បាត់ដំបងៈ អាជ្ញាធរ​ចម្រុះ​ស្រុក​សំឡូត បាន​ចុះ​ទៅ​រារាំង​និង​ប​ញ្ឈប់​សកម្មភាព​​ពលរដ្ឋ​ប្រមាណ​ ​១៥០ នាក់ ដែល​ដឹក​​នាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​ម្នាក់បាន​ចូល​​ទៅ​ដាំ​ដើមឈើ​ក្នុ​​ង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើ​នយ៉ា​​ង​សំឡូតដោយ​មិនបាន​សុំ​ច្បាប់​អនុញ្ញាតខណៈ​មាន​កា​រ​​​សង្ស័យថា ​ការ​ចូល​ទៅ​ដាំ​កូនឈើ​​នេះគ្រាន់​តែ​ជា​លេស​​ដើ​ម្បី​​រុករាន​វាតយក​​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​​ធ្វើ​ជា​កម្មសិទ្ធិ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​អាទិត្យ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ ១៥០ នាក់ បានធ្វើ​ដំណើរ​តាម​ឡានក្រុង​ដែល​​ដឹកនាំ​ដោយ​លោក​ សេរី កុស​ល ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បា​ន​ចុះទៅ​ធ្វើ​ពិធី​ដាំ​កូនឈើ​ នៅ​ក្បែរផ្លូវ​បន្ទាត់​ព្រំដែន​ដែល​រដ្ឋាភិបាល​កំពុង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន ហើយ​ក៏​ជា​តំបន់​អភិរក្ស​ «​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត»។

ក្រោយ​សកម្មភាព​ដាំ​ដើម​ឈើ​​កំពុង​ដំណើរការ​​បាន ​១ ព្រឹក និង​ដាំ​ដើមឈើ​បាន​ប្រមាណ​ជាង ២០០ ដើម ក្នុងចំណោម​កូនឈើ​ដែល​គ្រោង​ដាំ​សរុប​ ៦៥០ ដើម អាជ្ញាធរ​ចម្រុះ​ មាន​មកពី​មន្ទី​របរិស្ថានទា​ហាន​ ប៉ូលិស​ អាជ្ញាធរ​មូលដ្ឋាន រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​បរិស្ថាន បានរួម​គ្នា​ចុះ​​ទៅ​រារាំង និង​បញ្ឈប់​សកម្មភាព​ទាំង​នេះ។

លោក ហង្ស ​រៀម មេ​ប៉ុស្តិ៍​​ឃុំ​​សំឡូត បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្រោយ​ទទួលបាន​ការរាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់ ​អាជ្ញាធរបាន​ចុះទៅ​ដល់​ទីតាំង​​ភ្លាមៗ ​ហើយ​​បាន​រារាំង​ដោយ​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ បញ្ឈប់​ការ​ដាំ​កូន​ឈើ។

លោក​បន្តថា ការ​បញ្ឈប់​សកម្ម​ភាព​នេះ ​ព្រោះតែ​​ពលរដ្ឋ​ទាំង​នោះ ​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ណា​មួយ​ក្នុង​តំបន់​នោះ​ឡើយ ស្រប​ពេល​តំបន់​នេះ ជា​តំបន់​ការពារ ​និង​មាន​មីន​ទៀត​ផង។

លោក​ថា៖ «មុនដំបូង​គាត់​ថា ដាំ​ក្នុង​ដី​គាត់ ប៉ុន្តែ​នៅពេល​យើង​ទៅ​សួរនាំ គាត់​ថា ដាំ​ទៅ តែ​យូរ​ទៅ​វា​នឹង​ក្លាយជា​របស់​រដ្ឋ​ហើយ។ គាត់​ដាំ​ផ្តេសផ្តាស ហើយ​ដី​នេះ គឺ​យើង​ហាមប្រាម​ហើយ​ព្រោះ​របស់​រដ្ឋ ណាមួយ​តំបន់​នេះ មាន​មីន​មាន​អី យើង​ខ្លាច​ប៉ះពាល់​សុវត្ថិភាព​ពួកគាត់»។

លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ជាទូ​ទៅ​ការ​ធ្វើ​សកម្មភាព​អ្វី​លើដី​របស់​រដ្ឋ គឺ​ត្រូវតែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព​ជូន តែ​នេះ​ពួកគាត់ ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ លោក​មើល​ឃើញ​ថា នេះ​អាចជា​ចេតនា​មួយ​របស់​ពួកគេ​ក្នុងការ​រុក​រាន​ដើ​ម្បី​កាន់កាប់​លើដី​ទាំងនេះនៅ​ពេ​ល​ដែល​ពួកគេ បាន​ធ្វើ​សកម្ម​ភាព​ដាំ​ដុះ​លើ​ដី​នេះ​ហើយ។

លោក​បន្តថា៖ «គោលបំណង​របស់គាត់ (សេរី កុសល) អាច​ទៅជា​អ៊ីចឹង ព្រោះ​កន្លែង​ហ្នឹង​ជា​កន្លែង​ CMAC កំពុង​ធ្វើ​ផ្លូវ ហើយ​កន្លែង​ហ្នឹង គឺ​វិ​ស្វក​ម្មធំៗ ​កំពុង​ធ្វើ​ផ្លូវ​ទៅដែល​ការដាំ​ហ្នឹ​ង ចំ​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​រដ្ឋាភិបាលកំពុងតែ​ធ្វើ។ ម្យ៉ាង​មាន​ផ្ទុះ​រឿង​លក់ (ដី) អី បាន​ថ្លៃ បាន​អី​អ៊ីចឹង»។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងស្រុក​សំឡូត ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កន្លងទៅ លោក​ សេរី កុសល ធ្លាប់បាន​កាប់ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នេះ​បាន​ប្រមាណ​ ៣០ ហិកតា ដើម្បី​ធ្វើជា​កម្មសិទ្ធិ​រួច​ទៅ​ហើយ។

ជាមួយនឹង​ការចុះ​មក​ដាំ​ក្រោម​ការដឹកនាំ​របស់លោក សេរី កុសល ​នេះ ​ពលរ​ដ្ឋបានដាក់​ការ​សង្ស័យ និង​បារម្ភ​ថា អាច​ជា​លេស​មួយ​ប៉ុណ្ណោះ។ ​«ខ្ញុំ​ដឹង​រឿងរ៉ាវ​ហ្នឹង ​ព្រោះ​លោក​ សេរី កុសល ​ហ្នឹង​ គាត់​រំលោភ​ដី​ក្នុង​តំបន់​អភិរក្ស​អស់​រាប់​សិប​​ហិក​តា​ហើយ នៅ​ជិត​ច្រក ៤០​០។ តាម​ខ្ញុំ​ដឹង នៅពេល​អ្នក​មាន​អំណាចដូច​គាត់អ្នក​នៅ​ខាង​ក្រោម​ហ្នឹង មន្ត្រី​បរិស្ថាន​ហ្នឹង និង​អភិបាល​ស្រុក អ្នក​ភូមិ​អី គាត់​មិនសូវ​ហ៊ាន​ទេរឿង​រ៉ាវ​ថ្មី​ហ្នឹង ដែល​គាត់​យក​កូនឈើ​ទៅ​ដាំ​ហ្នឹង មិនមាន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​អី​ទេគឺ​យក​ពលរ​ដ្ឋ​ដឹក​ឡានក្រុង​មកពី​ភ្នំពេញដែ​ល​ដី​គាត់​ចង់​បាន​ដែរ​អ៊ីចឹង ដើម្បី​គាត់​ពង្រីក​ការ​កាន់​កាប់​របស់​គាត់»។

ភ្នំ​ពេញ​ប៉ុស្តិ៍​មិនអាច​ទាក់​ទង​សុំ​អ​ធិប្បាយ​ពី​លោក សេរី កុស​​​​ល ​​បាន​ទេ​កាលពី​ម្សិលមិញ​ដោយសារ​​ទូរស័ព្ទ​លោក មិន​អាច​ទាក់ទង​បាន។

បើតាម​ប្រធាន​មន្ទី​របរិស្ថាន​ខេត្ត​បាត់​ដំបង​ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ​ស្ថិត​ក្នុង​​ឃុំ​សំឡូត ស្រុក​សំឡូត​ ជាប់​ព្រំដែន​ថៃ​ គឺមាន​ទំហំ​ប្រមាណ ៣ ម៉ឺន​ហិកតា៕​