ព្រះសីហនុៈ អភិបាលខេត្ដ​ព្រះសីហនុ​លោក យន្ដ មីន បាន​បង្ហាញ​ការគាំទ្រ​ការអភិវឌ្ឍ​កំពង់ផែ អ៊ូទូក ក្នុង​ភូមិ​ ៤ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ ដោយ​លោក​យល់​ថា​ជា​ទីតាំង​ផែ​សំខាន់​មួយ​សម្រាប់​ចតទូក​នេសាទ ខណៈ​មន្ត្រី​អង្គការ​មួយ​ក៏​គាំទ្រ​ដែរ ប៉ុន្តែ​ឲ្យ​ចៀសវាង​ប៉ះពាល់​សម្បត្តិ​សាធារណៈ​​ក្នុង​ពេល​ការសម្រេច​ត្រូវ​ឆ្លងកាត់​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​លោក យន្ដ មីន បាន​លើក​ឡើង​ថា ក្រោយពី​លោក​ទទួល​របាយការណ៍​ពី​មន្ត្រី​ដែល​ចុះ​ដល់​ទីនោះ​កាលពី​ថ្ងៃ​​សៅរ៍​គឺ​ខេត្ត​មាន​ការ​គាំទ្រ​ដល់​​ការអភិវឌ្ឍ​ដោយសារ​មើលឃើញ​​ពី​សារៈសំខាន់​នៃ​ការចត​ទូក​។

លោក​ថា​៖ «​កន្លែង​អ៊ូ​ទូក​ហ្នឹង​ជា​គោលការណ៍​គឺ​ខេត្ដ​យើង​គាំទ្រ​គេ​អភិវឌ្ឍ​..​. ព្រោះ​អី​មាន​ទូក​យើង​រាប់ពាន់​គ្រឿង​ដែល​ត្រូវការ​អ៊ូទូក ប៉ុន្តែ​រឿង​បញ្ហា​បច្ចេកទេស​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​នោះ​គឺ​កំពុង​រៀបចំ​ប្លង់​មក​សុំ​ច្បាប់​»​។

ទាក់ទង​នឹង​ការលើក​ឡើង​កន្លង​មក​ដែល​ថា ការអភិវឌ្ឍ​​កំពង់ផែ​អ៊ូទូក​នេះ​មិនមាន​ច្បាប់​នោះ​លោក យន្ដ មីន បាន​អះអាង​​ថា ខេត្ត​បាន​ទទួល​ការស្នើសុំ​រួច​ហើយ តែ​មិន​ទាន់​មាន​ការសម្រេច​​ទេ ខណៈ​ត្រូវ​ឆ្លងកាត់​ពី​ខាង​បច្ចេកទេស និង​ពី​ថ្នាក់ដឹកនាំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ទទួល​បាន​ការស្នើសុំ​ហើយ ប៉ុន្ដែ​ការអនុញ្ញាត​មិន​ទាន់​មាន​ទេ ព្រោះ​មិន​ទាន់​មាន​ការគាំទ្រ​ពី​​ថ្នាក់​លើ​នៅ​ឡើយ ព្រោះ​អី​រឿង​ឆ្នេរសមុទ្រ​នេះ​គឺជា​រឿង​រសើប​ណាស់​ត្រូវ​មាន​ការយល់ព្រម​ពី​គណៈកម្មការ​អភិវឌ្ឍន៍​ឆ្នេរ​ក្នុង​ការគាំទ្រ​ទើប​អាច​ធ្វើ​បាន​...​ការធ្វើ​របៀប​ម៉េចៗ អាហ្នឹង​ខាង​បច្ចេកទេស​ទាល់តែ​អ្នក​បច្ចេកទេស​គេ​ពិនិត្យ​មើល​សិន​។ ​ខាង​បច្ចេកទេស​នេះ​មាន​ន័យ​ថា ខាង​ខេត្ដ​​ និង​ខាង​ក្រសួង​ពិភាក្សា​គ្នា​ថា​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ការអភិវឌ្ឍ​នោះ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សាធារណៈ​ជាដើម​...»​។

កាលពី​ថ្ងៃ​សៅរ៍​ទី​ ៥ ខែ​មករា​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ និង​ខេត្ដ​បាន​ចុះទៅ​ហាមឃាត់​គ្រឿងចក្រ បន្ទាប់ពី​មាន​ព័ត៌មាន​ថា មាន​ករណី​ចាក់ដី​រំលោភ​ឆ្នេរ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។

