បាត់ដំបងៈ ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ និង​អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​ ​នឹង​ចុះ​ស្រាវ​ជ្រាវ​លម្អិត​អំពី​ទំនាស់​ដីធ្លី​រវាង​ឧក​ញ៉ា ​លឹម​ ​ទា​ឡេង ​និងអ្នក​ស្រី ​ចាន់​ ហឿ ​នៅ​ថ្ងៃ​ចន្ទនេះ ​បន្ទាប់​ពី​មាន​បញ្ជា​របស់​លោក​នាយក​រ​ដ្ឋ​មន្ត្រី​ ​ខណៈ​សមាជិក​ឧ​ត្ត​មក្រុម​​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​សង្ស័យ​ថា ​ទំនាស់​ដីធ្លី​អាយុ​កា​ល​ជាង​ ១០ ​ឆ្នាំ​នេះ​ ​គឺ​មាន​ការ​បំភ្លៃ​អង្គ​ហេតុ​ដើម្បី​ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណ​កម្ម​លើ​ពលរដ្ឋ​ទន់ខ្សោយ។​

​អា​ជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​នៅ​ថ្ងៃ​ម្សិល​មិញ​បញ្ជាក់​ថា អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ក្នុង​ខេត្ត​បាត់​​ដំបង​ នឹង​ចុះ​ពិនិត្យ​និង​ស្រាវ​ជ្រាវ​ដោះ​ស្រាយ​ករណី​ដីធ្លី​ស្ថិត​ក្នុង​ភូមិ​កុយ​វែង​ ​ឃុំ​ព្រះ​ផុស​ ​ស្រុក​គាស់​ក្រឡ ​ខេត្ត​បាត់​ដំបង​ចាប់​ពី​ថ្ងៃទី​ ៥​ ខែ​សីហា។​

ការ​ប្រកាស​ចុះ​ដោះ​ស្រាយ​នេះ ​បន្ទាប់​​ពី​លោក​ ហ៊ីង​ ​ថូ​រ៉ា​ក់​ស៊ី ​រដ្ឋ​លេខា​ធិ​ការ​​ប្រចាំ​ការ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​ ៣១ ​ខែ​ កក្កដា​ បាន​ផ្ញើ​លិខិត​មួយ​ប្រាប់​ទៅ​លោក ​ជា​ ​សុផា​រ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូ​ប​នី​យក​ម្ម​ ​និង​សំណង់​ ​និង​ជា​ប្រ​ធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ ដែល​លោក​នាយក​​រដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន ​បា​ន​ចារ​លើ​លិខិត​មួយ​ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ ​កក្កដា​ ​សម្រេច​ឱ្យ​លោក​ ​ជា​ សុផារ៉ា​ ពិនិត្យ​ និង​ដោះ​ស្រាយ​ដីធ្លី​នៅ​ខេត្ត​បាត់​ដំបង​ដែល​បាន​លើក​ឡើង​ដោយ​ប្រធាន​គណ​បក្ស​ខ្មែរ​ក្រោក​លោក សុខ​ សុវណ្ណ​វ​ឌ្ឍ​នា​សា​ប៊ុង​។​

លិខិត​នោះ​សរសេរ​ថា ​«​សូម​ជម្រាប​ជូន​ឯក​ឧត្តម​ ​ឧប​នាយក​​រដ្ឋ​មន្ត្រី​ (​ជា​ ​សុផារ៉ា)​ ជ្រាប​ថា ​ករណី​ទំនាស់​ដីធ្លី​ជា​មួយ​នឹង​ការ​បំភ្លៃ​អង្គ​ហេតុ​ដើម្បី​ឃុំ​ខ្លួន​និង​ការ​ធ្វើ​ទារុណ​កម្ម​លើ​បុគ្គល​ ស្ថិត​នៅ​ភូមិ​សាស្ដ្រ​ ឃុំ​ព្រះ​ផុស​ ​ស្រុក​គាស់​ក្រឡ​ ​ខេត្ត​បាត់​​ដំបង​ ​ដែល​បាន​លើក​ឡើង​ដោយ​ប្រធាន​ប្រតិ​ភូ​គណ​បក្ស​ខ្មែរ​ក្រោក រាជ​រដ្ឋាភិ​បាល​ឯក​ភាព​ប្រគល់​ជូន​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ពិនិត្យ​និង​ដោះស្រាយ»។​

