សៀមរាបៈ អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបានចែកអង្ករ ៥០ តោន ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២ ៦៦៨ គ្រួសារ តាមភូមិឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រីដែលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងថា អង្ករទាំងនោះបានមកពីការបង្កបង្កើនផលលើផ្ទៃដីស្រៃចំនួន ៤០ ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហៅថាស្រែសង្គម។
លោកថ្លែងថា៖ «នេះគឺជាផ្លែផ្កានៃការរួមកម្លាំងសាមគ្គីគ្នា លើការប្រវាស់ដីស្រែចំនួន ៤០ ហិកតា ជាមួយប្រជាពលរដ្ឋ ៨៨ គ្រួសារ នៅក្នុងឃុំព្រះដាក់ ថែមទាំងទទួលបានការចូលរួមឧបត្ថម្ភពូជ ការចំណាយ និងកម្លាំងពលកម្មស្ម័គ្រចិត្តពីសំណាក់មន្ទីរកសិកម្ម សប្បុរសជន និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក»។
បើតាមលោក ឃឹម ហ្វីណង់ គម្រោងនេះធ្លាប់ទទួលបានទិន្នផលចំនួន ៨៤ តោន និងបានធ្វើការបែងចែកជាបណ្តើរៗជូនដល់ម្ចាស់ស្រែ ប្រជាពលរដ្ឋទីទ័លក្រ និងជនរងគ្រោះពីទឹកជំនន់ក្នុងរយៈកាលកន្លងមក ហើយត្រូវបានចែកជូនបញ្ចប់នៅលើនេះ សរុបទាំងអស់មានចំនួន ២ ៦៦៨ គ្រួសារដោយក្នុង ១ គ្រួសារទទួលបានចំនួន ២០ គីឡូក្រាម។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបថ្លែងថា ដោយសារតែការរាតត្បាតនៃមេរោគ កូវីដ ១៩ បានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ស្របពេលដែលវិស័យទេសចរណ៍ក៏ធ្លាក់ចុះ។
លោកអភិបាលខេត្តថ្លែងថា ដោយហេតុនេះ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើ «ស្រែសង្គម» ដើម្បីយកអង្ករមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់នេះ ដែលនេះគឺជាសកម្មភាពគំរូមួយដ៏ល្អមួយ និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលានៅពេលដែលពួកគាត់មានតម្រូវការខ្លាំង៕