ភ្នំពេញៈ សកម្មជនស្ត្រីបឹងកក់ និងសហគមន៍ថ្មគោលរួមទាំងអ្នកលក់ប៉ឺតប៉ោងសរុបចំនួន ១០ រូបត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីម្សិលមិញខណៈដែលពួកគេ និងពលរដ្ឋប្រមាណ ១០០ នាក់ផ្សេងទៀតទៅធ្វើពិធីបួងសួងនៅមុខពន្ធនាគារព្រៃស (ម២) ដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងតំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី ដែលត្រូវតុលាការចាប់ឃុំខ្លួនទាំង «អយុត្តិធម៌» នាពេលថ្មីៗនេះពាក់ព័ន្ធនឹងសំណុំរឿងដែលមជ្ឈដ្ឋានជាច្រើនយល់ថាជារឿងនយោបាយ។
សកម្មជនដីធ្លីប្រមាណ ១០០ នាក់បានទៅឈរនៅមុខពន្ធនាគារព្រៃស ២ និងបានលើកបដាទាមទារឱ្យដោះលែងសកម្មជនដីធ្លី និងមន្ត្រីសិទ្ធិមនុស្សដោយអ្នកខ្លះកាន់ផ្កាឈូក ប៉ឺតប៉ោង ទង់ជាតិ ទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះ។ តែនៅម៉ោងប្រមាណជា ៩ ព្រឹក សន្តិសុខខណ្ឌដង្កោ និងកម្លាំងសមត្ថកិច្ចប្រមាណ ១០០ នាក់បានឃាត់ខ្លួន ១០ នាក់ក្នុងនោះរួមមានលោកយាយ ង៉ែត ឃុន អាយុ ៧៦ ឆ្នាំ (ហៅយាយ ម៉ាំ មី) នៅតំបន់បឹងកក់ សហគមន៍ថ្មគោល ៥ នាក់គឺអ្នកស្រី ភួង សុភាព,ខៀវ សាវី សុខ រស្មី, ជាវ ស្រីនិច និងអ្នកស្រី មាស ស្រីពៅ និងអ្នកលក់ប៉ឺតប៉ោងឈ្មោះ សេង ធី ធឿន បញ្ញា ២២ ឆ្នាំ ពៅ វិជ្ជា អាយុ ១៧ ឆ្នាំ និង ជុំ សុពិនកែវ អាយុ ១៥ ឆ្នាំ។
ក្នុងអំឡុងពេលឃាត់ខ្លួនលោកយាយ ង៉ែត ឃុន បានរងរបួសថ្លោះចង្កេះដោយសារសមត្ថកិច្ចក្រៀកគាត់ឡើងរថយន្តបញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកលក់ប៉ឺតប៉ោង ៤ នាក់ត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមកប៉ុន្តែសកម្មជនដីធ្លី ៦ នាក់មិនទាន់ត្រូវបានដោះលែងនៅឡើយទេគិតរហូតមកដល់ម៉ោងដែលកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយកាលពីយប់មិញ។
លោក សេង ធី អាយុ ៥៥ ឆ្នាំ ជាជនពិការភ្នែកប្រកបរបរលក់ប៉ឺតប៉ោងតាំងពីឆ្នាំ ១៩៩៣ ថ្លែងថាលោកមិនមែនជាអ្នកចូលរួមនោះទេគឺគ្រាន់តែមកលក់ប៉ឺតប៉ោងទៅតាមអតិថិជនដែលបញ្ជាទិញប៉ុណ្ណោះ។
លោកថា៖ «អតិថិជនណាត់ខ្ញុំឱ្យមកធ្វើប៉ឺតប៉ោងក្នុងវត្តហើយខ្ញុំចាប់ផ្តើមបូមបានជាង ១០០ ប៉ឺតប៉ោងក៏សមត្ថកិច្ចទៅណែនាំប្រាប់ខ្ញុំឱ្យឈប់សប់ប៉ឺតប៉ោងហើយមេគាត់មកបញ្ជាថាមកសប់ប៉ឺតប៉ោងអីនៅកន្លែងហ្នឹងហើយខ្ញុំថាខ្ញុំអត់ដឹងផងខ្ញុំអ្នកលក់ប៉ឺតប៉ោងតែគេជួលខ្ញុំទៅកន្លែងណាក៏ទៅដែរព្រោះប៉ឺតប៉ោងអត់ប៉ះពាល់រឿងនយោបាយ ឬគណបក្សផង»។
តែលោកថាសមត្ថកិច្ចគ្រាន់តែនាំខ្លួនលោកទៅធ្វើកំណត់ហេតុ និងអនុញ្ញាតឱ្យលោកត្រឡប់មកផ្ទះវិញនៅម៉ោងប្រមាណជា ១២ ថ្ងៃត្រង់។
សកម្មជនបឹងកក់កញ្ញា សុង ស្រីលាភ ដែលទើបតែត្រូវបានដោះលែងពីពន្ធនាគារកាលពីពេលថ្មីៗនេះបានស្រែកតាមឧគ្ឃោសនសព្ទទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើមន្ត្រីអាដហុក និងតំណាងរបស់ខ្លួនអ្នកស្រី ទេព វន្នី។
