The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ចុះ​ទប់ស្កាត់​ និង​រឹបអូស​គ្រឿងចក្រ​ដែល​ឈូសឆាយ​លើ​ដី​ទំនាស់

អាជ្ញាធរ​ចុះ​ទប់ស្កាត់​ និង​រឹបអូស​គ្រឿងចក្រ​ដែល​ឈូសឆាយ​លើ​ដី​ទំនាស់

Content image - Phnom Penh Post
សមត្ថកិច្ច​ចុះបង្ក្រាប​ការឈូសឆាយ​ដី​ទំនាស់​ពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​។ រូបថត សហការី

អាជ្ញាធរ​ចុះ​ទប់ស្កាត់​ និង​រឹបអូស​គ្រឿងចក្រ​ដែល​ឈូសឆាយ​លើ​ដី​ទំនាស់

ព្រះសីហនុៈ មន្ត្រី​នគរបាល​បាន​និយាយ​ពី​ម្សិលមិញ​ថា រដ្ឋបាល​ស្រុក​ស្ទឹងហាវ​បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ករណី​ឈូសឆាយ​ដី​កំពុង​មាន​ជម្លោះ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ ៤ ឃុំ​អូរត្រេះ​ដោយ​បាន​ចាប់​រឹបអូស​គ្រឿងចក្រ​ឈូសឆាយដី​ ២ ​គ្រឿង ដើម្បី​ជា​ការ​ព្រមាន​ដល់​គ្រប់ភាគី​ទំនាស់​ទាំងអស់​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​លើ​ដី​ទំនាស់​នេះ​ដោយ​មិន​មាន​ដីកា​សម្រេច​ស្ថាពរ​ពី​តុលាការ​។

លោក ង៉ែត ឡន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរត្រេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​រសៀល​ថ្ងៃ​សៅរ៍​លោក ឆាយ សុគន្ធដារ អភិបាលស្រុក​ស្ទឹងហាវ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រោម​ឱវាទ​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​ករណី​ឈូសឆាយដី​កំពុង​មាន​ទំនាស់​មួយ​កន្លែង​នៅ​តំបន់​វត្ត​អូរដំរី​ស្ថិត​ក្នុង​ភូមិ​ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ដោយ​បាន​រឹបអូស​អាប៊ុល​ (Bulldozer) ១ ​គ្រឿង និង​អាអ៊ិច​ (Excavator) ១ ​គ្រឿង ដើម្បី​ជា​ការ​ព្រមាន​ដល់​ក្រុម​ភាគី​ម្ខាង​នៅក្នុង​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​ខាង​លើ​នេះ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​ល្មើសច្បាប់​ដ៏គឃ្លើន​នេះ និង​រង់ចាំ​ដំណោះស្រាយ​ពី​តុលាការ​។

លោក ឡន និយាយ​ថា​៖ «​ដី​ដែល​កំពុង​មាន​ទំនាស់​ខាងលើ​នេះ​មាន​ទំហំ​ ១៣៥ ​ហិកតា និង​មាន​គូទំនាស់​ជាច្រើន​ភាគី​ពី​តំបន់​ខាង​ក្រៅ​ចូល​មក​ឈ្លោះ​ដណ្ដើម​ដី​ក្នុង​តំបន់​នោះ​ពី​ប្រជាពលរដ្ឋ​ ១៤៩ ​គ្រួសារ​នៃ​សហគមន៍​អូរ​ដំរី ដែល​បាន​ចូល​មក​រស់នៅ​ និង​អាស្រ័យ​ផល​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩៣ មក​ម្ល៉េះ​»​។

បើ​តាម​សម្ដី​របស់​លោក ឡន ភាគី ​ដែល​បាន​នាំ​គ្រឿងចក្រ​ចូល​មក​ឈូសឆាយដី​ទំនាស់​ក្នុង​តំបន់​ខាង​លើ​នេះ​គឺជា​ក្រុម​របស់​អ្នកស្រី ហ៊ឹម សុវណ្ណារី ដែល​អ្នកភូមិ​បាន​ប្ដឹង​សុំ​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ និរាករណ៍​ចោល​នូវ​លិខិត​ទិញ​លក់​ និង​ផ្ទេរសិទ្ធិ​កាន់កាប់​របស់​គាត់​ដែល​មាន​ការទទួលស្គាល់​ដោយ​អាជ្ញាធរ​សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​កាលពី​ឆ្នាំ​ ២០១៥​។