ទោះ​ជា​យ៉ាង​ណា​ បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​បំភ្លឺ​ពី​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​បញ្ជាក់​ថា កាល​ពី​មិន​ទាន់​បង្កើត​ស្រុក​គាស់​ក្រឡ​ ​ស្រុក​នេះ ​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់​​គ្រងរ​បស់​យោធ​ភូមិ​ភាគ​​ទី​ ៥ ហើយ​នៅ​ក្រោយ​ពេ​ល​មាន​ការ​សាងសង់​អគា​រដ្ឋ​បាល​ផ្សេង​ៗ​​​ដើម្បី​បង្កើត​បាន​ទៅ​ជា​ស្រុក​ ខាង​យោធ​ភូមិ​ភាគ​ទី​ ៥​ ​ក៏​បាន​ប្រគល់​ដី​ចំនួន​ ៦០០ ​ហិក​តា ​ទៅ​ឱ្យ​ឈ្មោះ ​លឹម​ ទា​ឡេង​ ជា​ថ្នូ​នឹង​ការផ្ដល់​​ប្រេង​ឥន្ធនៈ​ឈូស​ឆាយ​ដី​ និង​សម្ភារផ្សេងៗ​ ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ជា​ស្រុក។​

​ទំនាស់ដីធ្លី​នេះ​បាន​ផ្ទុះ​ឡើង​ ​បន្ទាប់​ពី​អ្នក​ស្រី ​ចាន់ ​ហឿ ​បាន​ប្ដឹង​ទាម​ទារ​ដី​ ១៥៩ ​ហិក​តា ​ពី​លោក​ លឹម ទា​ឡេង​ ​ដោយ​សំ​​អាង​ថា​ បាន​​ទិញ​ដី​​ទាំង​នោះ​ពី​ប្រជា​ពល​រដ្ឋ​តាំង​ពី​ឆ្នាំ ​១៩​៩៧ ដ​ល់​ឆ្នាំ​ ២០០០​ ហើយ​ក្រោយ​មក​ ​ជម្លោះ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ​ចាន់​ ​ហឿ ​ប្រឈម​នឹង​បណ្ដឹង​ព្រហ្ម​ទណ្ឌ ​បន្ទាប់​ពី​ប្រើគោ​យន្ត​ចំនួន​ ២ ​គ្រឿង​ទៅ​ឈូស​ឆាយ​ដំណាំ​របស់​លោក​ ​លឹម​ ទា​ឡេង​ ​និង​បាន​ប្រើ​កម្លាំង​បង្ក​ជម្លោះ​ជាមួយ​កម្មករ​ដាំ​ដំឡូង ។​

​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​ដដែល​បន្ត​ថា​ ទំនាស់​ដីធ្លី​នេះ​ធ្លាប់​ត្រូវ​បាន​គណៈ​កម្មការ​ខេត្ត​បាត់​ដំបង​ដោះ​ស្រាយ​បញ្ចប់​ម្ដង​ហើយ​ក្នុង​ឆ្នាំ​ ២០១៤​ ​ខណៈ​អ្នក​ស្រី ​ចាន់​ ហឿ​ សុខ​ចិត្ត​បញ្ចប់​រឿង​បន្ទាប់​ពី​ទទួល​បាន​ដី​ចំនួ​ន​ ២៣ ​ហិក​តា ​ពី​លោក​ ​លឹម​ ទា​ឡេង​ ប៉ុន្តែ​ក្រោយ​មក ​អ្នក​ស្រី ​ចាន់​ ហឿ​ បាន​ផ្លាស់​ចិត្ត​មិន​ទទួល​យក​ដី​នោះ​វិញ ​និង​បន្ត​ប្ដឹង​មក​ក្រសួង​ដែន​ដី ​រហូត​ធ្វើ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​បាត់​​ដំបង​ចុះ​ទៅ​វាស់​វែង​តាម​ការច​ង្អុលបង្ហាញ​ពី​អ្នក​ស្រី​ចា​ន់​ ហឿ ​និង​រក​ឃើញ​ថា ​ដី​វិវាទ​មាន​រហូត​ដល់​ ៥២៦​ ហិក​តា ​ដែល​ដី​ខ្លះ​ជាន់​គ្នា​លើដី​របស់​ឈ្មោះ ​លឹម​ ​ទា​ឡេង ​និង​ដី​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ទៀត​។​ ​ ​