កញ្ញាថា៖ «មន្ត្រីអង្គការសង្គមស៊ីវិលមិនបានប្រព្រឹត្តអ្វីខុសទេធម្មតាឱ្យតែមានជនរងគ្រោះទៅសុំឱ្យជួយគាត់តែងតែជួយ។ អ៊ីចឹងបើសិនជាចាប់ខ្លួនគាត់ត្រូវតែចាប់ខ្លួនស្រីមុំ (ស្ត្រីត្រូវគេថាជាស្រីកំណាន់លោក កឹម សុខា) ដែរ ដែលជាដើមហេតុទៅរកឱ្យមន្ត្រីសង្គមស៊ីវិលជួយអ៊ីចឹងគួរតែទម្លាក់ការចោទប្រកាន់ និងផ្តល់សេរីភាពឱ្យគាត់បានវិលមកជួបជុំក្រុមគ្រួសារវិញ»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីអធិការខណ្ឌដង្កោលោក ជឹម ស៊ីថា បានទេជុំវិញការឃាត់ខ្លួននេះខណៈលោកថាជាប់រវល់។
តែអ្នកនាំពាក្យសាលារាជធានីលោក មាន ចាន់យ៉ាដា បានថ្លែងថាការឃាត់ខ្លួនគឺជាសមត្ថកិច្ចរបស់អាជ្ញាធរខណ្ឌដង្កោដើម្បីរក្សាសណ្តាប់ធ្នាប់។
លោកបន្ថែមថា មួយវិញទៀតសកម្មជនទាំងនោះបានបំពាននឹងការហាមរបស់អាជ្ញាធរ។ «ជាក់ស្តែងព្រឹកមិញគាត់ធ្វើសកម្មភាពដោយគ្មានការសុំច្បាប់ ឬគោលការណ៍ពីសាលារាជធានីគាត់មិនចេះធ្វើអីស្រេចតែចិត្តអ៊ីចឹងទេក្នុងសង្គមមួយមានច្បាប់គឺត្រូវឱ្យមានការគោរពច្បាប់តែគាត់តែងតែព្រហើនបំពានច្បាប់ជាពីរទៅបីដង»។
ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានថ្លែងថាចំណាត់ការរបស់អាជ្ញាធរនាពេលនេះគឺជាការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋខណៈពួកគេប្រមូលផ្តុំដោយសន្តិវិធីស្របទៅតាមច្បាប់ដែលមានចែង។
លោកថា៖ «ពួកគាត់ជួបជុំគ្រាន់តែដើម្បីបួងសួងបង្ហោះប៉ឺតប៉ោងឱ្យដោះលែងអ្នកស្រី ទេព វន្នី និងសកម្មជនសិទ្ធិមនុស្សទាំង ៥ នាក់គឺជាសេរីភាពរបស់ពលរដ្ឋហើយកាលណាអាជ្ញាធរទៅចាប់ដោយគ្មានហេតុផលអ៊ីចឹងគឺជាការបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ»។
ទាក់ទងនឹងអាជ្ញាធរឃាត់ខ្លួនអ្នកលក់ប៉ឺតប៉ោងវិញលោក សំអាត ថ្លែងទាំងអស់សំណើចថា៖«អាជ្ញាធររហូតឃាត់អ្នកលក់ប៉ឺតប៉ោងវាហាក់បីដូចជាខ្លាចពេកបើសិនជារដ្ឋាភិបាលអនុវត្តច្បាប់ហើយគោរពសិទ្ធិមនុស្សមិនចាំបាច់ខ្លាចទេព្រោះប៉ឺតប៉ោងមិនមែនជាអាវុធ ឬជាគ្រាប់បែកអាចផ្ទុះបណ្តាលឱ្យប៉ះពាល់ទៅដល់ (សាធារណៈ) ឯណា»។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤ រូប អគ្គលេខាធិការរង គជប ១ រូប និងមេឃុំគណបក្សប្រឆាំង ១ រូបត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិត សូកប៉ាន់សាក្សីកាលពីអំឡុងខែឧសភាពាក់ព័ន្ធនឹងរឿងស្នេហារបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយ។
ចំណែកអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាសកម្មជនដីធ្លីលេចធ្លោនៅតំបន់បឹងកក់ត្រូវបានតុលាការចោទប្រកាន់ពីបទជេរប្រមាថអ្នករាជការសាធារណៈដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ ថ្ងៃ និងបង់ប្រាក់ពិន័យម្នាក់ ៨ ម៉ឺនរៀលនៅពេលពួកគាត់ធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ។
ក្រោយមកតុលាការដោះលែងអ្នកស្រី បូវ សោភា នៅថ្ងៃទី ២២ ខែសីហាខណៈអ្នកស្រី ទេព វន្នី មិនត្រូវបានដោះលែងទេដោយតុលាការចោទមួយករណីទៀតពាក់ព័ន្ធនឹងហិង្សាក្នុងឆ្នាំ ២០១៣ ខណៈអ្នកស្រីបានច្រានចោលការចោទនេះដោយអះអាងថាអាជ្ញាធរជាអ្នកប្រព្រឹត្តហិង្សាលើក្រុមអ្នកតវ៉ារបស់អ្នកស្រី៕