ព្រះសីហនុៈ ពលរដ្ឋ​ជិត​ ១០០ ​គ្រួសារ​ ស្ថិតក្នុង​ឃុំ​អណ្តូងថ្ម និង​ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នាំគ្នា​ទៅ​ដាក់​ឯកសារ​កាន់កាប់ និង​អាស្រ័យផល​ជាក់ស្តែង​យូរ​ឆ្នាំ​លើ​ដី​គម្រប​ព្រៃឈើ នៅឯ​សាលាឃុំ តាម​ការប្រកាស​របស់​រដ្ឋបាលខេត្ត ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មិន​ទទួល​ដោយ​ថា ដី​នោះ​កំពុង​មាន​ទំនាស់​។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើឱ្យ​អាជ្ញាធរ​ទទួល​សំណើ​ពលរដ្ឋ​យក​ទៅ​ពិនិត្យ​សិន​។

លោក​ យូ វាសនា តំណាង​ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៥ តុលា ថា បញ្ហា​នេះ​ថ្នាក់ឃុំ ប្រាប់​ឱ្យ​ទៅ​សួរ​ថ្នាក់​ខេត្ត នៅពេល​សួរ​ទៅកាន់​ថ្នាក់​ខេត្ត ខាង​ខេត្ត​ថា ឱ្យ​សួរ​ទៅកាន់​ខាង​មន្ទីរ​កសិកម្ម​។ ហេតុនេះ ចំពោះ​បញ្ហា​ដែល​ពលរដ្ឋ​បាន​ជួប​គឺ​មិនដឹងថា ត្រូវ​ជួប​ខាង​ណា​ដើម្បី​មាន​ដំណោះស្រាយ​នោះទេ​។

លោក​ វាសនា ​ថ្លែង​ថា​៖ «​និយាយ​រួម​ទៅ​យើង​មិន​យល់​អំពី​ដំណាក់កាល​របស់​ខេត្ត​។ គាត់​ចេញ​លិខិត​ជូនដំណឹង​ហើយ បែរ​ជា​មក​ប្រជុំ​ជា​សម្ងាត់​ឱ្យ​បិទ​ពី​ការប្រថាប់ត្រា​ជូន​ប្រជាពលរដ្ឋ​ទៅវិញ​»​។

បើ​តាម​លោក​ វាសនា ចំណុច​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការជឿ​ទុកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត គឺ​ប្រជាពលរដ្ឋ​បាន​ទទួល​បណ្ណ និង​រស់នៅ​អាស្រ័យផល​ច្រើន​ឆ្នាំ​ហើយ​បែរ​ជា​មិន​ទទួលយក​ជា​ផ្លូវការ​។ ប៉ុន្តែ​បណ្ណ​របស់​អ្នក​មានអំណាច​ធំៗ​មិន​បាន​តាំង​នៅ​អាស្រ័យផល​ផង បែរ​ជា​ផ្លូវការ​ទៅវិញ ហេតុ​នេះ​ធ្វើឱ្យ​ជម្លោះ​ដីធ្លី​មាន​បញ្ហា​រុំារ៉ៃ​រហូត​មក​ដល់​បច្ចុប្បន្ន​។

លោក​ សំ សុផាត តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​អូរត្រជាក់ចិត្ត​ស្ថិត​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃនប់ ឱ្យ​ដឹងថា អាជ្ញាធរ​ឃុំ​មិន​ព្រម​ទទួល​យក​ពាក្យ​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​នោះ ដោយ​សំអាង​ថា ប្រជាពលរដ្ឋ​មិន​បាន​ចុះ​និយាមការ ចុះ​ឯកសារ​ដី​បាន​ត្រឹមត្រូវ​។ បើ​តាម​លោក​ សុផាត មកដល់​ថ្ងៃទី​ ៥ ខែ​តុលា​នេះ ប្រជាពលរដ្ឋ​កំពុង​សរសេរ​និយាមការ​ដើម្បី​យក​ពាក្យ​ទៅ​ដាក់​ម្តងទៀត​។

