ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ចាក់​ខ្សាច់​ថ្មី​បំពេញ​នៅតាម​កន្លែង​ជ្រលង​ទឹកហូរ​ដែលមាន​ខ្សាច់​ទាប និង​ខ្សាច់​ខ្មៅ​នៅ​ចំណុច​ឆ្នេរ​អូរឈើទាល​ក្នុង​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ដើម្បី​កែលម្អ​សោភណភាព​ឆ្នេរ​ខ្សាច់ ក៏ប៉ុន្តែ​មន្ត្រីខេត្ត​នៅ​មិន​អាច​ប៉ាន់ប្រមាណ​ថា​នឹង​ត្រូវ​ប្រើ​ខ្សាច់​ប៉ុន្មាន​រថយន្ត​នោះទេ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹងថា ការចាក់​ខ្សាច់​នៅលើ​ឆ្នេរ​អូរឈើទាល​នេះ គឺ​ដើម្បី​រៀបចំ​សោភណភាព​ឆ្នេរ​ឱ្យ​មាន​ភាពស្រស់ស្អាត​ដោយ​បំបាត់ចោល​នូវ​ជង្ហុក​ណា​ដែលនាំឱ្យ​មានទឹក​ដក់​។ ​ជាមួយគ្នា​នោះ​ក៏មាន​ការឈូសឆាយ​លុបបំបាត់​កន្លែង​មាន​ខ្សាច់​ពណ៌​ខ្មៅ​មួយចំនួន​ដែល​មើលទៅ​មិនគួរ​ឱ្យ​ទាក់ទាញ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ការដែល​ចាក់​ខ្សាច់​ហ្នឹង​គឺ​យើង​ដឹក​ពី​កន្លែង​ផ្សេងៗ​ដែល​នៅ​ជិតៗ​ហ្នឹង យើង​យក​មក​ចាក់​បំពេញ​កន្លែង​ខ្លះ​ដែល​វា​មាន​សំណឹក​ដោយ​ទឹករលក វា​មាន​ជង្ហុក​មាន​អ៊ីចឹងទៅ យើង​ចាក់​បំពេញ​ដើម្បី​កែលម្អ​សោភណភាព​ទីតាំង​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ហ្នឹង​»​។

យ៉ាងណា​លោក ភារម្យ ប្រាប់ថា ចំពោះ​ការចាក់​ខ្សាច់​បំពេញ​ដើម្បី​រៀបចំ​សោភណភាព​ឆ្នេរ​អូរឈើទាល​នេះ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា​ត្រូវ​ចាក់​ចំនួន​ប៉ុន្មាន​រថយន្ត​នោះទេ ព្រោះ​បច្ចុប្បន្ន ខេត្ត​កំពុង​មាន​ការរវល់​ខ្លាំង​ជាមួយ​ការពារ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​មិនទាន់មាន​របាយការណ៍​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​នេះ​ខេត្ត​របស់​យើង​កំពុង​មមាញឹក​ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​កូវីដ ​១៩»​។

លោក​ តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ពីថ្ងៃ​​ទី​ ២៨ កុម្ភៈ​ថា ការចាក់​ខ្សាច់​លុប​កន្លែង​ទឹក​ដក់​តាម​ឆ្នេរ​អូរឈើទាល​នេះ​ គឺ​ដើម្បី​លុបបំបាត់​កន្លែង​កខ្វក់​ដែល​អាច​ប៉ះពាល់​បរិស្ថាន និង​ខូច​សោភណភាព​ឆ្នេរ​។ ជាមួយ​គ្នា​នោះ​ក៏មាន​ការចាក់ដី​ធ្វើ​ផ្លូវ​ផងដែរ​ដើម្បី​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចាក់​ខ្សាច់​លុប​កន្លែង​ដក់​ទឹក​កន្លែង​កខ្វក់ គគ្រេច​ផ្សេងៗ​ហ្នឹង​អាច​ថា​គេ​លុប​ធម្មតា​ទេ ដើម្បី​កែលម្អ​ឆ្នេរ​ឱ្យ​ស្អាត ប៉ុន្តែ​វា​មាននៅ​ចុង​ឆ្នេរ​អូរឈើទាល​នោះ​មួយទៀត ដែល​កំពុង​ចាក់​ដែរ​អាហ្នឹង គេ​ចាក់ដី​ដើម្បី​ធ្វើ​ផ្លូវ​ប្រប​មាត់សមុទ្រ​រហូត​ជាប់​នៅ​តំបន់​ដែល​វា​ដាច់​ដើម្បី​ភ្ជាប់​ឱ្យមាន​ផ្លូវ​តាម​មាត់សមុទ្រ​រហូត​អាហ្នឹង​​គឺ​នៅ​កន្លែង​ដែល​គេ​តែង​ហៅថា​​ពយ ​៣៩»​។

តាម​ការផ្សាយ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ២៥ ខែ មករា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ខេត្ត​ព្រះសីហនុ​គ្រោង​សាងសង់​ផ្លូវ​ថ្មី​ភ្ជាប់​ចរាចរណ៍​ពី​ឆ្នេរ​សុខា​ទៅ​ឆ្នេរ​អូរ​ឈើទាល ប្រប​តាម​ឆ្នេរ​ពយថ្ម​ពយតាមុយ​មាន​ប្រវែង​ ១ ០៣៤ ​ម៉ែត្រ និង​ទទឹង​ ១០,២៤ ​ម៉ែត្រ​ដែលជា​គម្រោង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

លោក​ សុចិត្រគ្រឹស្នា ថ្លែងថា ការសាងសង់​ផ្លូវ​ថ្មី​នេះ​នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ​។ ក្រៅពី​បង្កើន​សោភណភាព​ក្នុង​ទីក្រុង​ដែលជា​តំបន់​ទេសចរណ៍​ឆ្នេរ​លំដាប់​ខ្ពស់​ប្រចាំ​ប្រទេស​គឺ​ផ្លូវ​នេះ​បាន​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដោយ​​មិនបាច់​ចំណាយពេល​ធ្វើដំណើរ​តាមផ្លូវ​វាង​ពី​ឆ្នេរ​សុខា​ទៅកាន់​ឆ្នេរ​អូរ​ឈើទាល​ដូច​មុន​ទៀត ពោល​គឺ​អាចធ្វើ​ដំណើរ​តភ្ជាប់​រវាង​ឆ្នេរ​ទាំង​ ២ ស្របតាម​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​តែម្ដង​៕