សៀម​រាបៈ​ ក្រសួង​បរិ​ស្ថាន និង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​កំពុង​សិក្សា​រួម​គ្នាលើ​គម្រោង​ផ្ទេរ​លំ​នៅ​ឋាន​ពលរដ្ឋ​ប្រ​មាណ​ជិត​១ពាន់គ្រួសារ (ប្រ​មាណ​ ៥០០០​ នាក់)​ ចេញ​ពី​ខ្នង​ភ្នំ​គូ​លែន​ បន្ទាប់ពី​មាន​ករណី​កាប់​រាន​យក​ដីព្រៃ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​វប្ប​ធម៌​ធម្ម​ជាតិ​ជា​អ្វី​ដែល​មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ជា​មួយ​នឹង​ការ​ស្នើ​ឱ្យរៀប​ចំ​ទីតាំង​ថ្មីសម​រម្យ​។

លោក នេត្រ ភក្ដ្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំ​ពេញ​បុស្ដិ៍​នៅថ្ងៃទី​១៤ ខែតុលានេះ ​ថា ​មូល​ហេតុ​នៃ​ការ​ផ្ទេរ​កន្លែង​រស់​នៅ​របស់​ពល​រដ្ឋ​នេះ ដោយ​សារ​ភ្នំ​គូលែន​ជា​តំបន់​អភិ​រក្ស ជា​ឧទ្យាន​ជាតិ ខណៈ​ការ​រស់​នៅ​របស់​ពលរ​ដ្ឋ​កន្លង​មក​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន និង​ធន​ធាន​ធម្ម​ជាតិ​។

លោក​បន្ដ​ថា​៖​«​កន្លង​មក​មាន​ការ​កាប់​ទន្ទ្រាន​រាន​យក​ដី​ព្រៃ ​បាន​កើត​មាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ធន​ធាន​ធម្ម​ជាតិ ព្រម​ទាំង​ប៉ះ​ពាល់​ដល់​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​ប្រវត្តិ​សាស្ត្រ​នៅ​ទីនោះ​»។

បើតាម​លោក ​ភក្ដ្រា ដោយ​សារ​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​នេះ ក្រ​សួង​បាន​ធ្វើ​ការ​រួម​គ្នានិង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​ រៀប​ចំ​ទីតាំង​សម​រម្យ​ដើម្បី​ផ្ទេរ​ពល​រដ្ឋ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ងាយ​ស្រួល​ជាង​កន្លែង​ចាស់​ដែល​មិន​ឆ្ងាយ​ពី​ឧទ្យាន​ជាតិ​នេះ​ទេ។

លោក​ថា​៖ ​«គណៈ​កម្ម​ការ​ចម្រុះ​បាន​និង​កំពុង​គ្រប់​គ្រង​ និង​កំណត់​អត្ត​សញ្ញា​ណ​បង​ប្អូន​ពល​រដ្ឋ​ដែល​​កំពុង​រស់​នៅ​លើ​ខ្នង​ភ្នំ​គូលែន មុខ​ព្រះ​អង្គ​ធំ និង​ទឹក​ធ្លាក់​ជា​ដើម​ ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះ​ពាល់ ​និង​បំពុល​បរិស្ថាន​នៅ​តំបន់​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​មួយ​នេះ និង​ក៏​ជា​ទី​កន្លែង​សក្ការៈ​បូជា​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ​»។

យ៉ាង​ណា​ក្ដី ​លោក​ ភក្ដ្រា​ បាន​ឱ្យ​ដឹង​ថា នៅមិន​ទាន់​កំណត់​ពេល​ក្នុង​ការ​ផ្ទេរ​​ពល​រដ្ឋ​ពេល​ណា​ទេ​ ព្រោះ​គណៈ​កម្ម​ការ​ចម្រុះ កំពុង​សិក្សា និង​កំណត់​អត្ត​សញ្ញាណ​បង​ប្អូន​​ពល​រដ្ឋ​។

ការ​ផ្ទេរ​ពលរដ្ឋ​ពី​លើ​ភ្នំ​គូលែន​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ផែន​ការ​សិក្សា​រួម​គ្នា​រវាង​ក្រសួង​ប​រិស្ថាននិង​អាជ្ញា​ធរ​ខេត្ត​សៀម​រាបជា​យូរ​មក​ហើយ ​ប៉ុន្តែ​ទើប​ត្រូវ​បាន​លើក​មក​ជជែក​ជាថ្មី​ក្នុង​ជំនួប​រវាង​អភិ​បាល​ខេត្ត​សៀម​រាប លោក ឃឹម ប៊ុន​សុង និង លោក សៅ សុ​ភាព រដ្ឋ​លេ​ខា​ធិការ​ក្រ​សួង​​បរិ​ស្ថាន​កាល​ពី​ថ្ងៃទី​១១​ខែ​តុលា ឆ្នាំ​នេះ​​។

