ព្រះសីហនុៈ ទីតាំង​សំណង់​កំពង់ផែ​មួយ​កន្លែង​ដែល​សង់​រំលោភ​ចូល​ឆ្នេរសមុទ្រ​គ្មាន​ច្បាប់​ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ​ត្រូវ​បាន​អាជ្ញាធរ​​សម្រេច​ចុះ​វ៉ៃ​កម្ចេច​ បន្ទាប់ពី​មន្ត្រី​ជំនាញ​ជូន​ដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ខ្លួនឯង តែ​មិន​ព្រម​អនុវត្ត​ជា​អ្វី​​ដែល​សង្គម​ស៊ីវិល​យល់​ថា ជា​ការ​ត្រឹមត្រូវ ប៉ុន្ដែ​គួរ​ធ្វើ​នៅ​គ្រប់​កន្លែង​ល្មើសច្បាប់​ដទៃ​ទៀត​ជា​ប្រចាំ ឱ្យ​ដូច​ភ្លៀង​រលឹម​។

លោក ឱ សារឿន អ្នក​នាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា កម្លាំង​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​បាន​ចុះ​ទៅ​អនុវត្ដ​ច្បាប់​បែប​នេះ​គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៤ ខែ​តុលា តាម​បញ្ជា​ពី​លោក យន្ដ មីន អភិបាលខេត្ដ​ព្រះសីហនុ បន្ទាប់ពី​មាន​ការ​ណែនាំ និង​អត់ធ្មត់​ជាច្រើន​លើក​ចំពោះ​ការ​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​។

លោក​បន្ដ​ថា​៖ «​ការ​អនុវត្ដ​នេះ​​គឺ​បាន​ឆ្លងកាត់​ការអត់ធ្មត់​ច្រើន​បំផុត​មក​ហើយ​របស់​អាជ្ញាធរ​។

យើង​មិន​ចង់​ប្រើ​វិធានការ​ទោសទណ្ឌ​អ្វី​សម្រាប់​ពលរដ្ឋ​យើង​ឱ្យ​ហួសហេតុ​ពេក​ទេ​។ គឺថា​យើង​ធ្វើ​ក្នុង​កម្រិត​យើង​អាច​និយាយ​អប់រំ​ណែនាំ​គ្នា​បាន​។ ប៉ុន្ដែ​ការធ្វើ​នេះ​ក៏​សំខាន់​មួយ​ដែរ​សម្រាប់​ពលរដ្ឋ​ដទៃ​ ឬ​ជន​ទាំងឡាយ​ណា​ដែល​មាន​គំនិត​ល្មើស មិន​អនុវត្ដ​ច្បាប់​ឲ្យ​បាន​ល្អ​»​។

គួរ​បញ្ជាក់​ថា​ការចុះ​រុះរើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ចុះ​​អនុវត្ត​កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា​ឆ្នាំ​នេះ​​ទៅលើ​សំណង់​កំពង់ផែ​ដែល​សង់​រំលោភ​យក​ឆ្នេរ​ដោយ​មាន​ម្ចាស់​ឈ្មោះ តាន់ សុខុម ក្នុង​​ភូមិ​៣ សង្កាត់​លេខ​១ ដោយ​ឱ្យ​រុះរើ និង​រក្សា​ឆ្នេរសមុទ្រ​នៅ​ចំណុច​នោះ​ឲ្យ​ដូចដើម​វិញ តែ​មន្ត្រី​ទើប​បាន​ចុះ​អនុវត្ត​។

ម្យ៉ាង​ទៀត​មុន​ដាក់​បញ្ជា​របស់​លោក​ យន្ត មីន នេះ​គឺ​ប្រធាន​ការិយាល័យ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សំណង់​ខេត្ដ​ព្រះសីហនុ​លោក លី ចិត្ដនិយម ក៏​ធ្លាប់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ម្ចាស់​សំណង់​កំពង់ផែ​នេះ​រុះរើ​ដោយ​ខ្លួនឯង​ម្តង​ហើយ​ដែរ​កាល​ថ្ងៃទី​ ១៩ ខែ​កញ្ញា ឆ្នាំ​ ២០១៨ ដោយ​ទុក​រយៈពេល​ ៧ ​ថ្ងៃ ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ​ជាង​ ១ ​ខែ​មក​ហើយ​ម្ចាស់​មិន​បាន​អនុវត្ត​តាម​។