លោក ឆាយ សុគន្ធដា អភិបាល​ស្រុក​ស្ទឹងហាវ​ដែល​បាន​ចូលរួម​ចុះ​ត្រួតពិនិត្យ​ដែរ​នោះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​សមត្ថកិច្ច​បាន​ឲ្យ​ផ្អាក​ចាក់ដី​​នៅ​ទីតាំង​អ៊ូទូក​បណ្ដោះអាសន្ន រង់ចាំ​ការអនុញ្ញាត​ពី​ថ្នាក់​ខេត្ដ​។

លោក​ថា​៖ «​យើង​ឲ្យ​គាត់​ផ្អាក​​សិន ចាំច្បាប់​សម្រេច​សិន ឥឡូវ​យើង​ឃាត់​យក​គ្រឿងចក្រ​យក​មក​ទុក​នៅ​សាលាស្រុក​សិន ចាំ​ការសម្រេច​ពី​ខេត្ដ​អី​យ៉ាង​ម៉េច ចាំ​បន្ដ​ទៀត​ [​ការធ្វើ​ផែ​អ៊ូទូក​]​។ យើង​គាំទ្រ​ឲ្យ​មាន​ការអភិវឌ្ឍ ប៉ុន្ដែ​ពី​មុន​មក​ស្មាន​តែ​គាត់​ជួសជុល​តិចតួច​អី មិន​ដឹង​ថា​គាត់​ចង់​ធ្វើ​បែប​ស្ដង់ដារ​បែប​នេះ​ដល់​តែ​ស្ដង់ដារ​ត្រូវការ​ស្នើសុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​...»​។

លោក គឹម ហាក់ មេភូមិ​ ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ​ និង​​ជា​តំណាង​សហគមន៍​ពលរដ្ឋ​​នៅ​ឃុំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចំណុច​អ៊ូទូក​នេះ​ទើប​តែ​ផ្លាស់ប្ដូរ​ម្ចាស់​ថ្មី​ដោយ​គេ​មាន​គម្រោង​ពង្រីក​ផែ​ឲ្យ​ធំ​ជាង​មុន​។

លោក​ថា​៖ «​អ៊ូទូក​នេះ​កន្លងមក​អាច​ចត និង​ឡើងគោក​បាន​តែ​ទូក​តូចៗ​ទេ ហើយ​ទូក​ធំៗ​រត់​ទៅ​ឡើង​នៅ​ប្រទេស​ថៃ​... ដល់​ក្រោយ​មក​មាន​ថៅកែ​មួយ​គាត់​ចង់​វិនិយោគ​អ៊ូទូក​ហ្នឹង​។ ​ចំណែក​​ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​មួយ​ចំនួន​ពេញចិត្ដ ព្រោះ​ពួកគាត់​ជា​ប្រជានេសាទ​សមុទ្រ​ពេល​ឡើង​​អ៊ូទូក​ទៅ​ប្រទេស​ថៃ​អីហ្នឹង​ពួកគាត់​ត្រូវ​ចំណាយពេល​ច្រើន​»​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក ស៊ុន សុផាត តំណាង​សហគមន៍​​ដីធ្លី​ក្នុង​ខេត្ដ​ព្រះសីហនុ​ក៏​បាន​សាទរ​ការអភិវឌ្ឍ​នេះ​ដែរ​ដោយ​លោក​ថា​ផ្ដល់​ផលប្រយោជន៍​ដល់​សាធារណជន ប៉ុន្ដែ​លោក​ថា​ត្រូវ​ឲ្យ​ស្របច្បាប់ និង​សុំ​អាជ្ញាធរ​ខេត្ដ​អនុវត្ដ​វិធានការ​ច្បាប់​ឲ្យ​តឹងរ៉ឹង​ចំពោះ​ជនល្មើស​។

