ភ្នំពេញៈ ស្ថានីយ​ផ្ទេរ​សំរាម​បណ្តោះអាសន្ន​ថ្មី​ ១ ​កន្លែង​ទៀត ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ កំពុង​បន្ត​ការសាងសង់ ខណៈ​អាជ្ញាធរ​មាន​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ថ្មី​ចុងក្រោយ​ ១ ​ទៀត​លើ​ផ្ទៃដី​ជាង ៥០ ​ហិកតា​ នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នាពេល​ខាងមុខ​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ ឈ្មោះ កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា គម្រោង​ដែល​ចេញ​ជា​ផ្លូវការ​សម្រាប់​ដោះស្រាយ​បញ្ហា​ការកកស្ទះ​កន្លែង​ផ្ទុក​សំរាម​គឺ​បាន​សម្រេច​ហើយ ខណៈដែល​ទីលាន​ចាក់សំរាម​ចុងក្រោយ​ដែល​មាន​ផ្ទៃដី​ធំ​ជាង ៥០ ​ហិកតា គ្រោង​នឹង​សាងសង់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាងមុខ​។

លោក​បន្តថា​៖ «(​ក្នុង​រាជធានីភ្នំពេញ​) យើង​មាន​រៀបចំ​ស្ថានីយ​ផ្ទេរ​សំរាម​ចំនួន​ ២ និង​ស្ថានីយ​ផ្ទុក​សំរាម​ចុងក្រោយ​ចំនួន​ ១​។ ចំពោះ​ស្ថានីយ​ផ្ទេរ​សំរាម​បណ្តោះអាសន្ន​ចំនួន​ ២ គឺមាន​ទីតាំងនៅ​ខណ្ឌដង្កោ ដែល​មាន​ស្រាប់ និង​ស្ថានីយផ្ទេរ​សំរាម​ដែល​កំពុង​បង្កើត​ថ្មី នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ ១ ​កន្លែង​ទៀត​ដែលមាន​ទំហំ ១០ ​ហិកតា​»​។

បើតាម​មន្ត្រី​រូបនេះ​ការបង្កើត​ទីលាន​ទាំងនេះ​គឺ​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​ជាក់ស្តែង នៅពេល​ដែល​ទីលាន​ចាក់សំរាម​តែ​ ១ ​គត់​ស្ថិត​នៅក្នុង​ខណ្ឌដង្កោ អាច​នឹង​លែង​ផ្ទុក​សំរាម​បាន​ក្នុង​ពេល​ឆាប់ៗ​។

លោក​បន្ថែមថា​៖ «​ទីលាន​ចាក់សំរាម​ចុងក្រោយ​ដែល​គ្រោង​នឹងធ្វើ​ក្នុង​រយៈពេល ២ ឆ្នាំ​ទៀត​ គឺ​នៅតាម​កំណាត់​ផ្លូវ​លេខ​ ៥១​។ ប៉ុន្តែ​គម្រោង​នេះ មិនទាន់​ត្រូវបាន​ចាប់ផ្តើម​នោះទេ ដោយសារតែ​គម្រោង​នេះ​នៅ​ថ្នាក់ជាតិ ដោយ​រង់ចាំ​ការសម្រេច​ពី​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​បរិស្ថាន​។ យើង​ត្រូវការ​ពេលវេលា​ ២ ​ឆ្នាំ​ទៀត ដើម្បី​អាច​ទទួលបាន​ទីលាន​ចាក់សំរាម ប្រកប​ដោយ​ស្តង់ដា នៅ​ផ្លូវ​ ៥១ នេះ​»​។

បុរស​ម្នាក់ និង​ក្មេងប្រុស​ម្នាក់​កំពុង​ដើរ​រើស​សំរាម​នៅ​គំនរ​សំរាម​ជើងឯក​ក្នុង​ខណ្ឌដង្កោ​ពី​ខែមិថុនា​ ២០២០​។ ហុង មិនា

លោក កែវ ចាន់ណារិទ្ធ ប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៧ ​ខែ​កុម្ភៈ​ថា ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ការកែប្រែ​តាំងពី​ដើមខ្សែ រហូត​ដល់​ចុង​ខ្សែ​។