យ៉ាងណា​ក្ដី​លោក គង់ សុផាន់ណ្ណៈ មន្ដ្រីរដ្ឋបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការចុះ​រុះរើ​សំណង់​កំពង់ផែ​ក្នុង​ទីតាំង​សង្កាត់​លេខ​ ១ ​នេះ​គឺ​ទើប​ធ្វើ​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​មិន​ទាន់​រួច​ទាំងស្រុង​ទេ ព្រោះ​មិន​អាច​យក​រថយន្ដ​សម្រាប់​វាយ​កម្ទេច​ចូល​បាន​។

លោក​បាន​បន្ដ​ថា​៖ «​ក្រុម​ការងារ​បាន​ចុះ​ទៅ​អនុវត្ដ​តាម​ ស.ជ.ណ ​របស់​ខេត្ដ​ហើយ​។ ប៉ុន្ដែ​ទីតាំង​សាងសង់​កំពង់ផែ​នេះ​ពិបាក​ក្នុង​ការយក​អេស្កាវ៉ាទ័រ​ចុះ​វាយ​កម្ទេច​យើង​ចុះ​វាយ​កម្ទេច​បាន​មួយ​ចំនួន​គឺ​យើង​ឲ្យ​មនុស្ស​ចុះ​វាយ​កម្ទេច​ប៉ុណ្ណោះ​។ ​ដូច្នេះ​ក្រុមការងារ​ក៏​សម្រេច​ឲ្យ​គាត់​[​ម្ចាស់​] ​រុះរើ​ដោយ​ខ្លួនឯង​បន្ដ​ទៀត​ដោយ​សម្រេច​ទុកពេល​ឲ្យ​គាត់​ចំនួន​ ៥ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ២៤ ខែ​តុលា​តទៅ​»​។

លោក សុផាន់ណ្ណៈ បាន​បញ្ជាក់​​ថា​ការ​ទុកពេល​ ៥ ​ថ្ងៃ​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង​នេះ បើ​មិន​ព្រម​អនុវត្ដ​តាម​ទេ​គឺ​ដល់​ថ្ងៃ​កំណត់​អាជ្ញាធរ​នឹង​ចុះ​ទៅ​ម្ដងទៀត​ហើយ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ចុះទៅ​រុះរើ​។ ប៉ុន្ដែ​បើ​មាន​ប៉ះពាល់​ដល់​ផ្ទះ​របស់​​គាត់​គឺ​អាជ្ញាធរ​នឹង​មិន​ទទួល​​ខុសត្រូវ​ឡើយ​។

ទោះបី​ជា​យ៉ាង​ណា​ការ​អនុវត្ដ​ច្បាប់​ដោយ​វាយកម្ទេច​សំណង់​កំពង់ផែ​នៅ​ចំណុច​សង្កាត់​លេខ​ ១ ​នេះ​ហាក់​បង្ហាញ​ពី​មន្ទិល​ពី​​មូលហេតុ​នៅ​ឡើយ ខណៈ​ទីតាំង​ផ្សេង​ទៀត​ដូចជា​នៅ​តំបន់ឆ្នេរ​ព្រែកត្រែង​ដែល​ក្រុមហ៊ុន​បាន​ចាក់​ដី​លុប​សមុទ្រ ហើយ​មាន​ទាំង​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ដ្រី​ថែម​ទៀត​តែ​អាជ្ញាធរ​នៅតែ​មិន​ទាន់​ចុះ​អនុវត្ដ​ច្បាប់​នោះ​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​ការស្វាគមន៍​ចំពោះ​ការចុះ​អនុវត្ដ​ច្បាប់​រុះរើ​សំណង់​កំពង់ផែ​ដែល​សង់​ខុសច្បាប់​រំលោភ​ចូល​ឆ្នេរសមុទ្រ​នេះ​លោក​យល់​ឃើញ​ថា​អាជ្ញាធរ​មិន​គួរ​អនុវត្ត​តែ​មួយ​កន្លែង​នោះ​ទេ​គឺ ត្រូវ​អនុវត្ដ​ឲ្យ​បាន​គ្រប់​កន្លែង​ចំពោះ​សំណង់​ខុសច្បាប់​នៅ​ក្រុង​ព្រះសីហនុ​នេះ​។

