មណ្ឌលគិរីៈ ក្រោយពី​មានការអះអាងថា ​ដី​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បានគេ​បន្ត​រំលោភ​យក​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ អាជ្ញាធរ​បញ្ជាក់​ពី​ម្សិលមិញថា ​សកម្ម​ភាព​ទន្រ្ទាន​យក​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​ពីសំណាក់​ប្រជា​ពលរដ្ឋ​នោះ​ត្រូវ​បាន​ចាត់​វិធានការ​បញ្ចប់​រួចរាល់​ហើយ។

អភិបាល​ក្រុង​សែន​មនោ​រម្យ ​លោក ​ឡុង វិបុល ​បញ្ជាក់ថា ​អ្នកបោះ​ប​ង្គោល​រំលោភ​លើ​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​នោះ ​គឺជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ភ្នំ​ដោះ​ក្រមុំ​ ហើយ​អាជ្ញាធរ​បានឱ្យ​ពលរដ្ឋ​ម្នាក់​នោះ​រុះ​រើ​ចេញ​វិញ​ហើយ។

លោក​បន្ថែមថា​៖ «តាមពិត​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​ហ្នឹង​ ហើយ​គាត់​ក៏​ចេះតែ​បោះ បង្គោល​ឡើងទៅ​លើ​ទៅ​ អ៊ីចឹង​វា​រំលោភ​ក្នុង​ដែន​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌​ដែល​គេ​ចុច​ GPS ទុក​ហើយ ហើយ​ម្សិលមិញ​នេះ ​ខ្ញុំ​បាន​ចុះទៅ​ ហើយ​អារ​បង​គាត់​ព័ទ្ធ​ជុំវិញ ​គាត់​បាន​រុះ​សំណាញ់ ​(ដែក)​ ហើយ»។

លោក​ គ្រើង តុលា​ លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំដោះ​ក្រមុំ​ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ម្សិល​មិញ​ថា​ កាលពី​ថ្ងៃទី ៤​ ខែ ឧសភា ​នេះ ​លោក​ត្រូវបាន​អភិបាលខេត្ត​មណ្ឌល​គិរី ​លោក ​ស្វាយ សំ​អ៊ាង ​ហៅទៅ​ព្រមាន​ចាប់​វ៉ៃខ្នោះ​ បន្ទាប់ពី​លោក​​សរសេរ​រិះគន់​តាម​ហ្វេ​សប៊ុ​កនៅ​ថ្ងៃទី ២ ​ខែ ឧសភា ថា​មាន​អ្នក​លួច​បោះបង្គោល​រំលោភ​យក​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។​ ការរិះគន់​បែបនេះ ​ត្រូវ​លោក​ ស្វាយ សំ​អ៊ាង យល់ ថា​ជាការ​សរសេរ​មិន​ពិត​ និង​មាន​លក្ខណៈ​វាយ​ប្រហារ។

លោក​ តុលា បន្តថា​ ក្រោយ​ការព្រមាន ​១ ថ្ងៃ​ គឺ​នៅ​ថ្ងៃទី ៥ ​ខែ ឧសភា ​នៅពេល​មាន​មន្ត្រី​ខេត្ត​មួយចំនួន​ចុះទៅ​ពិនិត្យ​ផ្ទាល់​ដល់​ភ្នំ​ដោះ​ក្រមុំ ​ក៏បាន​ធ្វើឱ្យ​លោក​ ស្វាយ សំ​អ៊ាង ​ទទួល​ស្គាល់​វិញ​ថា ​ពិតជា​មានការ​បោះបង្គោល​រំលោភ​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​មែន ​ប៉ុន្តែ​លោក​បាន​បញ្ជាឲ្យ​រុះរើ​ការបោះ​បង្គោល​នោះ​ចោល​វិញ​ដែរ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​បាន​រាយ​ការណ៍​ទៅ​ គាត់​អត់​ចាប់​អារម្មណ៍​ទេ ​ខ្ញុំ​រាយការណ៍​តាំងពី​ថ្ងៃទី​ ១១​-​១២ ​ខែ ៤ (មេសា) ​រហូតដល់​ខែ ៥ ​(ឧសភា) ​នេះ​បាន​ខ្ញុំ​រិះគន់ ​អ៊ីចឹង​នៅ​យប់​ថ្ងៃ ៤ ឯកឧត្តម​គាត់​បាន​គំរាម​ខ្ញុំ។ គាត់​ថា​នឹង​បញ្ជា​កងកម្លាំង​ឱ្យមក​ចាប់​ខ្ញុំ តែ​ខ្ញុំ​ថា​រឿង​ចាប់​ខ្ញុំ ជា​រឿង​ធម្មតា​ទេ ​ប៉ុន្តែ​សំខាន់​ឱ្យតែ​ឯកឧត្តម​ដោះ​ស្រាយ​បញ្ហា​នេះ​ ខ្ញុំ​លែង​រិះគន់​ឯកឧត្តម​ហើយ»។