​ក្នុង​ជំនួប​នោះ លោក សៅ សុភាព លើក​ឡើង​ថា ការ​កាប់​ទន្ទ្រាន​រាន​យក​ដីព្រៃ​បាន​កើត​មាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ធន​ធាន​ធម្ម​ជាតិ និង​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន​ធម្មជាតិ​ប្រវត្តិ​សាស្ត្រ​នៅ​ទី​នោះ​។

លោក ឃឹម ប៊ុនសុង ក៏​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ជំនួប​នេះ​ដែរ​​ថា អាជ្ញា​ធរ​ខេត្ត​បាន​រៀប​ចំ​គណៈ​កម្មការ​ចម្រុះ ក្នុង​ការគ្រ​ប់​គ្រង​ពលរដ្ឋ​ដែល​រស់​នៅខ្នង​ភ្នំ​គូលែន មុខ​ព្រះ​អង្គធំ ​និងទឹក​ធ្លាក់​ជា​ដើម ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​និង​បំពុល​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋា​ន​ធម្ម​ជាតិ​មួយ​នេះ ដែល​ជា​ទី​កន្លែង​សក្ការ​បូជា​។

លោក ​សួស ណារិន មន្ត្រី​អង្គ​ការ​អាដ​ហុក​ប្រចាំ​ការ​នៅ​ខេត្ត​សៀម​រាប​ បាន​គាំទ្រ​ចំពោះ​វិធាន​ការ​​ផ្ទេរ​កន្លែងរ​ស់​នៅ​របស់​ពល​រដ្ឋរ​ស់​នៅ​លើ​ខ្នង​ភ្នំ​គូលែន​នេះ ប៉ុន្ដែ​លោក​ស្នើទៅអាជ្ញាធរ​សូម​រៀប​ចំទីតាំង​ដី​សង្គម​កិច្ច​ឲ្យ​បាន​សម​ស្រប​និង​អាច​ត្រឡប់​មក​ប្រកប​របរ​លើ​ភ្នំវិញ​បាន​ផង​។

លោកថា៖«ការ​រស់នៅ​របស់​ពល​រដ្ឋ​នៅ​ទី​នោះ ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ធន​ធាន​ធម្ម​ជាតិ​ ​ ហើយ​ចំនួន​ប្រជាជន​ក៏ចេះ​តែ​កើន​ឡើង​ដែរ។ ខ្ញុំ​គាំទ្រ​ចំពោះ​ចំណាត់​ការ​នេះប៉ុន្ដែ​សូម​អា​ជ្ញាធរ​ស្វែងរក​ទី​កន្លែង​រស់នៅ​ឲ្យ​​បាន​សម​រម្យដើម្បី​បញ្ចៀ​ស​ទំនាស់​រវាង​ពល​រដ្ឋនិង​អាជ្ញា​ធរ​»។

គួរ​រំឭក​ថាតំបន់​ភូមិ​សាស្ត្រ​ភ្នំ​គូលែនជាទី​តាំង​សម​រភូមិ​ក្ដៅ​នៅ​ពេលដែល​ប្រទេស​កម្ពុ​ជា​មាន​សង្គ្រាម​។​ ក្រោយ​បញ្ចប់​សង្គ្រាម កង​ទ័ព​មួយ​ចំនួន​បាន​សម្រេច​តាំង​ទី​លំ​នៅនៅ​ទី​នោះ​តែ​ម្ដង​រហូត​ដល់​បច្ចុប្ប​ន្ន។

រដ្ឋាភិ​បាល​កម្ពុជា​បាន​ដាក់​តំបន់​ប្រវត្តិ​សាស្ត្រ​ភ្នំ​គូលែនជា​តំបន់​អភិរក្ស ​នៅ​ឆ្នាំ១៩៩៣ ក្រោម​ឈ្មោះ ថា ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​នរោត្តម ភ្នំ​គូលែន ដោយ​មាន​ផ្ទៃដី​សរុប​ជាង​៣​ម៉ឺន​ ៧​​ ពាន់​ហិក​តា​។ នៅ​លើ​ភ្នំ​គូលែន ​មាន​សេស​សល់​ប្រាសាទ​បុរាណ​ជាង​ ៥០ ផ្ទាំង​ថ្ម​ចម្លាក់ កន្លែង​សម្រាប់​សក្ការ​បូជា​ព្រហ្មញ្ញ​សា​សនា និង​ព្រៃ​ឈើ​ជា​ច្រើន​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ការ​កាប់​ទន្ទ្រាន​យក​ដី៕