ប៉ុន្តែ​លោក​ ហ៊ី អាន មេឃុំ​សំរុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ៥ តុលា ថា អាជ្ញាធរ​ឃុំ​មិន​អាច​ទទួលស្គាល់​ពាក្យ​របស់​ពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ភ្នំ​ត្រងោល ភូមិ​អូរត្រជាក់ចិត្ត​ទេ ព្រោះ​ដី​នោះ​ជា​ដី​ដែល​អាជ្ញាធរ​ខេត្ត​ហាមឃាត់​។

លោក​ថា​៖ «​ដី​នោះ​មិនមែន​ខ្ញុំ​ជា​អ្នក​ហាមឃាត់​ទេ​ប៉ុន្តែ​មាន​សេចក្តី​ជូន​ដំណឹង​ ១ ដែល​ថ្នាក់​ខេត្ត​យកមក​ឱ្យ​ឃុំ​ដោយ​បញ្ជាក់ថា មិនអាច​ឱ្យ​ទទួល​ពាក្យ​ចំពោះ​ដី​ដែល​ត្រូវបាន​ហាមឃាត់​នោះទេ​»​។

ចំណែក​អ្នកស្រី ហែម សម្បត្តិ តំណាង​ពលរដ្ឋ​ក្នុង​ឃុំ​អណ្តូងថ្ម ថ្លែង​ថា ដី​ដែលជា​ប្រជាពលរដ្ឋ​កាន់កាប់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​កន្ល​មក​នេះ អាជ្ញាធរ​ឃុំ​មិន​ព្រម​ទទួល​ពាក្យ​ដើម្បី​ដោះស្រាយ​ជូន​នោះទេ​។ អាជ្ញាធរ​សំអាង​ថា ដី​នោះ​ស្ថិត​ក្នុង​ប្លង់​របស់​គេ​ និង​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​តុលាការ​។

អ្នកស្រី​ សម្បត្តិ ថ្លែងថា​៖ «​ដី​នោះ ខ្ញុំ​កាន់កាប់​មុន​គេ​ធ្វើ​ប្លង់​ទៅ​ទៀត ព្រោះ​ខ្ញុំ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩២ មក​ម្ល៉េះ​។ រហូត​មក​ដល់​សព្វថ្ងៃ ខ្ញុំ​នៅតែ​ថែរក្សា​មើល​ខុសត្រូវ កាប់ឆ្ការ ដាំ​ដំណាំ​។ ប៉ុន្តែ​បែរ​ជា​ត្រូវ លើង កាប់​ត្រាយ​ដុត បំផ្លាញ​អស់​សម្ភារ​របស់​ប្រជាជន​ដែល​ខំ​ថែរក្សា ហើយ​គ្មាន​ឃើញ​ដំណោះស្រាយ​អ្វី​ទាំងអស់​»​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក​ វ៉ាន់ នោ មេឃុំ​អណ្តូងថ្ម ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៥ តុលា ដែរ ថា មិនមែន​អាជ្ញាធរ​ឃុំ​មិន​យល់ព្រម​ទទួល​ពាក្យ​របស់​ពលរដ្ឋ​ទាំងនោះ​ទេ ប៉ុន្តែ​ដី​នោះ​ជា​ដី​មាន​ទំនាស់ ហើយ​ត្រូវ​បាន​គេ​ប្តឹង​ឡើង​តុលាការ​។

លោក​ថា​៖ «​ប្រជាពលរដ្ឋ​ចាប់ដី​ចំ​លើ​ដី​ប្លង់​របស់​គេ ហើយ​គេ​ប្តឹង​ឡើង​តុលាការ ចារ​ឱ្យ​ម៉េច​កើត​។ ដី​ហ្នឹង​បើ​តុលាការ​មិនទាន់​ដោះ​ចប់​ផង ខ្ញុំ​ម៉េច​ហ៊ាន​សម្រេច​»​។

ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក​ ឃាង ភារម្យ បញ្ជាក់​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​ការមិន​ទទួល​ពាក្យ​គឺ​ដោយសារ​ដី​មួយ​ចំនួន​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។ ចំណែក​ដី​ខ្លះទៀត​គឺជា​ដី​ដែល​គេ​មាន​បណ្ណ និង​ដី​ដែល​មាន​ទំនាស់​។

លោក​ ភារម្យ ​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​គួរតែ​សួរ​ទៅកាន់​អាជ្ញាធរ​ឃុំ​ឱ្យ​បាន​ច្បាស់​ថា តើ​ដី​ [​របស់​] ​ខ្លួន​ស្ថិតក្នុង​ទីណា​ឱ្យ​ប្រាកដ ដើម្បី​កុំ​ឱ្យ​មាន​ការយល់ច្រឡំ​ហើយ​នាំគ្នា​ធ្វើការ​តវ៉ា​»​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​ ១០ ខែកញ្ញា បាន​ចេញ​សេចក្តី​ជូនដំណឹង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ និង​អាស្រ័យផល​ជាក់ស្តែង​យូរ​ឆ្នាំ​នៅ​ទីតាំង​ដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូចជា​ដីសម្បទាន​សេដ្ឋកិច្ច ដី​សហគមន៍ ដីព្រៃ​សម្បទាន ដីព្រៃ​មាន​ដីកា​ដកហូត ដីចម្ការ​ឈើ​រដ្ឋ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។ រដ្ឋបាលខេត្ត​ប្រាប់​ពលរដ្ឋ​ឱ្យមក​ដាក់ពាក្យ​ស្នើសុំ​នៅ​តាម​សាលាឃុំ​/​សង្កាត់ ឱ្យបាន​មុន​ថ្ងៃទី​ ១៦ ខែ​តុលា ជា​កំហិត​។

អ្នកស្រី​ ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ​និយាយ​ថា​៖ «​បើសិន អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹងថា ប្រជាពលរដ្ឋ​ធ្លាប់​កាន់កាប់​ប្រើប្រាស់​ដី​នោះ​លោក​គួរតែ​ចុះ​ហត្ថលេខា ហើយ​ចំណារ​បញ្ជាក់​បន្ថែម ថា​ប្រជាពលរដ្ឋ​ពិតជា​បាន​កាន់កាប់​ដី​មែន ប៉ុន្តែ​ការផ្តល់​ឱ្យ​ជា​កម្មសិទ្ធិ ឬ​មិនឱ្យ​គឺជា​ការសម្រេច​ចិត្ត​របស់​ជំនាញ​ក្រោយពី​ពិនិត្យ​ឯកសារ​ទាំងអស់​នោះ​»​។

បើតាម​អ្នកស្រី​ សុធារី ដី​ពលរដ្ឋ​នៅ​ឃុំ​អណ្តូង​ថ្ម​ និង​ឃុំ​សំរុង​ពី​មុនមក​គឺ​ពលរដ្ឋ​ជា​អ្នក​កាន់កាប់​។ ប៉ុន្តែ​ក្រោយ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ពួកគាត់​ក៏ត្រូវ​បាន​ឃ្លាតចេញ​ពី​ទីតាំង​ដី​ទាំងនោះ​។ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​គួរ​បញ្ជាក់ថា ពី​ឆ្នាំ​ណា​ដល់​ឆ្នាំ​ណា ពលរដ្ឋ​បាន​កាន់កាប់ ហើយ​ចាប់ពី​ឆ្នាំ​ណា ដល់ ឆ្នាំ​ណា​ទៀត​ដែល​ពលរដ្ឋ​មិន​បាន​កាន់កាប់​ដី​នោះ​។ បើ​មាន​ឯកសារ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាច​យក​ទៅ​ពិចារណា​ដើម្បី​ដោះស្រាយ​៕