កំពតៈ ក្រុមការងារគណៈកម្មការចម្រុះខេត្តកំពតនៅថ្ងៃទី ២៦ ខែមករា បានចុះពិនិត្យ និងស្រង់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៥៩ ខ្នងនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន សូ ងួន គ្រុប។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចុះពិនិត្យ និងស្រង់ស្ថិតិចំនួនខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានធ្វើឡើងបន្ទាប់ពីអ្នកភូមិកាលពីល្ងាចថ្ងៃទី ២៥ ខែមករា បានឡើងទៅប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្ត និងរាយការណ៍ប្រាប់លោកអភិបាលខេត្តថា ក្រុមហ៊ុន សូ ងួន គ្រុប បានប្រើកម្លាំងកម្មករចូលរុះរើលំនៅឋានរបស់ពួកគាត់អស់ជាច្រើនខ្នង និងឈូសឆាយផលដំណាំរបស់គាត់អស់ជាច្រើនហិកតា។
លោកបានថ្លែងថា៖ «តាមការពិនិត្យជាក់ស្ដែង អ្នកភូមិទាំងនោះរស់នៅលើដីព្រៃសម្បទានរបស់រដ្ឋដោយខុសច្បាប់ ដែលត្រូវបានធ្វើប្រទានកម្មទៅឱ្យក្រុមហ៊ុន សូ ងួន គ្រុប»។ បើតាមលោក រិទ្ធិ កន្លងមកអាជ្ញាធរខេត្តបានផ្ដល់ដំណោះស្រាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះរួចមកហើយ ប៉ុន្តែអ្នកភូមិមួយចំនួននៅតែបន្តការកាប់រាន និងសង់ផ្ទះរំលោភចូលទៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន។
ទោះយ៉ាងណានៅពេលនេះក្រុមការងារថ្នាក់ខេត្តបានសម្រេចឱ្យក្រុមហ៊ុនផ្អាកសកម្មភាពរុះរើផ្ទះ និងឈូសឆាយផលដំណាំរបស់អ្នកភូមិទាំងនោះជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយជាថ្មីពីថ្នាក់ខេត្ត។
អ្នកស្រី ទូច ស្រីម៉ៅ អាយុ ៤៥ ឆ្នាំ តំណាងប្រជាពលរដ្ឋ ១០៧ គ្រួសារ ក្នុងភូមិព្រៃពាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងរយៈពេល ២-៣ ថ្ងៃកន្លងមកនេះ ក្រុមហ៊ុន សូ ងួន គ្រុប បានប្រើកម្លាំងកម្មករចុះរុះរើផ្ទះប្រជាពលរដ្ឋនៅចំណុចថ្លាន់ ១០០ អស់ចំនួន ១០ ខ្នង និងឈូសឆាយផលដំណាំជាច្រើនហិកតា។
អ្នកស្រីបានបន្តថា៖ «អាជ្ញាធរចុះមកថ្ងៃនេះគឺមិនមានដំណោះស្រាយជាដុំកំភួននោះទេគឺបានត្រឹមតែកត់ឈ្មោះ និងស្រង់ស្ថិតិចំនួនខ្នងផ្ទះប៉ុណ្ណោះ»។
បើតាមអ្នកស្រី ទូច ស្រីម៉ៅ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំងដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សូ ងួន គ្រុបបានរៀបរាប់ថា ដំបូងឡើយមានពលរដ្ឋតែចំនួន ២០ គ្រួសារប៉ុណ្ណោះដែលបានចូលមករស់នៅក្រោយការធ្វើសមាហរណកម្មខែ្មរក្រហមនៅចុងឆ្នាំ ១៩៩៨។ លុះមកដល់ឆ្នាំ ២០០០ និង ២០០៤ ក៏មានប្រជាពលរដ្ឋ ២០ គ្រួសារទៀតចូលមករស់នៅ ហើយនៅចុងឆ្នាំ ២០១៥ ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ គ្រួសារទៀតបានចូលមករស់នៅបន្តទៀត។
អ្នកស្រីបានបន្តថា៖ «ប៉ុន្តែក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះស្រាប់តែមានចលនាពលរដ្ឋមកពីណាទេ ចំនួន ២២៦ គ្រួសារ បានចូលមកកាប់រាន និងសង់ខ្ទមរស់នៅយ៉ាងអនាធិបតេយ្យក្នុងតំបន់នោះបង្កឱ្យមានបាតុភាពវិវាទដីធ្លីកើតឡើង»។
ទោះយ៉ាងណាលោក សូ ងួន ប្រធានក្រុមហ៊ុន សូ ងួន គ្រុប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុនរបស់លោកទទួលបានដីសម្បទានពីរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាប់តាំងពីឆ្នាំ ២០១៥។ លោកបានបញ្ជាក់ថា ដូច្នេះការចូលមករស់នៅរបស់ប្រជាពលរដ្ឋមុនឆ្នាំ ២០១៥ គឺបានដោះស្រាយ ដោយការកាត់ឆ្វៀលរួចរាល់ហើយ តាមរយៈសារាចរលេខ ០១។ ចំណែកប្រជាពលរដ្ឋដែលទើបចូលមករស់នៅក្រោយឆ្នាំ ២០១៥ គឺជាការបង្កអរិភាពដល់ដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុន។
លោក សូ ងួន ថ្លែងថា៖ «ក្រុមហ៊ុនយើងចង់បញ្ចប់បញ្ហាវិវាទដីធ្លីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអភិវឌ្ឍដីក្នុងតំបន់នោះទៅតាមផែនការរបស់យើងដែលបានគ្រោងទុក។ ការពន្យារពេលដំណោះស្រាយនាំឱ្យវិវាទកាន់តែរីកធំ និងខាតបង់ចំណូលពន្ធរដ្ឋកាន់តែច្រើន»៕