កោះកុងៈ ​លោកស្រី​ មិថុនា ​ភូ​ថង ​អភិបាលខេត្ត​កោះកុង​ គ្រោង​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​​​ទៅមក​ លើផ្លូវ​ជាតិ​លេខ​ ៤៨ ដែល​កំពុង​រង​ការ​​ខូចខាត​ ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រុមការងារ​ជំនាញ​ជួស​ជុល​កែលម្អ​ឱ្យបាន​រឹងមាំ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​ ២ ​ស្តីពី​ការរៀបចំ​បុណ្យ​សមុទ្រ​កាលពី​ថ្ងៃទី​ ៣០​ ខែ​កញ្ញា​លោកស្រី​ មិថុនា​ ភូ​ថង​បាន​ឲ្យ​ដឹង​​ថា ​លោកស្រី​នឹង​សរសេរ​លិខិត​ជា​ផ្លូវការ​មួយ ​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ​ទាំងអស់​ ក្នុង​​ខេត្តកោះកុង សុំ​ផ្អាក​សកម្មភាព​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​ ៤៨ ​ជា​បណ្តោះ​អាសន្ន​។​

​បើតាម​អភិបាល​ខេត្ត​កោះកុង ​ហេតុដែល​អាជ្ញាធរ​ចាំបាច់​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍សម្រាប់​រថ​យន្ត​ធុន​ធ្ងន់​ ​គឺ​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​ដែល​កំពុង​​រង​ការ​​ខូចខាត​។ ​ពិសេស​ទុកពេល​វេលា​ដល់​ក្រុម​ការងារ​ជំនាញ​មានលទ្ធភាព​គ្រប់គ្រាន់​ សម្រាប់​ជួសជុល​ផ្លូវ​​​ ឲ្យ​បាន​រឹងមាំ​ស្អាត​ល្អ​ សម្រួល​ដល់​ការធ្វើ​ដំណើរ​ខណៈ​ពិធីបុណ្យ​សមុទ្រ​ខិត​ជិត​មកដល់​។​

លោក សុខ សុទ្ធី អភិបាល​រងខេត្ដ​កោះ​កុង និងជាអ្នកនាំពាក្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​កាល​​ពី​ម្សិល​មិញ​ថា នេះ​ជាគម្រោង​មួយ​របស់​ខេត្ដ ហើយ​ថ្ងៃ​អង្គារនេះ​ នឹង​លើក​ឡើង​មក​ពិភាក្សា​បន្ថែម​ ដើម្បី​រក​ដំណោះស្រាយ​រួម​។

លោក​បន្ដថា​៖«បើសិន​ជារថយន្ដ​របស់​ពួកគាត់​អាច​ ជួយ​កាត់​ទ្រុង​ មិន​ដឹក​លើស​ទម្ងន់ យើង​​មិន​ផ្អាកអីទេ។ ប៉ុន្ដែ​បើសិន​ជាផ្លូវ​ឆ្ងាយ​ ហើយ​ពិបាក​ធ្វើ​ដំណើរ​បែបនេះ ទាល់តែផ្អាក​មួយ​រយៈ​សិន ដើម្បី​ជួសជុល​ឲ្យ​ដី​វារឹង​សិន​ទើប​អាច​ចរាចរណ៍​បាន​​​»។

បើ​តាម​លោក សុទ្ធី នាពេល​ថ្មីៗ​នេះ ​អាកាស​ធាតុ​នៅក្នុង​ខេត្ត​កោះកុង​ ហាក់​មាន​អំណោយផល​ច្រើន​ដល់​ក្រុមការងារ​អាច​ជួស​ជុល​ផ្លូវ​នៅ​តាម​តំបន់​មួយ​ចំនួន​ ដែល​រង​ការខូចខាត​ខ្លាំង​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤៨​។​ ប៉ុន្តែ​​បាន​រង​ការខូចខាត​ខ្លះៗ​ទៅវិញ ដោយ​សារ​​​តែ​មិនអាច​​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹក​ទំនិញ​ធំៗ​​បាន​។

​លោក​ អន​ ដា​វុ​ធ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះ​កុង ធ្លាប់​​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ថា លោក​​​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល ​និង​កងរាជ​អាវុធហត្ថ​ខេត្ត ​ចុះ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​តាម​ដងផ្លូវ​ជាតិ​លេខ ​៤៨​ ជា​បន្ត​បន្ទាប់​​​។​

​លោក អន ដា​វុ​ធ ក៏ធ្លាប់​បានដាក់​សំណើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដើម្បី​បង្កើត​​ស្ថានីយថ្លឹង​រថយន្ត​ធំៗនៅ​ផ្លូវ​លេខ​ ៤៨ ​នេះ​ដែរ​។ ប៉ុន្ដែ​គិត​មក​ដល់​ពេល​នេះ ពុំទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​។

​បើ​តាម​ការវាយតម្លៃ​រប​ស់​ក្រសួង​សា​ធាណ​ការនិង​ដឹក​ជញ្ជូន​គិត​មក​ត្រឹម​ថ្ងៃទី​ ២២ ​ខែសីហា​​ឆ្នាំ ២០១៨​ ទំហំ​នៃ​ការខូចខាត​ផ្លូវជាតិ​លេខ​ ៤៨ ​ចាប់ពី​ស្រុក​ស្រែ​អំបិល​ ដល់​ក្រុង​ខេម​រភូមិន្ទ​ ខេត្ត​កោះ​កុង​ មាន​ប្រវែង​ ៣៥ ​គីឡូ ម៉ែត្រ​ ស្មើនឹង​ ២២,២៦​ ភាគរយ​ រាប់​បញ្ចូល​ទាំង​កំណាត់​ផ្លូវ​ដែល​បាន​កែលម្អ​កាល​ពី​ឆ្នាំ ​២០១៧ ​ផង​ដែរ​៕