស់​អ្នកទិញ​មាន​ចំនួន​ប៉ុន្មាន​ហិកតា​ក្នុង​ម្នាក់ៗ​ក្នុងចំណោម​ដី​ជាង​ ៥០០ ​ហិកតា​នោះ ដើម្បី​ងាយស្រួល​ក្នុង​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ស្ទើរតែ​ ៩០ ​ភាគរយ​នៃ​ចំនួន ១៣១ ​គ្រួសារ​នេះ​បាន​លក់​ទៅឱ្យ​ឈ្មួញ ប៉ុន្តែ​យើង​កំពុង​ស្វែងរក​អ្នកទិញ​ដី​ក្នុង​ទំហំ​ធំៗ​​ទាំងនេះ​សិន តើ​ម្នាក់​មាន​ដី​ប៉ុន្មាន​ហិកតា​សេសសល់​ដី​ប៉ុន្មាន​ដាក់​លើ​តុ​ទាំងអស់​គ្នា ចាំ​យើង​គិតគូរ​ដោះស្រាយ​គ្នា​ឱ្យមាន​ភាពរលូន​»​។

បើតាម​លោក មឿង ឃុន កាលពី​ដើមឡើយ​ពលរដ្ឋ​បាន​ស្នើសុំ​ដី​ ៥ ​ហិកតា​ ក្នុង​ ១ ​គ្រួសារ ប៉ុន្តែ​មិនបាន​នោះទេ ព្រោះ​ដី​មាន​ទំហំ​តូច ហើយ​ក្រោយមក​​ក៏​ស្នើសុំ​ត្រឹម​ ២ ​ហិកតា​ ក្នុង​ ១ ​គ្រួសារ​ទៀត ប៉ុន្តែ​នៅតែ​មិន​ទទួលបាន​។ មាន​ពលរដ្ឋ​មួយ​ចំនួន​បានកំណត់​ខ្លួនឯង និង​ទាមទារ​ក្នុង​ ១ ​គ្រួសារៗ​ចំនួន ២ ​ហិកតា ឬ​ ៥ ​ហិកតា​។

លោក ថោង ច័ន្ទដារ៉ា អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​កោះកុង​ថ្លែងថា​បញ្ហា​នេះ​លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ស្រាវជ្រាវ​ដល់​ទីតាំង​ជាក់ស្តែង​នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​លោក​មិន​រំពឹងថា ពលរដ្ឋ​ចូលរួម​សហការ​ទេ ព្រោះ​លោក​យល់​ថា ពលរដ្ឋ​ខ្លះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​ដី​នេះ​។

យ៉ាងណាក្ដី​លោក ថោង ច័ន្ទដារ៉ា បាន​បញ្ជាក់ថា អាជ្ញាធរ​គួរតែមាន​​វិធានការ និង​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​ ១៣១ ​គ្រួសារ​នេះ​ឱ្យ​ចប់​សព្វគ្រប់​តាំងពី​យូរ​មកហើយ ប៉ុន្តែ​នៅ​​ពេល​មាន​ផែនការ​ថ្មី​ទើប​ចាប់​ផ្តើមធ្វើ​ ឬ​ស្រាវជ្រាវ ជាហេតុ​ធ្វើឱ្យ​មាន​ការច្របូកច្របល់ ដោយសារ​មាន​ពលរដ្ឋ​ខ្លះ​បាន​លក់​ដី​រួចទៅហើយ តែ​បាន​ទាមទារ​យក​ដី​មកវិញ​៕