កំពង់ស្ពឺ: អាជ្ញាធរខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខ្មែរ ៣ នាក់ និងវៀតណាម ២ នាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ដោយហេតុខួងយកថ្មម៉ាបដោយខុសច្បាប់ នៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពីអង្គការមួយបានបង្ហាញព័ត៌មានពីសកម្មភាពខុសច្បាប់របស់ជនសង្ស័យទាំង ៥ នាក់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា៖ «យើងកំពុងកសាងសំណុំរឿង និងរៀបចំរបាយការណ៍ចំពោះជនល្មើសទាំង ៥ នាក់នេះ ពីបទខួងយករ៉ែធម្មជាតិដោយគ្មានលិខិត គ្មានច្បាប់អនុញ្ញាត ហើយវាអាចមានបទល្មើស ១ ទៀត គឺយើងនឹងពិនិត្យទៅលើជនជាតិវៀតណាមថា តើគាត់មកនេះមានច្បាប់ទម្លាប់ត្រឹមត្រូវឬអត់? ដើម្បីចាត់វិធានការតាមច្បាប់កម្ពុជា»។
លោក សំណាង បានអះអាងថាជនសង្ស័យទាំង ៥ នាក់ បានបើកអាជីវកម្មខួងរ៉ែធម្មជាតិគ្មានច្បាប់អនុញ្ញាត ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន និងបិទអាជីវកម្មមិនស្របច្បាប់ អាជ្ញាធរនឹងបន្តនីតិវិធីបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។
លោក យស មន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានថ្លែងពីម្សិលមិញថា ក្រុមការងារមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺបានធ្វើកិច្ចការងារ ដោយសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនជនជាតិខ្មែរ និងវៀតណាម ៥ នាក់ ហើយសមត្ថកិច្ចកំពុងសាកសួរនៅសាលាស្រុកឱរ៉ាល់ ប៉ុន្ដែជនសង្ស័យទាំង ៥ នាក់នោះមិនទាន់បានឆ្លើយសារភាពថា ពួកគេធ្វើការឲ្យក្រុមហ៊ុនណា ឬមានអ្នកណានៅពីក្រោយខ្នងនៅឡើយទេ។
លោក មន្នីរ៉ាត់ ថ្លែងថា៖ «មន្ត្រីជំនាញយើងបានសួរនាំមនុស្សទាំង ៥ នាក់ហ្នឹង តែគាត់អត់ឆ្លើយប្រាប់ថា ពួកគាត់ធ្វើការឲ្យអ្នកណា ឬមានអ្នកណាខ្លះនៅពីក្រោយ។ អ៊ីចឹង ខ្ញុំអត់ទាន់មានព័ត៌មាន ឬលទ្ធផលអ្វីច្រើនប្រាប់ទៅកាសែតទេ ហើយក៏មិនទាន់មានអ្នកធានាតាមផ្លូវច្បាប់លើកម្មករទាំង ៥ នាក់ដែរ ហើយឥឡូវនេះ យើងព្យាយាមសួរគាត់ ដើម្បីប្រមូលព័ត៌មានបន្ថែមសិន»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងពីម្សិលមិញថា ជនសង្ស័យទាំង ៥ នាក់ (វៀតណាម ២ នាក់) ធ្លាប់ត្រូវបានធ្វើការអប់រំណែនាំកន្លងមកហើយ ប៉ុន្ដែពួកគាត់មិនបានស្ដាប់តាមការណែនាំនេះទេ។
លោក ភក្ត្រា ថ្លែងថា៖ «ការឃាត់ខ្លួននេះ ខ្ញុំមិនទាន់ច្បាស់នៅឡើយគឺប្រហែលជាពាក់ព័ន្ធអន្តោប្រវេសន៍ខុសច្បាប់ ព្រោះការបើកអាជីវកម្មនេះគឺស្ថិតនៅក្នុងដីឯកជនទេ ប៉ុន្ដែអាជីវកម្មគ្មានច្បាប់ ហើយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានធ្វើការអប់រំណែនាំហើយ ដោយពួកគាត់ដកខ្លួនទៅវិញ តែក្រោយមកទៀត ពួកគាត់មកម្ដងទៀត ប៉ុន្ដែពេលចុងក្រោយនេះ សមត្ថកិច្ចបានចាប់ខ្លួន ដោយអាចពាក់ព័ន្ធរឿងអន្តោប្រវេសន៍»។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយអះអាងថា មិនទទួលបានព័ត៌មានច្បាស់លាស់។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បានរកឃើញទីតាំងខួងយកថ្មម៉ាបខុសច្បាប់របស់ជនជាតិវៀតណាមចំនួន ៦ កន្លែងនៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្រោងដាក់ពាក្យបណ្ដឹងទៅក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ប៉ុន្ដែមន្ត្រីថាចាត់វិធានការរួចរាល់ហើយ ។