លោក​ថា​៖ «​បើ​រដ្ឋបាល​ខេត្ត​មាន​ចំណាត់ការ​បែប​នេះ​ទៀត ខ្ញុំ​គាំទ្រ​ដែល​ចុះ​អនុវត្ដ​វិធានការ​ក្ដៅ​លើ​អ្នក​សាងសង់​រំលោភ​ចូល​ឆ្នេរសមុទ្រ​របស់​រដ្ឋ​នេះ​។ ប៉ុន្ដែ​សូម​កុំ​ធ្វើ​តែ​មួយ សូម​ឲ្យ​ធ្វើ​ជា​បន្ដបន្ទាប់​រហូត​ទៀត​។ ពីព្រោះ​ការរំលោភ​បំពាន​លើ​ឆ្នេរសមុទ្រ ចាក់ដី​លុប​សមុទ្រ​នេះ​មិនមែន​មាន​តែ​មួយ​កន្លែង​នេះ​ទេ គឺ​នៅ​មាន​ជាច្រើន​កន្លែង​ជា​បន្ដបន្ទាប់​ទៀត​»​។

លោក សុខុម បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​វិធានការ​នេះ​ធ្វើ​ឱ្យ​ដូច​ភ្លៀងរលឹម ធ្វើ​ឲ្យ​បាន​ជា​បន្ដបន្ទាប់​រហូត​តទៅ​។ ​កុំ​ធ្វើ​ដូច​ភ្លៀង​មួយ​មេ​ខែប្រាំង ហើយ​រាំង​បាត់​ទៅ​វិញ​នោះ​។ មិន​ត្រូវ​ធ្វើ​កន្លែង​មួយ ហើយ​ទុក​ឱ្យ​កន្លែង​ផ្សេង​ដុះ​រីក​ដូច​ផ្សិត​ទៀត​នោះ​ទេ​»​។

បើ​តាម​ការបញ្ជាក់​ពី​លោក សុខ សុខុម ក្រៅពី​នេះ​ទៀត​គឺ​​ករណី​ក្រុមហ៊ុន​ឯកជន​ចាក់ដី​លុប​ឆ្នេរ​ស្ថិត​ក្នុង​តំបន់ឆ្នេរ​ព្រែកត្រែង​ដែល​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​បាន​បញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ហើយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​កាយ​យក​ដី​ចេញ​វិញ​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​មិន​ត្រឹមតែ​មិន​បាន​កាយ​ដី​ចេញ​វិញ​ទេ តែ​ថែម​ទាំង​ធ្វើ​របង​ព័ទ្ធជុំវិញ​បន្ថែម​ទៀត​ផង​។

ទាក់ទង​នឹង​ការ​មន្ទិល​ខាង​លើ​នេះ​លោក ឱ សារឿន បាន​លើក​ឡើង​ថា​៖ «​ក្រុមមន្ដ្រី​ជំនាញ​តែងតែ​ឃ្លាំមើល​រហូត​ហ្នឹង​ក្រែង​ការអនុវត្ត​របស់​គាត់ (​ក្រុមហ៊ុន​ចាក់​ដី​លុប​ឆ្នេរ​) ​នៅ​មាន​បន្ដ​ទៀត​ដែរ​​ ឬ​អី បើ​នៅ​មាន​យើង​នឹង​មាន​វិធានការ​បន្ត​ទៀត​។ បើ​ក្រុមហ៊ុន​គាត់​ទទួល​បាន​សិទ្ធិ​រៀបចំ​ ឬ​​វិនិយោគ​នោះ យើង​មិន​អាច​ទៅ​បង្ខំ​គាត់​ឲ្យ​គាត់​ត្រូវ​តែ​ធ្វើ​ម៉េចៗ​ទេ នេះ​ជា​រឿង​លទ្ធភាព​របស់​​ខ្លួន​គាត់​»​។

លោក​បន្ថែម​ថា​៖ «​គោលការណ៍​របស់​យើង​សំខាន់​អ្វី​ដែល​ជា​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ចុះ​ឲ្យ​យើង​ចុះ​អនុវត្ដ​ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​គាត់​សន្យា​ថា​អនុវត្ដ អ៊ីចឹង​គឺជា​រឿង​មួយ​ចប់​សព្វ​គ្រប់​សម្រាប់​យើង​ហើយ​។ ព្រោះ​គាត់​បាន​សន្យា​ទៅ​តាម​អ្វី​ដែល​យើង​បាន​ផ្ដល់​ជូន​គាត់​អស់​ហើយ​»៕