លោក​ គ្រើង តុលា ​អះអាងថា ​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​ ដែល​គេ​បោះ​បង្គោល​ឈើ​រំលោភ​យក​ថ្មី​ៗនេះ ​គឺមាន​ទំហំ​ប្រហែល​ជាង​កន្លះ​ហិកតា និង​ស្ថិត​នៅក្បែរ​កំពូល​ភ្នំ​តែម្ដង ​ហើយ​ជនដែល​រំលោភ​ គឺជា​អ្នកមាន​លុយ ​និង​ជា​មន្ត្រី​រាជការ​ ដែល​ស្គាល់គ្នា​ស្និទ្ធស្នាល​ជាមួយ​មន្ត្រី​មាន​ឋានៈ​ខ្ពង់ខ្ពស់​នៅក្នុង​ខេត្ត​មណ្ឌល​គិ​រី​ ប៉ុន្តែ​លោក​មិន​ស្គាល់​ឈ្មោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ​​ស្វាយ សំ​អ៊ាង​ អភិបាល​ខេត្ត​មណ្ឌល​គិ​រី​បានទេ ​ដោយ​សារ​​លោក​មិន​លើក​ទូរស័ព្ទ ​រីឯ​លោក​ សុក សេ​រ៉ា ​មន្ត្រី​នាំពាក្យ​ខេត្ត​បាន​ប្រាប់ថា​កំពុង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ ​ដូច្នោះ​លោក​មិនអាច​អត្ថាធិ​ប្បាយ​បាន​ទេ។

ភ្នំ​ដោះ​ក្រមុំស្ថិតក្នុង​ក្រុង​សែន​មនោ​រម្យ ​ខេត្ត​មណ្ឌល​គិ​រី​ ត្រូវបាន​រដ្ឋាភិបាល ​ចេញ ស.ជ.ណ ​កាលពី​ឆ្នាំ​ ២០០៤ ​ដើម្បី​កំណត់​ជា​មជ្ឈ​មណ្ឌល​វប្បធម៌​ជនជាតិ​ដើម ​នៅ​លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន​ ១០២​ ហិកតា ​ដែល​ក្រុម​សហ​គមន៍​ជន​ជាតិ​ដើម​បញ្ជាក់ថា​ លាត​សន្ធឹង​ចាប់ពី​ជើង​ភ្នំ ​ចង្កេះភ្នំ ​និង​ដល់​កំពូល​ភ្នំ។

ប៉ុន្តែ​ក្រោយៗ​មក ​ភ្នំ​នេះត្រូវគេ​ចូលទៅ​ទន្ទ្រាន​យក​ធ្វើជា​កម្ម​សិទ្ធិ​ឯកជន ​ដោយមាន​ពលរដ្ឋ​ខ្លះ​សាងសង់​ជា​ផ្ទះ​នៅ​និង​ខ្លះទៀត​បើក​ជា​កន្លែង​ច្រៀង​ខារ៉ាអូខេ​ជាដើម​ រហូត​ធ្វើឱ្យ​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​នៅពេល​បច្ចុប្បន្ន ​កាន់តែ​រួមតូច​ជាង​មុន។

កាលពី​ថ្ងៃទី ២៨ ​ខែ កុម្ភៈ​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌល​គិ​រី ត្រូវ​ដកហូតយក​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​មក​គ្រប់គ្រង​ជា​សម្បត្តិ​រួម​វិញ ​ដោយ​មិនត្រូវ​ខ្លាច​អ្នកមាន​បុណ្យ​ស័ក្តិ​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​មកដល់​ពេលនេះ​ ការបញ្ជា​របស់​លោក​ហ៊ុន សែន ​ហាក់​មិន​ត្រូវបាន​អនុវត្ត​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ។

លោក ​អ៊ាង ម៉េង​លី ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស (​អាដហុក)​ ប្រចាំ​ខេត្ត​មណ្ឌល​គិរី ​ថ្លែងថា ​អាជ្ញាធរ​ខេត្ត​គួរ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ដីធ្លី​នៅលើ​ភ្នំ​ដោះ​ក្រមុំ​ឱ្យ​បាន​ឆាប់​តាម​ការបញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ​ដើម្បីឱ្យ​ពលរដ្ឋ​ជា​សហ​គមន៍​ជា​ជនជាតិ​ដើម​ភាគ តិច​មាន​​ទំនុក​ចិត្ត ​ព្រោះ​លោ​ក​ថា​ មកដល់​ពេលនេះ ​ដំ​ណើរ​​ការ​ដោះស្រាយ​ពុំទាន់​ចេញ​ជា​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ។​

លោក ​ម៉េងលី និយាយថា​៖​ «អត់​ទាន់​ដឹងថា​ តើ​អាជ្ញាធរ​ខេត្ត ​គាត់​ដោះស្រាយ​ចេញ​លទ្ធផល​ជា​ឯកសារ ​ដើម្បីឱ្យ​សាធារណជន​បានដឹង​បានឃើញ​ថា ​អូ​ខេ ​ដី ១០០​ ឬ ១០៥ ហិកតា ​អ៊ីចឹង​ណា៎ ​ជា​ដីភ្នំ​ដោះ​ក្រមុំ​ជា​ដី​របស់​រដ្ឋ ​ដែល​គេ​ត្រៀម​ចុះបញ្ជី​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក»៕