កំពង់​ស្ពឺ​ៈ អាជ្ញាធរ​ស្រុក​ឱរ៉ាល់ នៅ​ថ្ងៃ​ទី១៦ ​ខែ​សីហា បាន​​ចុះ​ពិនិត្យ​ទីតាំង​ដីទំនាស់​មួយ​កន្លែង​ ដែល​មាន​ទំហំ ៤៥ ហិកតា ស្ថិត​នៅក្នុង​ភូមិ​​តាំង​​របង ឃុំ​ ហោង​​សំណំ បន្ទាប់​ពីអ្នក​ភូមិ ១៧ គ្រួសារ ព្រម​ទាំង​តំណាង​ក្រុម​ហ៊ុន​យិន​វូ និង​ក្រុមហ៊ុន​ឌ្រីមខហ្វី ដែលជាម្ចាស់​វិវាទ​ក្នុង​សំណុំ​រឿង​ដីធ្លី​នេះ មិន​បាន​ឯកភាព​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​ស្វែង​រក​ដំណោះ​ស្រាយ​ ​កាលពីរ​សៀល​ទី១៥ ខែ​សីហា​។ ​នេះ​បើ​​តាម​ ​លោក មួង ភី អភិបាល​ស្រុក​ឱរ៉ាល់។

លោក​ភី​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១៦ សីហា​​ថា កាល​ពីថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​ ខាង​ភាគី​ក្រុម​ហ៊ុន​យិនវូ និង​ក្រុមហ៊ុន​ឌ្រីមខ​ហ្វី ​បាន​នាំយក​គ្រឿង​​ចក្រ​​ទៅ​ឈូស​ឆាយ​ដីនៅ​ក្នុង​តំបន់​នោះ ក្នុង​គោល​បំណង​ធ្វើការ​អភិវឌ្ឍន៍​ទៅតាម​គម្រោង​ផែន​ការរបស់​ខ្លួន​ ដោយ​សំអាង​​ថាដីនោះ​ក្រុមហ៊ុន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​តាំង​ពីឆ្នាំ​២០០៧​មក​ម្លេ៉ះ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​១៧​គ្រួសារ ដែល​​​បាន​និង​កំពុង​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅក្នុង​តំបន់​នោះ ធ្វើការ​តវ៉ា​និង​រារាំង​មិន​ឲ្យឈូស​ឆាយ ​ដោយ​អះអាង​ថា​ជាដី​ចំការ​របស់​ពួកគាត់។

លោក​បាន​បញ្ជាក់​ថា​៖«​ក្រោយ​ការ​ត្រួត​ពិនិត្យ​ អាជ្ញាធរ​រក​ឃើញ​ថា អ្នក​ភូមិ​១១​គ្រួសារ​ មា​នបង្កាន់​ដៃ​កាន់​កាប់​ដី​ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ ភូមិ-ឃុំ តាំង​ពី​មុន​ឆ្នាំ​ ២០០០​មក​ម្លេ៉ះ ដោយ​ឡែក​អ្នក​ភូមិ​៦​គ្រួសារ​ទៀត​ មិន​មាន​ឯក​សារ​បញ្ជាក់​នោះទេ​»។

លោក បាន​បន្ត​ថា ចំពោះ​ករណី​នេះ អាជ្ញាធរ នឹង​បន្ត​ធ្វើ​ការ​សម្រប​សម្រួល​ ដំណោះ​ស្រាយ​ទៅតាម​ផ្លូវ​ច្បាប់​ ដោយ​គ្រោង​នឹង​​កោះ​អញ្ជើញ​គូ​ទំនាស់​ពាក់​ព័ន្ធ​ទាំង​អស់ មក​ជួប​ប្រជុំ​ដោះ​ស្រាយ​ជា​ថ្មី នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។

លោក​បន្ថែម​ថា​៖«យើង​នឹង​ខិត​ខំ​ធ្វើ​ការ​ដោះ​ស្រាយ ​ករណី​វិវាទដីធ្លីមួ​យ​នេះ ​ឲ្យ​អស់ពី​លទ្ធភាព ​ហើយ​បើ​សិន​ជាពួក​គេ​នៅ​​​​​មិន​ឯកភាព​គ្នាទេ​នោះ យើង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​កាន់​អាជ្ញាធរ​ខេត្ត ដើម្បី​ដោះ​ស្រាយ​បន្ត​តាម​នីតិវិធី​ច្បាប់»៕