សៀមរាបៈ ស្ពាន​បុរាណ​តាអោង​ដែលមាន​អាយុកាល​ប្រមាណ ៩០០ ​ឆ្នាំ​ កំពុង​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ជួសជុល​ស្ដារ​ឡើង​វិញ ក្នុង​ទម្រង់​រចនាប័ទ្ម​ដើម ដើម្បី​រក្សា​ទុកជា​កេរដំណែល​សម្រាប់​មនុស្ស​ជំនាន់​ក្រោយបាន​ទស្សនា​ និង​សិក្សា​ស្រាវជ្រាវ​នូវ​ស្នាដៃ​បុព្វបុរស​ខ្មែរ​។ នេះ​បើតាម​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ដែល​ចូលរួម​ជួសជុល​ស្ដារឡើងវិញ​នូវ​ស្ពាន​បុរាណ​ដ៏ចំណាស់​នេះ​។

លោក ពុទ្ធ សុទ្ធ ប្រធាន​គម្រោង​ជួសជុល​ស្ពាន​តាអោង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ស្ពាន​តាអោង​ជា​ស្ពាន​បុរាណ វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន​ ២៣ លើ​កំណាត់​ផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ​ (​ព្រះខ័ន​កំពង់ស្វាយ​)​។

ស្ពាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​បណ្តោយ​ ៧៥ ​ម៉ែត្រ ទទឹង​ ១៣ ​ម៉ែត្រ កម្ពស់​ ៨ ​ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន​ ១៤ ​ធ្វើ​អំពី​ថ្ម​បាយក្រៀម លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​ ៩ និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំ​កណ្តាល​ក្បាល​នាគ​ធ្វើ​អំពី​ថ្មភក់​។ ដោយ​ផ្អែកលើ​ក្បាច់​ចម្លាក់​បង្កាន់ដៃ​នាគ​នៅ​លើ​តួ​ស្ពាន​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ស្ពាន​នេះ​បាន​សាងសង់​ក្នុង​រចនាប័ទ្ម​បាយ័ន​ក្នុង​ចន្លោះ​ឆ្នាំ ១១៨១-១២២០ ​នៃ​គ្រិស្ដសករាជ​។

ដោយ​រង​ឥទ្ធិពល​នៃ​អាកាសធាតុ និង​សម្ពាធ​នៃ​ទម្ងន់​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​ដែល​បង្ក​ឡើង​ពី​កត្តា​មនុស្ស និង​ធម្មជាតិ​បច្ចុប្បន្ន​ស្ពាន​បុរាណ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដោយ​ផ្នែក​ជាច្រើន​នៃ​តួ​ស្ពាន​សងខាង​បាន​ប្រេះ​ញែក​ចេញ​ពី​គ្នា​។

លោក​បញ្ជាក់​ថា​៖ «​ភាពអច្ឆរិយ​នៃ​សំណង់​ស្ពាន​បុរាណ​នេះ គឺធ្វើ​ឡើង​ពី​ថ្មបាយក្រៀម និង​ថ្មភក់​សុទ្ធសាធ ដូច្នេះ​ដើម្បី​រក្សា​ស្នាដៃ និង​កេរដំណែល​បុព្វបុរស​យើង​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរជាតិ​អប្សរា​យើង​នឹង​ខិតខំ​ជួសជុល​កែលម្អ​ឡើងវិញ​ដោយ​រក្សា​នូវ​គ្រប់​ទម្រង់​នៃ​រចនាប័ទ្ម​ដើម​នៃ​សំណង់​ស្ពាន​បុរាណ​នេះ​»​។

បើតាម​លោក ពុទ្ធ សុទ្ធ នៅពេល​នេះ​ក្រុមការងារ​របស់​លោក​កំពុង​ធ្វើ​ចន្ទល់​ដែក​អប​សសរស្ពាន ដើម្បី​ការពារ​បាក់ស្រុត នៅពេល​រុះរើ និង​ជីក​កាយ​ចេញ​នូវ​ផ្នែក​ដែល​ពុកផុយ និង​ប្រមូល​បំណែក​ថ្ម​ដែល​បាន​ជ្រុះ​ធ្លាក់​មក​ផ្គុំ​ភ្ជាប់​គ្នា​ដើម្បី​រៀបចំ​ដាក់បញ្ចូល​ទៅតាម​ទីតាំង​ដើម​ឡើងវិញ​។ គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១ ដោយ​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិអប្សរា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ​ ២០២១​។

ដើម្បី​សម្រួល​ដល់​ដំណើការ​ជួសជុល​ស្ពាន​បុរាណ​នេះ​គ្រប់​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់​ត្រូវ​បាន​ហាមឃាត់​ធ្វើ​ចរាចរណ៍​ទៅមក​ឆ្លងកាត់​លើ​ស្ពាន​នេះ​។

លោក ពៅ ប៊ុនធឿន អភិបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេលនេះ អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំ​ធ្វើ​ផ្លូវ​វាង​មួយ​អម​តាម​បណ្ដោយ​ស្ពាន សម្រាប់​ឱ្យ​អ្នកភូមិ​បើកបរ​ម៉ូតូ និង គោយន្ត​ឆ្លងកាត់​។ ចំណែក​រថយន្ត​ធុន​ធ្ងន់​មិន​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ឆ្លង​កាត់​តំបន់​នោះទេ​។ លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវ​ហាមឃាត់​ការធ្វើ​ចរាចរណ៍​នូវ​​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​តំបន់​នេះ ព្រោះ​វា​អាច​បង្ក​ឱ្យ​រញ្ជួយ​ដល់​គ្រឹះ​ស្ពាន និង​រំខាន​ដល់​ដំណើរការ​ជួសជុល​ស្ពាន​»​។

បើតាម​លោក ប៊ុនពៅ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម​គាំទ្រ​ចំពោះ​វិធានការ​នានា​ក្នុង​ការថែរក្សា​ការពារ ស្ពាន​តាអោង​នេះ​ជា​រៀង​រហូតមក ដោយ​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ធុន​ធ្ងន់​បើក​ឆ្លងកាត់​ស្ពាន​នេះឡើយ​៕