​​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ដីធ្លី​អះអាង​ថា​ ជុំវិញ​ទំនាស់​ដីធ្លី​នេះ ​អាជ្ញា​ធរ​ខេត្ត​បាន​អញ្ជើញ​អ្នក​ស្រី ​ចាន់ ហឿ ​មក​ចូល​រួម​ដោះ​ស្រាយ​ជា​ច្រើន​លើក​ ​ប៉ុន្តែ​អ្នក​ស្រី​តែង​មិន​ចូល​រួម​តាម​ការ​អញ្ជើញ​ឡើយ។​

​​ប៉ុន្តែ​អ្នក​ស្រី ​ចាន់​ ​ហឿ ​អាយុ​ ៦០​ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​លោក​ ​លឹម​ ទា​ឡេង​ ដែ​ល​មាន​តួនា​ទី​ជា​មន្ត្រី​យោធា​ផ្កាយ​ ៣​ និង​ជា​ឧក​ញ៉ា​ផង​ តែង​តែ​ដឹក​នាំ​កម្លាំង​ទាហាន​ មន្ត្រី​ប៉ូលី​ស​ និង​អង្គរក្ស​​ផ្ទាល់​ខ្លួន​ មក​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​មក​លើ​គ្រួសារ​របស់​អ្នក​ស្រី​បំផ្លា​ញ​​ដំណាំ ​និង​ពេល​ខ្លះ​ទៀត​ មាន​ទាំង​គំរាម​បាញ់​ប្រឡោះ​ជើង​កូន​ប្រុស​ និង​ប្ដី​អ្នកស្រី។​

​អ្នក​ស្រី​បន្ត​ថា​ ​អំពើ​ហិង្សា​វាយ​ជិះ​ជាន់​ដណ្ដើម​ដី​ទាំង​នោះ ​បាន​ធ្វើ​ឱ្យ​ប្ដី​អ្នក​ស្រី​ក្លាយ​ជា​មនុស្ស​បាត់​បង់​ស្មារតី​ហើ​យ​អ្នក​ស្រី​បាន​កើត​មាន​ជំងឺ​ឈឺ​ស្បូន ​ប៉ុន្តែ​ចុង​ក្រោយ​លោក​ ​លឹម​ ទា​ឡេង​ បែរ​ជា​ប្ដឹង​ទៅ​តុលាការ​ចោទ​ប្រកាន់​អ្នក​ស្រី​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ និង​ការ​បំផ្លាញ​ដំណាំ​ទៅវិញ​ រហូត​ធ្វើ​ឱ្យ​អ្នក​ស្រី ត្រូវ​ជាប់​ពន្ធ​នាគា​រ​ចំនួន ​២ ​លើក​ ​គឺ​ក្នុង​ឆ្នាំ ​២០០៧ ​ម្ដង​ ​និង​ឆ្នាំ​ ២០១០ ​ម្ដង។​

អ្នក​ស្រី​ថា៖ ​«​ដោយ​សារ​ការ​ឈឺ​ស្បូន​ និង​នោម​មិន​ចេញ​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ពន្ធនា​គារ​ ខ្ញុំ​បាន​សុំ​មក​វះកាត់​ ​ប៉ុន្តែ​ការ​វះ​​កាត់​នោះ​ គេ​មិន​ដោះ​ច្រ​វាក់​ចេញ​ពី​ជើង​ខ្ញុំ​ទេ​ ខណៈ​អ្នក​ទោស​ផ្សេង​ទៀត​ ដែល​ខ្លះ​ជាប់​​ទោស​ដោយ​សារ​លួច​គេ​អី​ជា​ដើម​ ​បែរ​ជា​គេ​ដោះ​ច្រ​វាក់​ចេញ​ពី​ជើង​នៅ​ពេល​មក​ពេទ្យ»។

​អ្នក​ស្រី ​ចាន់​ ​ហឿ ​គឺ​ជា​អ្នក​តំណាង​របស់​ពលរ​ដ្ឋ​ចំនួន​៣៨​គ្រួសារ​ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​លោក​ ​លឹម​ ទា​ឡេង​។​ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ ភ្នំពេញ​ប៉ុ​ស្ដិ៍មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក លឹម​ ​ទា​ឡេង​ ​បាន​ទេ។

