បាត់ដំបងៈ អាជ្ញាធរ​មូលដ្ឋាន​បាន និង​កំពុងមាន​វិធានការ​អប់រំ​ដល់​ពលរដ្ឋ​ពី​ការប្រើប្រាស់​ម្សៅ​ថ្នាំ​គីមី ក្រោយពី​ស្ត្រី​ជា​កម្មករ​ម្នាក់​បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​ម្សៅ​ថ្នាំ​គីមី ខណៈ​ដែល​នាង​កំពុង​បុក​ថ្នាំ​នោះ ដើម្បី​យក​ទៅ​បាញ់​ដើម​តាង៉ែន​កាលពី​ថ្ងៃទី​ ១៣ មិថុនា នៅ​ភូមិ​តាគ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌុល ខេត្តបាត់ដំបង​។

លោក​ ឥន្ទ សៅឫទ្ធិ អភិបាលស្រុក​រតនមណ្ឌល​ប្រាប់​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​បញ្ហា​គ្រោះថ្នាក់​ស្ត្រី​ម្នាក់​ដែល​ស៊ីឈ្នួល​ក្នុង​ចម្ការ​តាង៉ែន​ស្លាប់​នោះ អាជ្ញាធរ​ស្រុក​រតនមណ្ឌល​របស់​លោក​បាននិង​កំពុង​ចាត់វិធានការ​ដោយ​ចាត់ចែង​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​។

លោក​ថា​៖ «​ករណីនេះ​ខ្ញុំ​បាន​ដាក់​វិធានការ​ផ្សព្វផ្សាយ​ហើយ ពិសេស​គឺ​ខ្ញុំ​បាន​ប្រាប់​ដល់​មន្ទីរ​កសិកម្ម​ស្រុក​រតនមណ្ឌល​ឲ្យ​ចុះ​អប់រំ​ដល់​អ្នក​ប្រកប​កសិកម្ម​»​។

លោក​ សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល​ប្រាប់​កាលពី​ថ្ងៃទី​ ១៤ មិថុនា​ ថា ស្ត្រី​រងគ្រោះ​ស្លាប់​ឈ្មោះ យាន យ៉ា អាយុ​ ៣០ ​ឆ្នាំ និង​មាន​ប្តី​ឈ្មោះ ណាន សុខា អាយុ​ ៣២ ​ឆ្នាំ​។ ទាំង​ ២ ​នាក់​ ជា​កម្មករ​ចម្ការ​តាង៉ែន ហើយ​ពួកគេ​ស្នាក់​នៅក្នុង​ភូមិ-ឃុំ​ខាងលើ​។ ចំណែកឯ​ម្ចាស់​ចម្ការ​ឈ្មោះ​ ឈឿង ម៉ៅ អាយុ​ ៥៧ ​ឆ្នាំ​។

លោក​ថ្លែងថា ស្ត្រី​រងគ្រោះ និង​ប្តី​បាន​មក​ធ្វើជា​កម្មករ​ក្នុង​ចម្ការ​តាង៉ែន​ទើបតែ​បាន​ ៥ ​ថ្ងៃ​ប៉ុណ្ណោះ និង​ទទួល​បាន​តម្លៃ​ឈ្នួល​ក្នុង​ ១ ​ថ្ងៃ​ ម្នាក់​ ៣ ​ម៉ឺន​រៀល​។ ពួកគេ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​មាន​មុខងារ​លាយម្សៅ​ថ្នាំ​គីមី ហើយ​យក​ទៅ​បាញ់​ដើម​តាង៉ែន​ដើម្បី​ឲ្យ​ឆាប់​ចេញ​ផ្កា​។

លោក​ថ្លែងថា​៖ «​ស្ត្រី​រងគ្រោះ​គាត់​យក​ម្សៅ​ថ្នាំ​គីមី​នោះ​ដាក់​ក្នុង​ធុង​ស្ពេត្រូ​ហើយ​បុក​ឲ្យ​ម៉ដ្ឋ​តែ​ត្រូវ​ម្សៅ​គីមី​នោះ​ផ្ទុះ​បណ្តាល​ឲ្យ​ត្រូវ​តែម្តង​»​។