លោក​ថា​៖ «​ខ្ញុំ​សុំស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​អនុវត្ដ​តាម​ផ្លូវ​ច្បាប់ រឹតបន្ដឹង​ចំពោះ​ជន​ដែល​អភិវឌ្ឍ​ដោយ​មិន​គោរព​ច្បាប់ ដើម្បី​ធ្វើ​ជា​គំរូ​ចំពោះ​អ្នក​ដែល​អភិវឌ្ឍ​ផ្សេងៗ​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​នៅ​ប្រទេស​ណា​ក៏​មាន​ការអភិវឌ្ឍ​ដូច​នៅ​តំបន់​អ៊ូទូក​បែប​នេះដែរ ព្រោះ​អ៊ូទូក​នេះ​វា​គឺជា​ផែ​មួយ​ដែល​បង្ក​ភាពងាយស្រួល​ដល់​ប្រជាជន​នេសាទ​ចតទូក និង​ជួសជុល​ទូក​របស់​ពួកគាត់​...​ជាដើម​»​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ដែល​តែង​តាមដាន​ករណី​រំលោភ​ដី​ឆ្នេរ និង​ដី​នៅ​តំបន់​ខេត្ត​ជាប់​សមុទ្រ​កាលពី​ម្សិលមិញ​ក៏​បាន​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីតាំង​អ៊ូទូក​ដែរ ប៉ុន្ដែ​លោក​ថា​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្ដិ​សាធារណៈ​ទេ ពោល​គឺ​ត្រូវ​អភិវឌ្ឍ​នៅ​តែ​ចំណុច​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ហើយ​។

លោក​ថា​៖ «...​ការអភិវឌ្ឍ​អ៊ូទូក​នេះ​មិនមែន​ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​ឆ្លងកាត់​រដ្ឋាភិបាល​នោះ​ទេ​នេះ​ជា​រឿង​បុគ្គល​ឯកជន​​ទេ​។ អ៊ីចឹង​មិន​អាច​ធ្វើឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​ទេ ជាពិសេស​យើង​មាន​ច្បាប់​មាន​ឯកសារ​ពាក់ព័ន្ធ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្ដិ​សាធារណៈ​នេះ​»​។

យ៉ាង​ណា​ក្ដី​លោក សុខុម បាន​រិះគន់​ចំពោះ​ករណី​មិន​បាន​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​​បុគ្គល​ដែល​រំលោភ​ឆ្នេរ​កន្លងមក ​ថ្វីបើ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​ឲ្យ​មាន​ការ​អភិវឌ្ឍ​ណា​ដែល​មាន​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្ដិ​សាធារណៈ​ក្ដី​។

លោក​ថា​៖ «​ដូច្នេះ​ខ្ញុំ​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅលើ​បុគ្គល​ [​អ្នករំលោភ​ឆ្នេរ​] ឲ្យ​បាន​តឹងរ៉ឹង​បំផុត​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ធ្វើ​សកម្មភាព​គឃ្លើន ល្មើស​ច្បាប់​ដដែលៗ​ទៀត​ទេ​»​។

គួរ​បញ្ជាក់​ថា​ករណី​ចាក់ដី​លុប​ឆ្នេរ​ធ្វើ​ផែ​អ៊ូទូក​នៅ​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹងហាវ​នេះ កាលពី​ដំបូង​ឡើយ​ម្ចាស់​អ៊ូទូក​បាន​សុំច្បាប់​ទៅ​អាជ្ញាធរ​ស្រុក​ត្រឹម​ជួសជុល​ប៉ុណ្ណោះ ប៉ុន្ដែ​បែរ​ជា​ចាក់ដី​រំលោភ​ចូល​ឆ្នេរ​ក្នុង​ជម្រៅ​ទឹកសមុទ្រ​ជាង​ ៣ ​ម៉ែត្រ ទទឹង ៥០ ​ម៉ែត្រ និង​បណ្ដោយ​ជាង​ ៦០ ​ម៉ែត្រ​ហើយ​កាលពី​សប្ដាហ៍​មុន​បាន​បន្ដ​ចាក់ដី​លុប​រហូត​មាន​ទំហំ​រាប់រយ​ម៉ែត្រ​ទើប​អាជ្ញាធរ​បាន​ចុះ​ទៅ​ហាមឃាត់​ដើម្បី​​ឲ្យ​ម្ចាស់​ទីតាំង​អ៊ូទូក​សុំ​ការ​អនុញ្ញាត​ច្បាប់​សាជាថ្មី​ឡើង​វិញ​។ នេះ​បើ​តាម​លោក​អភិបាលស្រុក​ស្ទឹងហាវ​៕