លោក​បន្តថា ការធ្វើ​កំណែទម្រង់​នេះ​គឺ​ធ្វើការ​កែទម្រង់​រាប់​ចាប់តាំងពី​ការបង្កើត ការប្រមូល​សំរាម និង​ការទុកដាក់​សំរាម​នៅ​ទីលាន​ចុងក្រោយ​។ លោក​បន្តថា ចំពោះ​យន្តការ​ចុងក្រោយ រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ការបង្កើត​នូវ​កន្លែង​ទុកដាក់​សំរាម ក្នុង​នោះ​មាន​ការរៀបចំ​កន្លែង​ផ្ទេរ​សំរាម​ចំនួន ២ កន្លែង​គឺ​នៅ​ខណ្ឌដង្កោ និង​ទីតាំង​ថ្មី​ស្ថិតនៅ​តំបន់​បឹង​តាមោក និង​ទីលាន​ចាក់សំរាម​ចុងក្រោយ​មាន​ផ្ទៃដី​ជាង ៥០ ​ហិកតា ដែល​ស្ថិត​ក្នុងស្រុក​អង្គស្នួល​ខេត្តកណ្តាល​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ទីតាំង​ផ្ទេរ​ចំនួន ២ កន្លែង និង​ទីលាន​ចាក់សំរាម​ចុងក្រោយ​ ១ ​កន្លែង​ ដែល​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​នូវ​អ្វីដែល​ខ្ញុំ និយាយ​នេះ​។ គ្រាន់តែ​ថា នៅ​ចំពោះមុខ​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌដង្កោ​ចាស់​របស់​យើង​នេះ យើង​នៅ​បន្ត​ចាក់ និង​ចាត់ទុកជា​ទីលាន​ចុងក្រោយ​ដដែល​សិន រយៈពេល​ ២ ​ឆ្នាំ​តទៅ​មុខទៀត​នេះ​»​។

លោក​បន្ថែម​៖ «​ក្នុង​រយៈពេល​ ២ ឆ្នាំ​ខាងមុខនេះ គឺ​រដ្ឋាភិបាល​នឹង​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​កែប្រែ​កន្លែង​ចាក់សំរាម​នៅ​ខណ្ឌដង្កោ​នេះ​ឱ្យទៅជា​កន្លែង​ផ្ទេរ​ ១ ​កន្លែង និង​រៀបចំ​មួយកន្លែង​ថ្មី​ទៀត​នៅ​ខាងជើង ឱ្យ​ទៅ​ជា​កន្លែង​ផ្ទេរ​សំរាម​ដែរ​»​។

បើតាម​លោក​ កែវ ចាន់ណារិទ្ធ ចំពោះ​ទីលាន​ចាក់សំរាម​ចុងក្រោយ​ដែល​គ្រោង​នឹង​បង្កើតឡើង​នេះ គឺ​នឹងមាន​មុខងារ​ទទួល​សំរាម ដែល​បាន​ដឹក​មកពី​គ្រប់ទិសទី​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្តកណ្តាល​ហើយ​វា​ក៏​មិនមែន​ត្រឹមតែ​ជាទី​លាន​ចាក់សំរាម​តែ​ ១ ​មុខ​នោះទេ ក្នុងនោះ​ក៏​មាន​ការរៀបចំ​ជា​លក្ខណៈ​បច្ចេកទេស ជុំវិញ​ការកែច្នៃ​សំរាម​ផងដែរ​។

តាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន​សំរាម​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង ១ ថ្ងៃៗ​មាន​ជាង​ ១ ម៉ឺន​តោន និង​ជិត ៤ លាន​តោន​ក្នុង ១ ឆ្នាំ​។ សំរាម​ទាំងនោះ​មាន​ ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក​ និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។ សម្រាប់តែ​រាជធានី​ភ្នំពេញ​សំរាម​ត្រូវបាន​បង្កើតឡើង​ប្រមាណ ៣ ពាន់​តោន​ក្នុង​ ១ ​ថ្ងៃៗ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា សាទរ​ចំពោះ​គម្រោង​បង្កើត​ទីលាន​ចាក់សំរាម​បន្ថែម​។ ប៉ុន្តែ​លោក ថា ការ​មានតែ​កន្លែង​ទុកដាក់​សំរាម​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ រដ្ឋាភិបាល​ត្រូវមាន​ការចាត់វិធានការ​ឱ្យបាន​តឹងរ៉ឹង​បន្ថែមទៀត ចំពោះ​របៀបរៀបរយ​លើ​អ្នក​ចោល​សំរាម​ផ្តេសផ្តាស និង​ការគ្រប់គ្រង​សំរាម​នៅ​កន្លែង​ទីសាធារណៈ ជាពិសេស​នៅ​តាម​ប្រឡាយ​ និង​លូ​។

លោក​ថា​៖ «​រឿង​សំរាម​នេះ គឺជា​យន្តការ​សាធារណៈ​ប៉ុន្តែ​ក្រៅពីនោះ​អាជ្ញាធរ​ត្រូវតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម កុំឱ្យ​ក្លាយ​ជា​អ្នក​ប្រមូល​សំរាម​ផង ក្លាយ​ជា​អ្នក​បង្ហូរទឹក​សម្អុយ​តាមផ្លូវ​ផង ជាពិសេស​ក្រុមហ៊ុន​ស៊ីនទ្រី​នេះ យើង​ឧស្សាហ៍​ឃើញ​ណាស់​។ យើង​ត្រូវ​មើលគ្នា​ជា​ប្រព័ន្ធ​ទាំង​យន្តការ​ប្រមូល​សំរាម ដឹកជញ្ចូន​សំរាម និង​កន្លែង​ចាក់សំរាម​»៕