លោក​ ឆាយ សុគន្ធដារ អភិបាលស្រុក​ស្ទឹងហាវ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុម​នេះ​បាន​ចូល​មក​ឈូសឆាយដី និង​សង់ផ្ទះ​តូចៗ​រំលោភ​លើ​អូរ​ធម្មជាតិ​ដោយ​ខុស​ច្បាប់ និង​ប៉ះពាល់​ដី​ប្រជាជន​ដែល​បាន​និង​កំពុង​កាន់កាប់​នៅ​ទី​នោះ​។

លោក សុគន្ធដារ បាន​បញ្ជាក់​ថា​៖ «​ដី​ដែល​គេ​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​នោះ​គឺជា​ដី​ដែល​កំពុង​មាន​ទំនាស់​នៅក្នុង​តុលាការ​។ ការចុះ​បង្ក្រាប​នេះ​គឺ​យើង​ខ្ញុំ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ឯកឧត្តម​គណៈអភិបាលខេត្ត​ដើម្បី​ទប់ស្កាត់ និង​ការពារ​ផលប្រយោជន៍​ដល់​គ្រប់ភាគី​ទំនាស់​ទាំងអស់​ដោយ​ឲ្យ​ពួកគេ​រង់ចាំ​ការដោះស្រាយ​តាម​ផ្លូវ​ច្បាប់​»​។

ជុំវិញ​ករណី​ខាង​លើ​នេះ​​អ្នកស្រី ហ៊ឹម សុវណ្ណារី មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​អ្នកស្រី សួន គឺមហេង ដែល​អះអាង​ថា​ជា​ជំនួយការ​របស់​គាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​ដី​ដែល​ក្រុម​ការងារ​របស់​គាត់​បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​នោះ​គឺ​ស្ថិត​ក្នុង​សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​។

អ្នកស្រី គឹមហេង បាន​បន្ត​​ថា​៖ «​យ៉ាងណា​ក៏ដោយ​ករណី​ចាប់​ឃាត់​គ្រឿងចក្រ​ខាង​លើ​នេះ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយសារ​ខ្ញុំ​ទើប​តែ​ត្រឡប់​ពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​។ ខ្ញុំ​គ្រាន់តែ​ជម្រាប​ថា ទីតាំង​ដី​នៅ​វត្ត​អូរដំរី​នោះ គឺ​ពិត​ជា​ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​មិនមែន​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​នោះ​ទេ​គឺ​យើង​មាន​ឯកសារ​ទិញ​លក់​ស្រប​ច្បាប់​»​។ បើ​តាម​ជំនួយការ​ខាង​លើ​នេះ​អ្នកស្រី​ ហ៊ឹម សុវណ្ណារី គ្រាន់​តែ​ជា​អ្នក​ប្រកបមុខរបរ​ពុះ​ដីឡូត៍​លក់​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​លោក​ ម៉ន ស៊ីណា អាយុ​ ៤៤ ​ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ ១៤៩ ​គ្រួសារ​នៃ​សហគមន៍​អូរដំរី​ដែល​មាន​វិវាទ​ជាមួយ​បុគ្គល​មាន​លុយ​ធំៗ​ចំនួន​ ៤ ​រូប​រួម​​មាន​ឈ្មោះ​ ឌៀប ឆេងស៊ីម ដែល​មាន​កូនស្រី​ជា​តំណាង​ឈ្មោះ​ ហ៊ុយ នាង ម៉ីន ឌិនណាត្យា ហ៊ឹម សុវណ្ណារី និង​ឈ្មោះ​ លី ហុងស៊ីន បាន​អះអាង​ថា​ទីតាំង​ដី​ទំនាស់​នោះ​គឺ​ស្ថិត​ក្នុង​ភូមិ ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​ចំណោម​បុគ្គល​ទាំង​ ៤ ដែល​អះអាង​ថា​មាន​ប័ណ្ណកម្មសិទ្ធិ​នោះ​មាន ​៣ ​ត្រូវ​បាន​សហគមន៍​យើង​ដាក់​ពាក្យ​ប្ដឹងតវ៉ា​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​ ២០១៥ ដោយ​ឡែក​បុគ្គល​ឈ្មោះ លី ហុងស៊ីន ត្រូវ​បាន​ពួកយើង​ប្ដឹង​តាំងពី​ឆ្នាំ ២០១០ ហើយ​បណ្ដឹង​នោះ​កំពុង​បន្ត​មក​ដល់​តុលាការ​កំពូល​»​។

លោក ស៊ីណា បាន​សម្ដែង​ការអបអរសាទរ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ទប់ស្កាត់​ការឈូសឆាយ​ដី​កំពុង​មាន​ជម្លោះ ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​គ្រប់ភាគី​ទំនាស់ ជាពិសេស​គឺ​ភាគី​របស់​លោក​ដែល​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ​នៃ​ជម្លោះ​ដីធ្លី​ខាង​លើ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