សៀមរាបៈ រដ្ឋបាល​ព្រៃឈើ​ និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់​ស្វា​មួយ​ចំនួន​ចេញពី​តំបន់​ប្រាសាទ​អង្គរវត្ត​។ ស្វា​ទាំងនោះ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ភាពកោងកាច និង រពឹស​ខ្លាំង​ដែល​ជា​រឿយៗ​បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រាសាទ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

ប៉ុន្តែ​ក្រុម​ជន​ឱកាស​និយម​មួយចំនួន​បាននាំគ្នា​ថត​វីដេអូ​អំពី​សកម្មភាព​នៃ​ការចាប់​ស្វា​ទាំងនោះ ហើយ​បង្ហោះ​នៅ​តាម​ប្រព័ន្ធ YouTube របស់​ពួកគេ ដែល​ធ្វើឲ្យ​អ្នកទស្សនា​មួយ​ចំនួន​មាន​ការយល់ច្រឡំ ហើយ​ចាត់ទុក​សកម្មភាព​នៃ​ការចាប់​ដកហូត​សត្វ​ស្វា​របស់​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ទាំង​ ២ ​ខាងលើ​នេះ​ថា​ជា​ទង្វើ​ «​អសីលធម៌​»​។ ពួកគេ​បាន​រៀបរាប់​ថា ស្វា​ដែល​ត្រូវបាន​ចាប់​ដកហូត​ទៅ​នោះ​មាន​មួយចំនួន​ជា​ស្វាញី​ដែល​កំពុង​បំបៅ​ដោះ​កូន​អាយុ​ ៣ ខែ និង​មួយ​ចំនួន​ទៀត​ជា​ស្វា​ឈ្មោល​ពេញវ័យ​។

អ្នកទស្សនា​ជាច្រើន​បាន​សម្ដែង​ក្ដី​អាណិតអាសូរ​ដល់​កូន​ស្វា​តូចៗ​ដែល​ត្រូវបាន​គេ​ចាប់​មេ​របស់​វា​ទៅ ពួកគេ​ខ្លះ​ថា​កូន​ស្វា​ទាំងនោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ការអត់ឃ្លាន ឬ ពី​ការវាយប្រហារ​ពី​សត្វ​ ឬ​ក្រុម​ស្វា​ដទៃ​ទៀត ព្រោះ​ពួកវា​មិន​អាច​រក​អាហារ​ ឬ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​បាន​នោះ​ទេ​។

កាលពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​បាន​ប្រទះឃើញ​ខ្សែ​វីដេអូ​ចំនួន​ ២ ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​ប្រព័ន្ធ You Tube ដែល​ខ្សែ​វីដេអូ​ទី​ ១ (https://youtu.be/G_iwSO-3JZw) ​បាន​បង្ហាញ​ពី​រូបភាព​សត្វ​ស្វា​ដែល​ត្រូវបាន​គេ​ចាប់​បង្ខាំង​នៅក្នុង​ទ្រង់ ព្រមទាំង​មាន​មន្ត្រី​ជំនាញ​កាន់​រំពាត់​ដើរ​ចាំ​វាយ​ស្វា​ទាំងនោះ ខណៈ​ខ្សែ​វីដេអូ​ទី​ ២ (https://youtu.be/305KNZAwO_A) បានបង្ហាញ​អំពី​កូន​ស្វា​តូចៗ និង មាន​ការសរសេរ​ជា​សារ​ថា មេបា​របស់​វា​ត្រូវ​បាន​អាជ្ញាធរ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ​ចាប់​យក​ទៅ​ដោយសារ​មាន​បណ្ដឹង​ពី​​ប្រជាពលរដ្ឋ​មួយ​ចំនួន​។

ខ្សែ​វីដេអូ​ទី​ ២ ​នេះ​បាន​សរសេរ​ថា​៖ «​អាជ្ញាធរ​អប្សរា​បាន​ចាប់​បំបែក​មេស្វា​ចំនួន​ ២០ ​ក្បាល​ចេញ​ពី​កូនតូចៗ​របស់​ពួកវា ខណៈ​ស្វា​ឈ្មោល​ ២០ ​ក្បាល​ទៀត​ក៏​ត្រូវ​បាន​ចាប់​បំបែក​ពី​ក្រុមគ្រួសារ​របស់​ពួកវា​ដែរ​។ ស្វា​ពេញវ័យ និង​ស្វា​តូចៗ​សរុប​ ៤០ ​ក្បាល​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​នាំ​យក​ទៅ​សម្លាប់​»​។