លោក​បន្តថា ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ ១ ​កន្លះ​រសៀល​ថ្ងៃ​ទី​ ១៣ មិថុនា​។ មុន​កើតហេតុ​គេ​បានឃើញ​ស្ត្រី​រងគ្រោះ​យក​ការុង​ម្សៅ​ដុំ​ថ្នាំ​គីមី ដែល​មាន​ឈ្មោះ​ ប៉ូតាស្យូមក្លូរីដ ផលិត​នៅ​ប្រទេស​ចិន​មក​ស្រាយ​មាត់​ការុង ហើយ​បាន​យក​ដុំ​ម្សៅ​គីមី​នោះ​ទៅ​ដាក់​ក្នុង​ធុង​ប៉េត្រូ​ដើម្បី​បុក​ឲ្យ​ម៉ដ្ឋ​បំណង​យកទៅ​លាយ​ជាមួយ​ទឹក​សម្រាប់​បាញ់​ដើម​តាង៉ែន​ដើម្បី​ឲ្យ​ឆាប់​ចេញ​ផ្កា​។ ប៉ុន្តែ​ពេល​ស្ត្រី​រងគ្រោះ​កំពុង​បុក​ដុំ​ម្សៅ​គីមី​នោះ​នៅ​ក្រោម​ដើម​តាង៉ែន​ស្រាប់តែ​ផ្ទុះ​ឡើង​តែម្តង​។

លោក​បន្ថែមថា ក្រោយ​កើតហេតុ​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​ថា នៅ​ដើម​តាង៉ែន​ត្រូវ​បាក់មែក និង​ជ្រុះ​ស្លឹក​ស្ទើរ​អស់​មួយ​ចំហៀង​ដើម ដោយសារ​កម្លាំង​ផ្ទុះ​។ រីឯ​មនុស្ស​បាន​ខ្ទាត​ចេញ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​ ២ ​ទៅ​ ៣ ​ម៉ែត្រ​។ ចំពោះ​សាកសព​វិញ ពី​ក្បាល​ដល់​ចង្កេះ​ត្រូវ​សុសសាច់ ហើយ​ត្រឹម​ចង្កេះ​ចុះ​មក​ក្រោម​ត្រូវ​បែកសាច់​ទាំង​ដុំៗ និង​ដាច់​ឆ្អឹង​ត្រង់​ជង្គង់​ចុះក្រោម​ខ្ទេច​សុសសាច់​តែម្តង​។

លោក​ថា បើ​តាម​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ធ្វើការ​ក្នុង​ចម្ការ​តាង៉ែន​ដែរ ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​រងគ្រោះ​ធ្លាប់​ប្រាប់​គាត់​ថា នាង​ធ្វើការ​ជា​កម្មករ​ចម្ការ​តាង៉ែន​នៅ​ប្រទេស​ថៃ​ ១០ ​ឆ្នាំ​។ នាង​ក៏មាន​បទពិសោធ​ក្នុង​ការលាយថ្នាំ​គីមី​បាញ់​ឲ្យ​តាង៉ែន​ឆាប់​ចេញ​ផ្កា​ដែរ​។ ​ប៉ុន្តែ​ដោយសារ​នៅ​ប្រទេស​ថៃ​មាន​ជំងឺ​កូវីដ​១៩ ទើប​ស្ត្រី​រងគ្រោះ​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​ទើបតែ​ចូល​ធ្វើ​កម្មករ​ក្នុង​ចម្ការ​កើតហេតុ​បាន​ ៥ ​ថ្ងៃ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​ម្ចាស់​ចម្ការ​វិញ​លោក​អធិការ​មិនបាន​បញ្ជាក់​ថា តើ​គាត់​នឹង​មាន​ចំណែក​ទទួល​ខុសត្រូវ​ក្នុង​ហេតុការណ៍​នោះ​យ៉ាងណាទេ​។ តែ​សមត្ថកិច្ច​មួយរូប​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល​ស្នើ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ករណីនេះ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ម្ចាស់​ចម្ការ​តាង៉ែន​នោះទេ ព្រោះ​ជា​ឧបទ្ទវហេតុ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។ តែ​ម្ចាស់​ចម្ការ​ក៏​ជួយ​ចេញ​សំណង​មួយ​ចំនួន​ក្នុង​ការចាត់ចែង​ពិធី​បុណ្យសព​ដែរ​៕