បន្ទាយមានជ័យៈ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ទៅ​សមត្ថកិច្ច​ក្រោម​ឱវាទ​នៅ​ទូទាំង​ខេត្ត​​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិនឱ្យ​លេង​គ្រឿងផ្ទុះ ដូចជា​ផាវ កាំជ្រួច​ជាដើម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ១២ ដល់​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

លោក​ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ណែនាំ​ដល់​បណ្ដា​អធិការ​ក្រុង ស្រុក​ទាំងអស់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​អប់រំ និង​ប្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ដោយ​ហាម​លេង​ផាវ រំសេវ និង​ដុត​កាំជ្រួច​គ្រប់​ប្រភេទ​ជា​ដាច់ខាត​។ នគរបាល​ចំណុះ​ស្នងការដ្ឋាន​ត្រូវ​ចុះ​បង្ក្រាប និង​ហាម​ដាច់ខាត​នូវ​ការ​នាំចូល​រំសេវ​ភេរវកម្ម​គ្រប់​ប្រភេទ ហើយ​ត្រូវ​ចុះ​ណែនាំ​ដល់​អាជីវករ​តាម​ផ្សារ​នៅ​តាម​មូលដ្ឋាន​របស់ខ្លួន​អំពី​ផលប៉ះពាល់​នៃ​រំសេវ​ និង​កាំជ្រួច​ដែលជា​អាវុធ​មួយ​ប្រើ​ខុស​អាច​ធ្វើឱ្យ​មនុស្ស​ស្លាប់​។

លោក​ សិទ្ធិ ឡោះ បញ្ជាក់ថា​៖ «​មន្ត្រី​នគរបាល​ជំនាញ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​បាន​ស៊ីជម្រៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ឱ្យ​យល់ដឹង​អំពី​ទង្វើ​ខុសច្បាប់​ពី​ការតាំង​លក់​នាំចូល ការចែកចាយ​ផាវ កាំជ្រួច​គ្រប់​ប្រភេទ​»​។

អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​លោក​ ឃាង ភារម្យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត​នឹង​ធ្វើការ​ប្រជុំ​នៅមុន​ពិធី​ចូលឆ្នាំ​ប្រពៃណី​ចិន ដើម្បី​ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ​ខ្លះ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។

លោក​ប្រាប់ថា​៖ «​ឥឡូវនេះ​ទើបតែ​ពាក់​កណ្តាល​ខែមករា​នៅឡើយ យើង​រង់​ចាំមើល​ចូល​ដល់​កុម្ភៈ​សិន​។ រង់ចាំ​ការប្រជុំ​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​សិន ថា តើ នឹង​មាន​ការដាក់​គោលការណ៍​ណែនាំ​យ៉ាងណា​នោះ ខ្ញុំ​នឹង​ជម្រាបជូន​បន្តទៀត ដោយសារ​ពេលនេះ​យើង​មិនទាន់​មាន​គោលការណ៍​ណែនាំ​អី​នៅឡើយ​ទេ​»​។

បើតាម​មន្ត្រី​នាំពាក្យ​រូបនេះ​ការប្រជុំ​អាច​នឹង​ធ្វើឡើង​នៅ​ ២ ​សប្តាហ៍​មុន​ចូលឆ្នាំ​ចិន ដែល​អាច​នឹង​មាន​ការដាក់​នូវ​ផែនការ​ការពារ​ក៏​ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​សម្រាប់​ពិធិ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​។

លោក​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​នឹង​មាន​ការចេញ​ជា​លិខិត​ជូនដំណឹង​ឱ្យ​មាន​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​អ្វី ដែល​នឹង​ត្រូវ​ហាមឃាត់​ ឬ​មិន​ឱ្យធ្វើ​នៅក្នុង​ពិធី​នេះ​»​។

ជា​រៀងរាល់​ឆ្នាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែងតែ​ហាម​ដាច់ខាត​មិនឱ្យ​មានការ​ដុតផាវ កាំជ្រួច ឬ បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​។ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ ម៉េត មាសភក្តី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សាលា​រាជធានី​ភ្នំពេញ​នឹងមាន​សេចក្តី​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការប្រារព្ធ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​នៅពេល​ខាងមុខនេះ​។

កាលពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ និង​វៀតណាម​ឆ្នាំមុន លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ មិន​ឱ្យ​មាន​ការដុត​ផាវ កាំជ្រួច ឬ​សំឡេង​ផ្ទុះ​ណាមួយ​ឡើយ​។ ហាម​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង និង​ហាម រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​៕

វីដេអូ៖