
កិច្ចប្រជុំនៅកំពតជុំវិញការឆ្វៀលដីនៅតំបន់ឧទ្យានជាតិជូនពលរដ្ឋកន្លងមក។ រូបថត សហការី
កំពតៈ អាជ្ញាធរខេត្តកំពតគ្រោងវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីជូនពលរដ្ឋតែចំនួន ២ ១៣៨ គ្រួសារប៉ុណ្ណោះលើក្បាលដីចំនួន ២ ៥០០ ក្នុងទំហំស្មើនឹង ៦ ៦៤៩ ហិកតានៅក្នុងឧទ្យានជាតិ «ព្រះមុនីវង្សបូកគោ» ក្នុងចំណោមពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកាន់កាប់ចំនួន ៣ ៣៨៦ គ្រួសារលើក្បាលដីចំនួន ៣ ៩១៣ ក្នុងទំហំស្មើនឹង ១២ ២៤៧ ហិកតា ខណៈដីដែលនៅសល់ពីនោះនឹងត្រូវកាត់ចេញវិញ ។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា បន្ទាប់ពីក្រុមការងារមន្ទីរខេត្តបានពិនិត្យមើលទៅលើពាក្យដែលបានដាក់ស្នើសុំពីពលរដ្ឋគឺមានក្បាលដីព្រៃចំនួន ១ ៤១៣ ស្មើនឹង ៥ ៥៩៨ ហិកតាដែលបានកាន់កាប់ដោយពលរដ្ឋ ១ ២៤៨ គ្រួសារនោះនឹងត្រូវកាត់ចេញ ។
លោកបានពន្យល់ថា ជាគោលការណ៍រដ្ឋាភិបាលមិនប្រគល់ដីដែលជាគម្របព្រៃ ឬជាដីព្រៃទៅឱ្យនោះទេ។ ប៉ុន្តែដីដែលមានការបញ្ជាក់ពីឃុំសង្កាត់ និងមានការប្រើប្រាស់ និងដំណាំដាំដុះជាក់ស្តែងគឺក្រុមការងាររបស់មន្ទីរខេត្ត និងស្ថាប័នពាក់ព័ន្ធនឹងវាស់វែងកាត់ជូនពលរដ្ឋដើម្បីអាស្រ័យផលតាមការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបន្តថា៖ «មន្ទីរបរិស្ថានបានប្រមូលទិន្ន័យរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកាន់កាប់ដីជាក់ស្តែងដើម្បីរាយការណ៍ជូនដល់អភិបាលខេត្ត និងតំណាងក្រសួងបរិស្ថានហើយក្នុងករណីនៅក្នុងដីព្រៃយើងត្រូវកាត់ចេញ...អ្នកដែលដាក់ពាក្យស្នើសុំកាន់កាប់ដីនៅក្នុងឧទ្យាននេះ មានទាំងអ្នករស់នៅក្នុងភូមិ អ្នកនៅក្នុងតំបន់នោះជាក់ស្តែង និងអ្នកមកពីខាងក្រៅ ដែលមានការទិញចម្ការ»។
បើតាមលោក ស៊ុយ ធា ទិន្នន័យនេះជារបាយការណ៍បឋមប៉ុណ្ណោះហើយជាគោលការណ៍រដ្ឋបាលខេត្ត និងក្រសួងបរិស្ថានជាអ្នកសម្រេច។ ប៉ុន្តែរបាយការណ៍នេះអាចនឹងមានការប្រែប្រួល បន្ទាប់ថ្នាក់ខេត្តនិង ក្រសួងចុះទៅវាស់វែង និងកាត់ឆ្វៀលដីជូនពលរដ្ឋ។
លោក យន់ ផល្លី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពត បានឱ្យដឹងថា មន្ទីរបរិស្ថានបានប្រាប់ឱ្យពលរដ្ឋដាក់ពាក្យស្នើសុំកាន់កាប់ដីអាស្រ័យផលជាក់ស្តែងនៅឧទ្យានជាតិភ្នំបូកគោនេះដើម្បីដាក់របាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែមិនទាន់មានឃើញខាងមន្ត្រីណាចុះទៅវាស់វែងចែកជូនពលរដ្ឋនោះទេ។
ទន្ទឹមនឹងនេះលោកក៏មិនទាន់ឃើញមានការតវ៉ាពីពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះដែរ ដោយពលរដ្ឋបានធ្វើទៅតាមការអំពាវនាវរបស់អាជ្ញាធរ និងរដ្ឋាភិបាល។ យ៉ាងណាក្ដី លោកថា អាជ្ញាធរហាក់មិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានស្ដីពីការដាក់ពាក្យសុំកាន់កាប់ និងអាស្រ័យផលលើដីជាក់ស្តែងទេដោយអ្នកខ្លះបានដឹងតៗគ្នា។
លោក អ៊ាង តូណា រស់នៅភូមិភ្នំតូច ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ពលរដ្ឋដែលរស់នៅតំបន់ឧទ្យានជាតិ «ព្រះមុនីវង្សបូកគោ» មានអ្នកខ្លះរស់នៅតាំងពីទសវត្សរ៍ ៨០ និង ៩០ រហូតបច្ចុប្បន្ន ដោយមានទាំងការដាំពោត ដំឡូង និងដំណាំរួមផ្សំផ្សេងៗទៀតជាច្រើន។
លោកបន្តថា កាលពីថ្មីៗនេះអាជ្ញាធរបានប្រាប់ឱ្យទៅដាក់ពាក្យស្នើសុំកាន់កាប់ដីប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ប៉ុន្តែមកទល់ពេលនេះ ពុំទាន់ទទួលបានលទ្ធផលថាយ៉ាងណាទេ។
លោកថ្លែងថា៖ «តាមការសង្កេតមើលជាក់ស្តែងរបស់ខ្ញុំឃើញពលរដ្ឋកំពុងរង់ចាំលទ្ធផលពីសំណាក់អាជ្ញាធរក្នុងការចុះមកវាស់វែងដីដែលបានដាក់ពាក្យសុំអាស្រ័យផលជាក់ស្តែង ប៉ុន្តែបើលទ្ធផលមិនពេញពលរដ្ឋអាចនឹងដាក់ពាក្យបណ្តឹងតវ៉ាថែមទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែកក្កដាឆ្នាំនេះបានឲ្យក្រសួងពាក់ព័ន្ធចំនួន ៣ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់អភិរក្ស និងតំបន់ការពារផ្សេងទៀតរបស់រដ្ឋ៕