​លោក​ សុខ​ ​សុវណ្ណ​វ​ឌ្ឍ​​នាសា​ប៊ុង​ ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​តាម​ភ័ស្ដុតាង​ដែល​ជា​លិខិត​ចំនួន​ ២ ​សន្លឹក​ ដែល​លោក​ប្រមូល​បាន​ជុំវិញ​ជម្លោះ​ដីធ្លី​នេះ​ គឺ​លិខិត​មួយ​ធ្វើ​ឡើង​ដោយ​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​បាត់​ដំ​បង​ កាល​ពី​ឆ្នាំ ២​០១២​ និង​លិខិត​មួយ​ទៀត​ធ្វើ​ឡើង​ដោយ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៣​ ​បាន​បញ្ជាក់​ដូច​គ្នា​ថា ​ដី​របស់​លោក ​លឹម​ ទា​ឡេង​ ដែល​ទទួល​បានពី​​យោធ​ភូមិ​ភាគ​ទី ៥​ ​គឺ​មិន​ស្ថិត​នៅ​ក្នុង​ភូមិ​កុយ​វែង​ ឃុំ​ព្រះ​ផុស​ឡើយ​ និង​មាន​ចម្ងាយ​ពី​ទីតាំង​មាន​ជម្លោះរហូតដល់​​ ៩ គីឡូម៉ែត្រ។​

​​លោក​ថា​៖ «​អ៊ីចឹង​បាន​ន័យ​ថា​ ​រឿង​កន្លង​មក​ ​ក្លែងប​ន្លំ​ទាំង​អស់​ បន្លំ​អង្គ​ហេតុ​ដើម្បី​ចាប់​​ចង​ជ​នរ​ង​គ្រោះ ​ហើយ​ដី​គាត់ ​(​លឹម​ ​ទា​ឡេង​)​ អត់​នៅ​ហ្នឹង​ផង​ ប៉ុន្តែ​ជន​រង​គ្រោះ​បែរ​​ជា​ជា​ប់​​ពាក់​ព័ន្ធ​នឹង​រឿង​ព្រហ្ម​ទណ្ឌ​​ដោយ​សារ​គាត់​ប្ដឹង​ ​ជាប់​គុក​ ២​៣​ ដង​ ​ដាក់​ច្រ​វាក់​ជើង​ទាំង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​ពេទ្យ»។​

​សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​និង​ពិគ្រោះ​យោបល់​រូប​នេះ​បន្ត​ថា​ លោក​មិន​មែន​ស្នើ​សុំ​ត្រឹម​ការ​សើរើ​ឡើង​វិញ​រឿង​ទំនាស់​ដីធ្លី​ឡើយ ​ប៉ុន្តែ​រួម​ទាំង​សំណុំ​រឿង​របស់​តុលា​ការ​ដែល​អនុវត្ត​ទោស​ដោយ​ដាក់​ច្រវាក់​ជើង​អ្នក​ស្រី​ ​ចាន់​ ​ហឿ ​នៅ​ពេល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ​ដែល​លោក​ចាត់​ទុក​ថា​ ​គឺ​ជា​រូបភាព​ឃោ​រឃៅ​មួយ ​និង​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

​​លោក​ ​ងួ​ត​ ​រតនៈ​ អភិ​បាល​ខេត្ត​បាត់​ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា ​លោក​មិន​អាច​រៀប​រាប់​លម្អិត​រឿង​ដីធ្លី​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាម​ទូរស័ព្ទ​បាន​ឡើយ ​ប៉ុន្តែ​លោក​ថា​ ​សាលា​ខេត្ត​ នឹង​រាយ​ការណ៍​ពិស្ដារ​ និង​លម្អិត​ជូន​ក្រុម​មន្ត្រី​ក្រសួង​ដែន​ដី​ដែល​ចុះ​មក​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ចន្ទ​នេះ។​

លោក​ក៏​បដិ​សេធ​ថា​ ​ករណី​ដីធ្លី​នេះ​ គ្មាន​ការ​ឃុ​ត​ឃិត​គ្នា​ដើម្បី​បន្លំ​អង្គ​ហេតុ​ ​ឬ​ក៏​ការ​ធ្វើ​ទារុណ​កម្ម​ ចំពោះ​អ្នក​ស្រី​ ​ចាន់​ ​ហឿ ​ឡើយ​ ​ពី​ព្រោះ​រឿង​ទំនាស់​ដីធ្លីនេះ គឺ​ត្រូវ​​បាន​ដោះ​ស្រាយ​តាម​រដ្ឋ​ប្បវេ​ណី​ប៉ុណ្ណោះ ​ហើយ​ចំពោះ​​ការ​ដាក់​ទោស​ទណ្ឌ​អ្នក​ស្រី​ ​ចាន់​ ​ហឿ ​ក៏​មិន​មែន​ជា​រឿង​ដីធ្លី​ដែរ ​ប៉ុន្តែ​ជា​ការ​សម្រេ​ច​​​របស់​តុលា​ការ​ដោយ​សារ​មាន​បទ​ល្មើស​ព្រហ្មទណ្ឌ​។​