លោក ជា ហ៊ាន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកបានរកឃើញទីតាំងខួងយកថ្មម៉ាបរបស់ជនជាតិវៀតណាមចំនួន ៦ កន្លែង ដែលខួងជម្រៅទៅក្រោមប្រមាណពី ៥០ ទៅ ៦០ ម៉ែត្រ នៅទីតាំងខាងលើនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយមានជនល្មើសសរុបចំនួន ៤ នាក់ (ខ្មែរម្នាក់)។ ដោយពួកគេបានធ្វើការខួងរយៈពេលជាង ១០ ថ្ងៃមកហើយ ដោយមិនទាន់មានការហាមឃាត់ពីអាជ្ញាធរ។
លោកបញ្ជាក់ថា៖ «ពេលខ្ញុំទទួលព័ត៌មានពីពលរដ្ឋ ខ្ញុំបានទៅដល់កន្លែងនោះផ្ទាល់ ហើយក៏បានសួរនាំរឿងផ្លូវច្បាប់ថា តើការខួងហ្នឹងមានច្បាប់អនុញ្ញាតត្រឹមត្រូវឬអត់? អ៊ីចឹងជនជាតិវៀតណាមម្នាក់គាត់ថា មានបទបញ្ជា ០១ ហើយខ្ញុំបានឲ្យគាត់បង្ហាញបទបញ្ជាហ្នឹង ឬលិខិតធ្វើអាជីវកម្មផ្សេងៗទៀត គាត់អត់បង្ហាញខ្ញុំទេ បន្ទាប់មកយប់ឡើង គាត់បានលួចយកវត្ថុតាងមួយចំនួនជម្លៀសចេញពីទីតាំងដែលខ្ញុំរកឃើញហ្នឹង ហើយក៏រត់គេចខ្លួនបាត់ ២ នាក់ រីឯ ២ នាក់ទៀតត្រូវបានយើងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនៅនឹងកន្លែង»។
លោកបន្តថា បញ្ហានេះលោកបានធ្វើការជាមួយមន្ត្រីជំនាញធ្វើកំណត់ហេតុ និងរៀបចំរបាយការណ៍ដើម្បីបញ្ជូនទៅក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដើម្បីចាត់អធិការកិច្ចរបស់ក្រសួងនីមួយៗឲ្យចុះស៊ើបអង្កេតក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីខិលខូចដែលមិនអនុវត្តច្បាប់ និងក្រុមជនខិលខូច។
ពលរដ្ឋម្នាក់នៅក្នុងតំបន់នោះដែលដឹងករណីនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា គាត់បានឃើញជនជាតិវៀតណាម ៣ នាក់ និងខ្មែរម្នាក់បានដឹកម៉ាស៊ីនខួងថ្មម៉ាបនៅថ្ងៃទី ១៥ ខែវិច្ឆិកា មកដាក់នៅទីតាំងនេះ ហើយរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ពួកគេចាប់ផ្ដើមខួងយកថ្មម៉ាបនៅក្នុងតំបន់នោះ ប៉ុន្ដែមិនឃើញមានសមត្ថកិច្ចចុះបង្ក្រាបទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់ស្គាល់ពួកគាត់ទេ គ្រាន់តែឃើញពួកគាត់ធ្វើការជាមួយគ្នា ហើយខ្ញុំអត់ដឹងទេថា ពួកគាត់មកធ្វើការខួងកន្លែងហ្នឹងមានច្បាប់ ឬអត់? ប៉ុន្ដែឮអ្នកភូមិនិយាយតៗគ្នាថា ប៉ូលិសបាននិយាយជាមួយកម្មករនោះថា បើមានច្បាប់អនុញ្ញាតធ្វើទៅ តែបើគ្មានច្បាប់ទេ មិនអាចធ្វើបានទេ។ ខ្ញុំដឹងតែប៉ុណ្ណឹង»។
លោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានថ្លែងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានចុះត្រួតពិនិត្យកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ដោយបានរឹបអូសវត្ថុតាងទាំងអស់យកមករក្សាទុកនៅស្នាក់ការបរិស្ថានខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់។
លោកបញ្ជាក់ថា៖ «ការពិត អ្នកដែលយើងជួបជជែកដោះស្រាយហ្នឹង គឺជាកម្មករគេទេ អ៊ីចឹង យើងរង់ចាំថៅកែពួកគាត់មកជួបដោះស្រាយគ្នា ដោយយកឯកសារពាក់ព័ន្ធមកបំភ្លឺឲ្យបានត្រឹមត្រូវ។ លើសពីនេះសមត្ថកិច្ចយើងនៅតែបន្តតាមដានសកម្មភាព ដើម្បីចៀសវាងកុំឲ្យមានបទល្មើសនៅកន្លែងផ្សេងទៀត»៕