ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ចុះទៅ​បិទ​ទីតាំង​បើក​បន​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ ២ ​កន្លែង​ក្នុង​ភូមិ-សង្កាត់​ស្វាយប៉ាក បន្ទាប់ពី​ក្រុម​អ្នកភូមិ​ជាង​ ១០០ ​នាក់​បាននាំគ្នា​ទៅ​វាយកម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ខែ​មីនា​ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ព្រងើយកន្តើយ​មិន​ចុះបង្ក្រាប​។ នេះ​បើ​តាម​ប្រជាពលរដ្ឋ​នៃ​សហគមន៍​វៀតណាម​ក្នុង​សង្កាត់​ស្វាយប៉ាក​។

លោក​ ទ្រឿង យ៉ាំងឡូ តំណាង​ប្រជា​សហគមន៍​វៀតណាម​ក្នុង​សង្កាត់​ស្វាយប៉ាក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​ហ្គេម​បាញ់​ត្រី​ទាំង​ ២ ​កន្លែង ​ដែល​រង​ការវាយកម្ទេច​ចោល​នោះ​បាន​បង្ក​ឲ្យ​ក្មេងៗ​នៅក្នុង​ភូមិ​គេចវេះ​ពី​ការសិក្សា ហើយ​ចេះតែ​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​គ្រួសារ​មកលេង​ហ្គេម ហើយ​កាលពី​យប់​ថ្ងៃទី​ ១៣ ខែ​មីនា​ មាន​ករណី​មនុស្ស​មួយក្រុម​មាន​គ្នា​ ៦ ​នាក់​​ ចេញ​ពី​ទីតាំង​ល្បែង​នោះ​មក​វាយ​ប្លន់​យក​ទូរស័ព្ទ​របស់​អ្នកភូមិ​ចំនួន ២ ​គ្រឿង និង​កាប់បំផ្លាញ​ម៉ូតូ​អ្នកភូមិ​អស់​ ២ ​គ្រឿង​ថែមទៀត​។

លោក​ថា​៖ «​យើង​បាននាំគ្នា​ទៅប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះមក​បង្ក្រាប​ចាប់ និង​បិទ​ទីតាំង​បនល្បែង​ហ្គេម​បាញ់​ត្រី​ទាំង​ ២ ​ទីតាំង​នោះ ប៉ុន្តែ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះមក​បង្ក្រាប​បិទ​នោះទេ​។ នៅ​ព្រឹក​ថ្ងៃទី​ ១៥ ខែមីនា​អ្នកភូមិ​សម្រេចចិត្ត​នាំគ្នា​ចូលទៅ​វាយកម្ទេច​ទូហ្គេម​នោះ​ចោល​តែម្ដង​»​។

បើ​តាម​លោក យ៉ាំងឡូ ក្រោយពី​អ្នកភូមិ​បាន​នាំគ្នា​ចូល​វាយកម្ទេច​ទូហ្គេម​បាញ់​ត្រី​ទាំង​ ២ ​ទីតាំង​នោះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ចុះ​ទៅ​ពិនិត្យ​អង្កេត ហើយ​បាន​ប្រមូលយក​វត្ថុតាង​ទាំងអស់​ទៅ​ខណ្ឌ ហើយ​បាន​បង្គាប់​ឲ្យ​ម្ចាស់​ទីតាំង​ហ្គេម​នោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។

ទោះយ៉ាងណា​នៅ​ថ្ងៃ​ម្សិលមិញ​អ្នកភូមិ​ដែល​បាន​ចូលរួម​វាយកម្ទេច​ទូហ្គេម​បាញ់​ត្រី​ទាំងនោះ​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​បន្ទាប់ពី​ឮ​សម្ដី​របស់​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​ម្នាក់​ឈ្មោះ ច្រឹង យ៉ាំងប៊ិន និយាយ​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​ពួកគេ​ទៅ​តុលាការ​ពី​បទ «​ចូលលុកលុយ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ខុសច្បាប់​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​ម្ចាស់​ទីតាំង​ហ្គេម​លោក ច្រឹង យ៉ាំង​ប៊ិន​ បាន​ទេពី​ម្សិលមិញ​។

លោក ហ៊ាង ថារ៉េត អធិការ​ខណ្ឌឫស្សីកែវ​ថ្លែង​ថា​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់លោក​ចុះ​បិទ​ទីតាំង​ហ្គេម​បាញ់​ត្រី​នោះ​អស់ហើយ​ថែមទាំង​បាន​រឹបអូស​យក​ទូ​ហ្គេម​ទៅ​កម្ទេចចោល​អស់ហើយ​ដែរ​។

លោក​ថា ថ្វី​ដ្បិត​សកម្មភាព​របស់​អ្នកភូមិ​បានធ្វើ​ហួស​ព្រំដែន​នៃ​ច្បាប់​ ប៉ុន្តែ​បានបង្ហាញ​ពី​ការចូលរួម​នៅក្នុង​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព​៕