​លោក​បញ្ជាក់​ថា​៖ «​អ៊ី​ចឹង​កន្លង​ទៅ ​រឿង​របស់​គាត់ ​(​ចាន់ ​ហឿ) ​គឺ​ភាគ​ច្រើន​ជា​រឿង​ព្រហ្ម​​ទណ្ឌ ​អាហ្នឹង​ជា​សមត្ថ​កិច្ច​របស់​តុលាការ​ទេ ​ហើយ​ថា​គេ​ប​ន្លែ (​បន្លំ​)​ រឿ​ង​សំណុំ​រឿង​អ៊ីចឹ​ង​ អាហ្នឹង​មាន​ទោស​ងាប់​ហើយ​ គេ​គឺ​ជា​សមត្ថ​កិច្ច​មួយ​កើត​ឡើង​ដោយ​ច្បាប់។ ​កុំ​សន្និ​ដ្ឋាន (​គ្រាន់​តែ​ឃើញ​រូបភាព​ដាក់​ច្រវាក់​​ជើង​ ហើយ​ថា​ គេ​ធ្វើ​ទារុណ​កម្ម​) សន្និ​ដ្ឋាន​អ៊ី​ចឹង​ម៉េច​ត្រូវ​ ​ មក​ស្រាវជ្រាវ​ទៅ ​មក​សួរ​តុលាការ​ទៅ ​ហេតុ​អី​បាន​មាន​អ៊ីចឹង ហើយ​ការ​អនុវត្ត​ទោស​ទណ្ឌ​ហ្នឹង​ម៉េច​ ព្រោះ​ពន្ធ​​នាគារ​ គេ​មាន​ច្បាប់​គ្រប់គ្រង​ពន្ធនាគារ​ គេ​មាន​ច្បាប់​គ្រប់គ្រង​ពិរុទ្ធជន»។​

​កាល​ពី​ថ្ងៃ​ម្សិល​មិញ ​ភ្នំពេញ​ប៉ុស្ដិ៍​ ក៏​មិន​អាច​ទាក់​ទង​លោក ​យិន​ ម៉េង​លី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​ដែរ​​ ​ប៉ុន្តែ​លោក ​សឹង​ សែន​ករុណា ​មន្ត្រី​នាំ​ពាក្យ​សមា​គម​អាដ​ហុក​បាន​លើក​ឡើង​ថា​ ​ការ​ដាក់​ច្រវាក់​ជើង​អ្នក​ទោស​ដែល​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទី​រពេទ្យ​ គឺ​ជា​រូប​ភាព​អាក្រក់​មួយ​ ដែល​​ជា​ទង្វើ​អមនុស្ស​ធម៌​ ​និង​ធ្វើ​លើស​ពី​ការ​អនុវត្ត​ច្បាប់។​

​លោក​ សែន​ករុណា​ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​ប៉ុន្តែ​ប្រសិន​បើ​យើង​ទៅ​ពិនិត្យ​មើល​រូប​ភាព​ហ្នឹង ​វា​អាក្រក់​មើល​ ព្រោះ​ការ​ដាក់​អ្នក​ជំងឺ​ក្នុង​មន្ទីរ​ព្យា​បាល​ដោយ​ដាក់​ច្រវាក់​អ៊ីចឹង​ ​ក៏​វា​ខុស​ទៅ​នឹ​ង​គោល​ការណ៍​នៃ​អនុ​សញ្ញា​ស្ដីពី​ការ​ប្រឆាំង​អំពើ​ទារុណ​កម្ម​ និង​អំពើ​ឃោរ​ឃៅ​អ​មនុស្សធម៌»។​

លោក​ ករុណា​ បាន​ថ្លែង​ដោយ​សង្ឃឹម​ថា​ ប្រជា​ព​ល​រដ្ឋ​នឹង​ទទួល​បាន​យុត្តិ​ធម៌​ នៅ​ពេល​មាន​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិ​បាល​ឱ្យ​ដោះ​ស្រាយ​រឿង​ទំនាស់​ដីធ្លី​នេះ៕​