កោះកុងៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានកៀរគរពលរដ្ឋឲ្យធ្វើការតវ៉ាដើម្បីស្នើសុំទៅថ្នាក់លើអន្តរាគមន៍បណ្តេញបុគ្គលិកអង្គការមាតាធម្មជាតិចេញពីភូមិ ដោយចោទថា តែងតែញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឲ្យតវ៉ា រាំងស្ទះការអភិវឌ្ឍនៅក្នុងភូមិ ស្របពេលដែលពលរដ្ឋបាននិងកំពុងនាំគ្នាតវ៉ាមិនឲ្យក្រុមហ៊ុនឯកជនដែលធ្វើការបូបខ្សាច់ពេលផុតអាជ្ញាប័ណ្ណ។
យោងទៅតាមលិខិតរបស់អាជ្ញាធរភូមិកោះស្រឡៅ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា ក្នុងនាមជា មេភូមិ-សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងភូមិកោះស្រឡៅ ស្នើឲ្យសមត្ថកិច្ចឃុំកោះកាពិ សមត្ថកិច្ចស្រុកកោះកុង សមត្ថកិច្ចខេត្តកោះកុងបណ្តេញបុគ្គលិកអង្គការមាតាធម្មជាតិឲ្យចេញពីភូមិកោះស្រឡៅ។
នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថា៖ «នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ពួកបុគ្គលិកអង្គការមាតាធម្មជាតិចូលមកអុជអាល ញុះញង់ប្រជាពលរដ្ឋ បំបែកបំបាក់ជាបក្ខពួក អនាធិបតេយ្យ ខូចសណ្តាប់ធ្នាប់មិនគោរពច្បាប់ ធ្វើឲ្យរារាំងស្ទះការអភិវឌ្ឍក្នុងភូមិ។ យើងខ្ញុំដែលបានទទួលការជួយឧបត្ថម្ភកសាងអំពីក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ដែលសង់សំណង់ក្នុងការធ្វើសំណង់ក្នុងអាជីវកម្មបូមខ្សាច់បច្ចុប្បន្ន នៅក្បែរមូលដ្ឋានជាប់ព្រំប្រទល់ដោយគ្មានការប៉ះពាល់ដីរដ្ឋបាលរបស់យើងខ្ញុំឡើយ»។
លោក ហេង សំអឿន មេប៉ុស្តិ៍ឃុំកោះកាពិ មានប្រសាសន៍ថា លោកមិនដែលមានគំនិតចង់បណ្តេញពលរដ្ឋ ឬសមាជិកអង្គការមាតាធម្មជាតិ ចេញពីភូមិទេ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះទៅសួរនាំបុគ្គលិកអង្គការនោះពុំមានឯកសារអ្វីសម្គាល់ទាំងអស់សូម្បីតែអត្តសញ្ញាណប័ណ្ណខ្មែរ ហើយគាត់តែងតែញុះញង់ពលរដ្ឋឲ្យទៅធ្វើការហាមឃាត់ក្រុមហ៊ុន Internatioal Rain bow Co.,Ltd ដល់ទៅបីលើកគឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនអន់ចិត្តឈប់ធ្វើផ្លូវឲ្យ ពលរដ្ឋ។
លោកបន្តថា៖ «គេបូមខ្សាច់មែន ប៉ុន្តែគេអភិវឌ្ឍភូមិដូចជាធ្វើផ្លូវ ៧០០ ម៉ែត្រឲ្យប្រជាជនប្រើប្រាស់ បើកមន្ទីរពេទ្យឥតគិតថ្លៃ ព្រមទាំងសាលារៀនឲ្យកូនអ្នកភូមិរៀនទៀត ហើយក្រុមហ៊ុនក៏គេថាគេបូមខ្សាច់មានអាជ្ញាប័ណ្ណ ប៉ុន្តែខ្ញុំមិនបានទៅពិនិត្យមើលទេ»។
លោកបានបន្តថា ក្រុមហ៊ុន គេតែងតែផ្អាកការបូមខ្សាច់មិនធ្វើការតវ៉ាជាមួយនឹងពលរដ្ឋ និងបុគ្គលិកអង្គការដែលដេញគេមិនឲ្យខ្សាច់នោះទេ ហើយរហូតមកទល់ពេលនេះក៏ពុំមានការបូមខ្សាច់ដែរ។ ដូច្នេះនៅក្នុងភូមិនេះមានពលរដ្ឋខ្លះក៏ពេញចិត្ត ដូច្នេះហើយបានជាមានភាពប្រទូសរ៉ាយគ្នា។
លោកថា ៖ «យើងមិនបានបណ្តេញគេចេញទេ គឺគ្រាន់តែធ្វើការសួរនាំគេតែប៉ុណ្ណោះ»។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង លោក ធុច នាង បានឲ្យដឹងថា ចំពោះ ក្រុមហ៊ុន បូមខ្សាច់ឈ្មោះ International Rainbow Co.,Ltd ដែលធ្វើការបូមខ្សាច់នោះលោកពុំដឹងថា តើមានអាជ្ញាប័ណ្ណដែរឬអត់នោះទេ? លោកថ្លែងថា ៖«រឿងនេះទាក់ទងទៅនឹងក្រសួង»។
សមាជិកអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ក្រុមមាតាធម្មជាតិមិនដែលមានគំនិតញុះញង់ពលរដ្ឋឲ្យប្រឆាំងអាជ្ញាធរទេ តែពួកគេមានឆន្ទៈខ្លួនឯងក្នុងការការពារធនធានធម្មជាតិ ពីព្រោះក្រុមហ៊ុនចុះបូមខ្សាច់មិនព្រមបង្ហាញអាជ្ញាប័ណ្ណក្នុងការបូមខ្សាច់។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលមានក្រុមអង្គការសង្គមស៊ីវិល ឬមាននរណាម្នាក់ទៅជួយការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋដែលរស់នៅ ឬរងគ្រោះ អាជ្ញាធរមូលដ្ឋានតែងតែបង្កភាពមិនពេញចិត្ត»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ ខែមេសា បុគ្គលិកអង្គការមាតាធម្មជាតិ ដឹកនាំប្រជាពលរដ្ឋនៅក្នុងភូមិកោះស្រឡៅតវ៉ាបណ្តេញក្រុមហ៊ុនបូមខ្សាច់ឈ្មោះ internationalRainbow Co.,Ltd ដែលចោទថា ធ្វើអាជីវកម្មខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន៕