សៀមរាបៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ ខេត្ដ​សៀមរាប​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​រុករាន ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ និង​អំពាវនាវ​ដល់​មន្ដ្រី​មូលដ្ឋាន​នៅ​ស្រុក ឃុំ ភូមិ​ចូលរួម​សហការ​ក្នុង​ការការពារ​ ខណៈ​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង​ខេត្ដ​នេះ​កំពុង​ទទួល​រង​ការរំលោភបំពាន​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ដ​សៀមរាប​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដីព្រៃ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ក្នុង​ខេត្ដ​សៀមរាប​មាន​ជាង​ ៣ ​ម៉ឺន​ហិកតា​ដែល​ដីព្រៃ​ទាំងនេះ សម្បូរ​ទៅដោយ​ឈើ​ធ្នង់ គ្រញូង និង​ពូជឈើ​ល្អ​លេខ​ ១ របស់​កម្ពុជា​ជាច្រើន​ប្រភេទ​ទៀត​។

លោក​ថា ទោះពី​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​ដាក់​ស្លាក​បម្រាម​ហាមឃាត់ ការរំលោភបំពាន​ជា​រៀងរាល់​ថ្ងៃ​ក្តី​ ប៉ុន្ដែ​ជនខិលខូច​មួយចំនួន​នៅតែ​ឆ្លៀតឱកាស​នៅពេល​ស្ងាត់​ទាំង​ពេលយប់ និង​ថ្ងៃ​ទៅ​កាប់​រុករាន រំលោភបំពាន​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​នេះ​ដដែល​។

លោក គឹមសុទ្ធ បាន​ថ្លែង​ថា​៖ «​ក្នុង​ពេល​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ចុះ​ដាក់​ស្លាក​បម្រាម​ហាមឃាត់​នៅតាម​ដីព្រៃ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ យើង​សង្កេត​ឃើញ​ថា នៅតែ​មាន​ការចូល​ទៅ​រំលោភបំពាន ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ និង​ការលួច​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ផងដែរ​»​។ លោក​បញ្ជាក់​ថា​៖ «​ឲ្យ​តែ​យើង​ចន្លោះ​ប្រហោង​បន្តិច​នឹង​មាន​អ្នក​លួច​ចូល​រុករាន​ទន្ទ្រាន​ដីព្រៃ​ហើយ​។ ការរំលោភបំពាន​នេះ​ភាគច្រើន​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ប៉ុន្ដែ​ក៏មាន​ពលរដ្ឋ​ខ្លះ មក​ស៊ីឈ្នួល​ក្នុង​​ទឹកដី​ខេត្ដ​សៀមរាប​ច្រើន​ឆ្នាំ​ទៅ​ក៏បាន​ទៅ​ចូល​លួច​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នេះដែរ​»​។

លោក​ គឹមសុទ្ធ បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​នូវ​សកម្មភាព​កាប់​រុករាន​ព្រៃឈើ ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ព្រោះ​ជា​អំពើ​ខុសច្បាប់​។ លោក​បន្តថា​៖ «​ការថែរក្សា អភិរក្ស​ព្រៃឈើ​នេះ បើ​ពឹងផ្អែក​តែ​ទៅលើ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ក៏​មិនអាច​រារាំង​ជាប់​ដែរ​ទាល់​តែ​មាន​ការចូលរួម​ថែរក្សា​ការពារ​ពី​ប្រជាពលរដ្ឋ និង​មន្ដ្រី​មូលដ្ឋាន​ស្រុកភូមិ ព្រោះ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​មិនអាច​នៅ​យាម​ដីព្រៃ​នោះ​ជាប់​ជា​ប្រចាំ​បានទេ​»​។

លោក​ សេង លន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួតខ្នារ​ក្រៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​ ៥ ខែ​មិថុនា បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ល្បាត​ព្រៃ និង​ដាក់​ស្លាក​បម្រាម​ហាមឃាត់ ការកាប់​រុក​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​។ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការផ្ទេរសិទ្ធិ​ដីធ្លី ដែល​ជា​ដី​មាន​ការរំលោភបំពាន​លើ​ផ្ទៃដី​ព្រៃ​របស់​រដ្ឋ និង​សំណូមពរ​សុំ​ដល់​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ សហការ​ដោះស្រាយ​ករណី​រំលោភ​យក​ដី​ព្រៃឈើ​របស់​រដ្ឋ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ កន្ទួតខ្នារ​ក្រៅ​ប្រមាណ​ជិត​ ២ ​ម៉ឺន​ហិកតា​កំពុង​រងគ្រោះ និង​ឈាន​ដល់​ការបាត់បង់​ព្រោះ​មាន​ជនខិលខូច​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទិញ-លក់​ដីព្រៃ​របស់​រដ្ឋ​»​។

បើ​តាម​លោក លន ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់ ឆ្នាំ ២០១៩ មាន​អំពើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រំលោភ​វាស់វែង​ផ្ទេរកម្មសិទ្ធិ លក់-ទិញ​ដីព្រៃ​របស់​រដ្ឋ​ជា​បន្តបន្ទាប់​ដែល​បញ្ហា​នេះ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​សៀមរាប​ក៏បាន​ធ្វើ​របាយការណ៍​ទៅ​អាជ្ញាធរខេត្ត​សៀមរាប​ដើម្បី​ចេញ​គោលការណ៍​បញ្ឈប់​សកម្មភាព​ការផ្ទេរសិទ្ធិ ទិញ-លក់​ដីព្រៃ​ក្នុង​តំបន់​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​៕