ជុំវិញ​ករណីនេះ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​បែប​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​របស់​ក្រុម​ជន​ឱកាស​និយម​ទាំងនោះ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ពិតជា​មាន​ការចាប់ដក​ហូត​ស្វា​មួយ​ចំនួន​ចេញពី​តំបន់​អង្គរ ព្រោះ​វា​ជា​ស្វា​កាច និង​រពឹស​ដែល​តែងតែ​បង្កបញ្ហា​ដល់​ភ្ញៀវទេសចរ និង ដំបូល​ប្រាសាទ​របស់​យើង​។ ប៉ុន្តែ​គ្មាន​ការធ្វើ​ទារុណកម្ម ឬ​សម្លាប់​ពួកវា​នោះទេ​»​។

លោក កុសល បាន​ឲ្យ​ដឹងថា​៖ «​ករណីនេះ​សមត្ថកិច្ច​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​គណនី​ YouTube ​នោះ ដើម្បី​សួរនាំ និង​ចាត់​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​»​។

លោក កុសល ថ្លែង​ថា​ស្វា​នៅក្នុង​តំបន់​ប្រាសាទ​អង្គរ​មាន​ច្រើន​ប្រភេទ និង​រាប់ពាន់​ក្បាល​។ សត្វ​ស្វា​ដែល​ស្លូត​គឺ​អាច​ជួយ​ទាក់ទាញ​ទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​បាន​ច្រើន ដោយសារ​តែ​ភាព​ក្រមិចក្រមើម​របស់​វា ប៉ុន្តែ​សត្វ​ស្វា​ដែល​កាច វា​ក៏​បង្ក​នូវ​ហានិភ័យ​ដល់​មនុស្ស​ផងដែរ គឺ​វា​អាច​វាយប្រហារ​មក​លើ​មនុស្ស ដោយ​ការ​ខាំ​ ឬ​ក្រញៅ​។

លោក ព្រាប សុជាតិ មន្ត្រី​ជំនាញ​ផ្នែក​សត្វព្រៃ​នៃ​សួនសត្វ​ភ្នំ​តាម៉ៅ​ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ចាប់​ដកហូត​ស្វា​កាច និង​រពឹស​ពី​តំបន់​ប្រាសាទ​អង្គរ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សត្វ​ស្វា​ដែល​ត្រូវបាន​ចាប់​ដកហូត​ទាំងនោះ​សរុប​មាន​ជាង​ ២០ ​ក្បាល ហើយ​ពួកវា​ត្រូវ​បាន​នាំយក​ទៅ​ដោះលែង​នៅ​ក្នុង​សហគមន៍​ព្រៃឈើ​ភូមិ​ព្រៃខ្លា ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចាប់​តែ​ស្វា​ដែល​កាច និង​រពឹស​ដែល​ត្រូវបាន​កត់សម្គាល់​ជា​ច្រើនដង​ចំពោះ​សកម្មភាព​របស់​វា​មក​លើ​ភ្ញៀវទេសចរ និង​ប្រាង្គ​ប្រាសាទ​របស់​យើង​មួយចំនួន​នាពេល​កន្លង​មក​ប៉ុណ្ណោះ​។ ស្វា​ទាំងនោះ​ភាគច្រើន​នៅក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត អង្គរធំ ទន្លេ​អុំ និង​ប្រាសាទ​បក្សីចាំក្រុង​»​។

ដោយឡែក​នៅ​ថ្ងៃទី​ ៥ ​ខែ​តុលា​ឆ្នាំ​ ២០១៩ ​នគរបាល​ និង​មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​កែវសីមា​ចាប់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ដោយ​រកឃើញ​សត្វ​ស្វា​ ១៣ ​ក្បាល​៕